អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកការបំពុលខ្យល់ និងការប្រែប្រួលអាកាសធាតុជាគ្រោះថ្នាក់ធំបំផុតសម្រាប់សុខភាពប្រជាជនពិភពលោកឆ្នាំ ២០១៩។ កត្តាចម្បងបង្កើតការបំពុលខ្យល់គឺចេញពីឧស្សហកម្ម, ការដឹកជញ្ជូន, ការដុតបញ្ឆេះប្រេងឥន្ធនៈ និងកសិកម្មផងដែរ។
ការបំពុលខ្យល់ស្ថិតក្នុងចំណោមបញ្ហាប្រឈមផ្នែកសុខភាពធំបំផុតសម្រាប់ប្រជាជនពិភពលោកសម្រាប់ឆ្នាំ ២០១៩។ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក។ បើសិនជាគ្មានដំណោះស្រាយទេ ការស្លាប់របស់ប្រជាជននឹងបន្តកើនឡើងខ្លាំងនៅពេលអនាគត។
បើតាមអង្គការសុខភាពពិភពលោក ប្រជាជនពិភពលោករហូតដល់ ៩០ភាគរយដែលស្រូបយកខ្យល់កខ្វក់រៀងរាល់ថ្ងៃ ហើយក្នុងមួយឆ្នាំមនុស្សប្រហែល ប្រាំពីរលាននាក់ឯណោះបានស្លាប់ដោយសារតែការបំពុលខ្យល់នេះ ក្នុងនោះមានកើតជំងឺមហារីក ជំងឺផ្លូវដង្ហើម បេះដូង និងសួតជាដើម។
អង្គការអន្តរជាតិដដែលនេះបានបន្ថែមថា កម្រិតបំពុលខ្យល់ខ្លាំងជាងគេកើតឡើងនៅតំបន់ភាគខាងកើតមេឌីទែរ៉ាណេ និងអាស៊ីអាគ្នេយ៍ ដោយកម្រិតបំពុលនោះកើនឡើងប្រាំដងលើកម្រិតស្តង់កំណត់របស់ខ្លួនឯណោះ។ ចំណែកអ្នកស្លាប់រហូតដល់ ៩០ភាគរយ គឺស្ថិតនៅក្នុងប្រទេសដែលមានចំណូលទាម និងចំណូលមធ្យម ដែលរងការបំពុលដោយសារកំណើនឧស្សាហកម្ម, ដឹកជញ្ជូន កសិកម្ម និងការដុតប្រេងឥន្ធនៈនៅតាមលំនៅដ្ឋាននានាផងដែរ។
ក្រៅពៅការបំពុលខ្យល់ ការប្រែប្រួលអាកាសធាតុក៏ជាបញ្ហាធ្ងន់ធ្ងរសម្រាប់សុខភាពប្រជាជនដែរ។ ជារួម វាមានចំណុចទាក់ទងគ្នារវាងការប្រែប្រួលអាកាសធាតុ និងការបំពុលខ្យល់។ នោះគឺការបញ្ចេញឧស្ម័នកាបូនិចទៅកាន់បរិយាកាស។ ឧស្ម័នផ្ទះកញ្ចក់នេះជាកត្តាចម្បងធ្វើឲ្យអាកាសធាតុប្រែប្រួលផង និងជាដើមហេតុនៃការបំពុលខ្យល់អាកាសផង។
ចំណែក ការដុតផូស៊ីលឥន្ធនៈដើម្បីបង្កើតថាមពល ការដឹកជញ្ជូន រោងចក្រឧស្សាហកម្មសុទ្ធសឹងជាប្រភពសំខាន់នៃការបញ្ចេញឧស្ម័នកាបូនិចដែលបង្កើតការប្រែប្រួលអាកាសធាតុ និងប្រភពចម្បងនៃការបំពុលខ្យល់នេះដែរ។
យ៉ាងណាក៏ដោយ ការប្រែប្រួលអាកាសធាតុបង្កផលប៉ះពាល់ដល់សុខុមាលភាពប្រជាជនក្នុងស្ថានភាពផ្សេងគ្នា។ ការប្រែប្រួលអាកាសធាតុបង្កើតឲ្យមានរលកកម្តៅញឹកញាប់, កង្វះអាហារូបត្ថម្ភ, បង្កើនជំងឺឆ្លងតាមភ្នាក់ងារ និងតាមទឹកដូចជាគ្រុនចាញ់, គ្រុនឈាម និងអាសន្នរោគជាដើម។ ក្នុងករណីដែលគ្មានដំណោះស្រាយត្រឹមត្រូវ ការបន្តកើនឡើងនៃបញ្ហាប្រែប្រួលអាកាសធាតុនេះនឹងបង្កើឲ្យមនុស្សស្លាប់ ២៥ម៉ឺននាក់បន្ថែមទៀតរៀងរាល់ឆ្នាំចន្លោះពីឆ្នាំ ២០៣០ដល់ឆ្នាំ ២០៥០។
កាលពីខែធ្នូ អង្គការសុខភាពលោក (WHO) បានចេញផ្សាយរបាយការណ៍វិទ្យាសាស្ត្រមួយនៅកិច្ចប្រជុំអាកាសធាតុលើកទី ២៤ (COP24) នៅក្រុង Katowice ប្រទេសប៉ូឡូញ ដោយផ្តល់អនុសាសន៍ឲ្យបណ្តាប្រទេសលើពិភពលោកសម្រេចឲ្យបាននូវការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីស បើសិនចង់ទប់ស្កាត់ការស្លាប់របស់មនុស្សរាប់លាននាក់ និងខាតបង់សេដ្ឋកិច្ចធំធេងដែលបង្កឡើងដោយការបំពុលខ្យល់នេះផង។