Pacquiao ត្រូវ​ចោរ​គាស់​ផ្ទះ និង​មាន​របួស​ភ្នែក​ប្រឈម​ការបញ្ចប់​អាជីព​
កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ត្រូវ​ចោរ​គាស់​ផ្ទះ និង​មាន​របួស​ភ្នែក​ប្រឈម​ការបញ្ចប់​អាជីព​
22, Jan 2019 , 2:47 pm        
រូបភាព
​ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao អាច​ប្រឈម​នឹង​ការបញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​របស់ខ្លួន ក្រោយ​ពិនិត្យឃើញថា​មាន​បញ្ហា​ភ្នែក​ឆ្វេង​ធ្ងន់ធ្ងរ បន្ទាប់ពី​យកឈ្នះ​កីឡាករ​អាមេរិក Adrien Broner កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត New York Daily នៅ​ថ្ងៃទី​២១ ខែមករា​។​


 
​យោងតាម​កាសែត​ខាងលើ​ដែល​បាន​ដកស្រង់​សម្តី​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ពីររូប​ដែល​ស្ថិតនៅ​ជំរំ​ហ្វឹកហាត់​របស់ Pacquiao ថា កំពូល​អ្នក​ប្រដាល់​អាស៊ី​រូបនេះ នឹងត្រូវ​ត្រលប់​ទៅ​ប្រទេស​ហ្វីលីពីន​វិញ​នៅក្រោយ​មួយថ្ងៃ​បន្ទាប់ពី​ឡើង​សង្វៀន​រួច​ដើម្បី​ទទួល​ការពិនិត្យ​ពី​អ្នកឯកទេស​ភ្នែក​។​
 
​អ្នក​ប្រដា​ល់វ័យ ៤០​ឆ្នាំ​រូបនេះ បាន​ប្រាប់​មិត្តភក្តិ​ភ្លាមៗ បន្ទាប់ពី​យកឈ្នះ Broner ដោយ​ពិន្ទុ នា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA ថា​រូបគេ​បាន​បាត់បង់​ចក្ខុវិញ្ញាណ​មួយចំនួន​នៅក្នុង​ភ្នែក​ឆ្វេង​របស់ខ្លួន​។​


 
​ប្រភពពី​ជំរំ​ហ្វឹកហាត់​ដដែល​បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ទៀតថា Pacquiao ដែលជា​វីរបុរស​របស់​ប្រជាជន​ហ្វីលីពីន​អាចនឹងទទួល​ការវះកាត់ ដែល​អាច​ប៉ះពាល់​ដល់​ការបញ្ចប់​អាជីព​របស់គេ​នៅត្រឹម​នេះ​។​
 
 ទោះយ៉ាងណា​ក៏ដោយ ប្រភព​មួយ​ផ្សេងទៀត បាន​ប្រាប់​សារព័ត៌មាន​ថា​របួស​ភ្នែក​ឆ្វេង​របស់ Pacquiao នេះ​គឺជា​រឿង​តូចតាច​ប៉ុណ្ណោះ​ដែល​វា​កើតឡើង​ដោយសារ​បំណែក​ស្រោមដៃ​របស់ Broner ប៉ះ​ត្រូវ​។​
 
​ក្រៅពី​បញ្ហា​ភ្នែក ម្ចាស់​ជើងឯក​ពិភពលោក ៨​ស្ថាប័ន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​រូបនេះ​ក៏​ត្រូវបាន​រាយការណ៍​ថា ផ្ទះ​របស់​ខ្លួ​ននៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក​ត្រូវ​ចោរ​គាស់ ខណៈដែល​ខ្លួន និង​គ្រួសារ ស្ថិតនៅ​ទីក្រុង​ឡាស វេ​ហ្គាស​។​
 
Pacquiao បាន​រក្សា​កំណត់ត្រា​ឈ្នះ​៦១​ដង​ក្នុងចំណោម​៧០​ប្រកួត និង​អាច​ការពារ​ខ្សែក្រវាត់ WBA របស់គេ​លើកដំបូង បន្ទាប់ពី​ដណ្តើមបាន​ពី​អ្នក​ប្រដាល់​អា​ហ្ស​ង់​ទីន Lucas Matthysse កាលពី​ឆ្នាំមុន​។​
 
​ប្រសិនបើ Pacquiao ពិត​ជាមាន​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ​មែន នោះ​ក្តីសង្ឃឹម​សងសឹក​នឹង​កំពូល​អ្នក​ប្រដាល់​មិនដែល​ចាញ់​អាមេរិក Floyd Mayweather អាច​នឹងត្រូវ​បាត់បង់​ដូចគ្នា​។

Pacquiao បាន​ចាញ់ Floyd ដោយ​ពិន្ទុ​ឯកច្ឆន្ទ នា​ជំនួប​នៃ​ព្រឹត្តិការណ៍ «The Fight of the Century» នៅ​សង្វៀន MGM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋអាមេរិក កាលពី​ខែឧសភា ឆ្នាំ ២០១៥៕
 

Tag:
 ប្រដាល់​
  Manny Pacquiao
  Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com