កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ត្រូវចោរគាស់ផ្ទះ និងមានរបួសភ្នែកប្រឈមការបញ្ចប់អាជីព
× ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao អាចប្រឈមនឹងការបញ្ចប់អាជីពជាអ្នកប្រដាល់របស់ខ្លួន ក្រោយពិនិត្យឃើញថាមានបញ្ហាភ្នែកឆ្វេងធ្ងន់ធ្ងរ បន្ទាប់ពីយកឈ្នះកីឡាករអាមេរិក Adrien Broner កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Daily នៅថ្ងៃទី២១ ខែមករា។
យោងតាមកាសែតខាងលើដែលបានដកស្រង់សម្តីពីប្រភពមិនបញ្ចេញឈ្មោះពីររូបដែលស្ថិតនៅជំរំហ្វឹកហាត់របស់ Pacquiao ថា កំពូលអ្នកប្រដាល់អាស៊ីរូបនេះ នឹងត្រូវត្រលប់ទៅប្រទេសហ្វីលីពីនវិញនៅក្រោយមួយថ្ងៃបន្ទាប់ពីឡើងសង្វៀនរួចដើម្បីទទួលការពិនិត្យពីអ្នកឯកទេសភ្នែក។
អ្នកប្រដាល់វ័យ ៤០ឆ្នាំរូបនេះ បានប្រាប់មិត្តភក្តិភ្លាមៗ បន្ទាប់ពីយកឈ្នះ Broner ដោយពិន្ទុ នាការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA ថារូបគេបានបាត់បង់ចក្ខុវិញ្ញាណមួយចំនួននៅក្នុងភ្នែកឆ្វេងរបស់ខ្លួន។
ប្រភពពីជំរំហ្វឹកហាត់ដដែលបានប្រាប់ភ្នាក់ងារព័ត៌មានទៀតថា Pacquiao ដែលជាវីរបុរសរបស់ប្រជាជនហ្វីលីពីនអាចនឹងទទួលការវះកាត់ ដែលអាចប៉ះពាល់ដល់ការបញ្ចប់អាជីពរបស់គេនៅត្រឹមនេះ។
ទោះយ៉ាងណាក៏ដោយ ប្រភពមួយផ្សេងទៀត បានប្រាប់សារព័ត៌មានថារបួសភ្នែកឆ្វេងរបស់ Pacquiao នេះគឺជារឿងតូចតាចប៉ុណ្ណោះដែលវាកើតឡើងដោយសារបំណែកស្រោមដៃរបស់ Broner ប៉ះត្រូវ។
ក្រៅពីបញ្ហាភ្នែក ម្ចាស់ជើងឯកពិភពលោក ៨ស្ថាប័នក្នុងប្រវត្តិសាស្ត្រប្រដាល់រូបនេះក៏ត្រូវបានរាយការណ៍ថា ផ្ទះរបស់ខ្លួននៅទីក្រុង Los Angeles សហរដ្ឋអាមេរិកត្រូវចោរគាស់ ខណៈដែលខ្លួន និងគ្រួសារ ស្ថិតនៅទីក្រុងឡាស វេហ្គាស។
Pacquiao បានរក្សាកំណត់ត្រាឈ្នះ៦១ដងក្នុងចំណោម៧០ប្រកួត និងអាចការពារខ្សែក្រវាត់ WBA របស់គេលើកដំបូង បន្ទាប់ពីដណ្តើមបានពីអ្នកប្រដាល់អាហ្សង់ទីន Lucas Matthysse កាលពីឆ្នាំមុន។
ប្រសិនបើ Pacquiao ពិតជាមានបញ្ហាភ្នែកធ្ងន់ធ្ងរមែន នោះក្តីសង្ឃឹមសងសឹកនឹងកំពូលអ្នកប្រដាល់មិនដែលចាញ់អាមេរិក Floyd Mayweather អាចនឹងត្រូវបាត់បង់ដូចគ្នា។
Pacquiao បានចាញ់ Floyd ដោយពិន្ទុឯកច្ឆន្ទ នាជំនួបនៃព្រឹត្តិការណ៍ «The Fight of the Century» នៅសង្វៀន MGM Grand Garden Arena ក្នុងទីក្រុងឡាសវេហ្កាស សហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ ២០១៥៕
Tag:
ប្រដាល់
Manny Pacquiao
Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com