ជាតិ
រដ្ឋមន្ត្រី​កសិកម្ម ទៅ​ទស្សនកិច្ច​នៅ​ហ្វីលីពីន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការ​បង្កាត់​ពូជ និង​តម្លៃ​ស្រូវ​
17, Jan 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ផ្នែក​ដំណាំ​ស្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣​ថ្ងៃ នៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការ​បង្កាត់​ពូជ និង​តម្លៃ​ស្រូវ​។ ដំណើរ​ទស្សនកិច្ច​នេះ តប​តាម​ការអញ្ជើញ​របស់​ប​ណ្ឌិ​ត Matthew Morell នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ (IRRI)​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 
​ក្នុង​កិច្ចពិភាក្សា​រវាង​ភាគី​ទាំងពីរ នឹង​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​យន្តការ​នៃ​ផលិត​កម្មពូជ​, ការ​បង្កាត់​ពូជ​, ទីផ្សារ​, តម្លៃបន្ថែម​លើ​ផលិតកម្ម​ស្រូវ និង​ការបំពេញ​ខ្សែចង្វាក់​ផលិតកម្ម​កសិកម្ម ដើម្បី​លើកកម្ពស់​ផលិតកម្ម​ដំណាំ​ស្រូវ​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន និង​លោកនាយក​វិទ្យាស្ថាន IRRI នឹង​ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​គ្រាប់ពូជ​របស់់​កម្ពុជា​ផងដែរ​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៦-១៨ មករា​នេះ  លោក វេ​ង សាខុន នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ភាគី​ក្រសួងកសិកម្ម​ហ្វីលីពីន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ទាំងពីរ​។ បន្ទាប់ពី​ការជួប​សម្ដែង​ការគួរសម​ហើយ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​វិទ្យាស្ថាន និង​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​ពី IRRI ដើម្បី​រួមគ្នា​វាយតម្លៃ​វឌ្ឍនភាព​នៃ​គម្រោង IRRI និង​គម្រោង​ពាក់ព័ន្ធ ដែល​បាននិងកំពុង​អនុវត្ត​នៅ​កម្ពុជា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​៕

Tag:
 កសិកម្ម​
  ស្រូវ​
  ទស្សនកិច្ច​
  វេ​ង សាខុន​
  ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com