កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ កូរ៉េខាងត្បូង ឈ្នះ​បា​រ៉ែ​ន​ទាំង​ប្រ​ផឹ​ត​ប្រ​ផើយ ដើម្បី​ឡើងទៅ​វគ្គ ១/៤
22, Jan 2019 , 10:40 pm        
រូបភាព
កីឡាករ Hee-Chan Hwang របស់កូរ៉េខាងត្បូងអបអរក្រោយការស៊ុត​បាល់បញ្ចូលទី។ រូបថត បណ្តាញសង្គមផ្លូវការ Asian Cup
កីឡាករ Hee-Chan Hwang របស់កូរ៉េខាងត្បូងអបអរក្រោយការស៊ុត​បាល់បញ្ចូលទី។ រូបថត បណ្តាញសង្គមផ្លូវការ Asian Cup
​លទ្ធផល ២-១ លើ​ក្រុម​បា​រ៉ែ​ន គ្រប់គ្រាន់​ដើម្បី​នាំ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ឈានទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ដោយ​ត្រូវ​រង់ចាំ​ជំនួប​រវាង​កាតា និង​អ៊ីរ៉ាក់​ដែល​ប្រជែង​គ្នា​នៅវេលា​ម៉ោង ១១:០០​នាទី​យប់​នេះ​។​


​ខ្សែប្រយុទ្ធ​ពាក់​ផ្លាកលេខ​១១ Hee-Chan Hwang ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​សម្រាប់​កូរ៉េខាងត្បូង​ដែល​កើតឡើង​តាំងពី​នាទី​៤៣ នា​ជំនួប​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ក្នុង​កីឡដ្ឋាន Maktoum bin Rashid Al Maktoum ក្នុង​ក្រុង​ឌូ​បៃ​។ ឈានដល់​វគ្គ​ទី​២ នាទី​៧៧ ខ្សែប្រយុទ្ធ Mohamed Marzooq អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​បា​រ៉ែ​ន​វិញ ហើយ​លទ្ធផល ១-១ នេះ​បាន​បន្ត​រហូតដល់​ចប់​ការប្រកួត​ផ្លូវការ​៩០​នាទី​តែម្តង​។​
 
​កូរ៉េខាងត្បូង និង​បា​រ៉ែ​ន​ត្រូវ​បន្ត​លេង​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​ពីរដង​។ ក្នុង​ម៉ោង​បន្ថែម​លើក​ទី​១ នៅ​ចុង​ម៉ោង​ទៅហើយ ពោលគឺ​ក្នុង​នាទី​១០៥ កីឡាករ Jin-Su Kim ដែល​ទើប​ប្តូរ​ចូល​ជំនួស​ខ្សែការពារ Chul Hong នោះ​ជា​អ្នកសម្រេច​គ្រាប់​បាល់​ទី​២ និង​ជា​គ្រាប់​ជ័យជម្នះ​សម្រាប់​កូរ៉េខាងត្បូង​ឡើងទៅ​វគ្គ​បន្ត ដ្បិត​ក្រុម​ទាំងពីរ​បន្ត​លេង​នៅ​ម៉ោង​បន្ថែម​លើក​ទី​២​ដោយ​គ្មាន​គ្រាប់​បាល់​។ 
 

​ដូច្នេះ​លទ្ធផល ២-១ ក្នុង​រយៈពេល​ប្រកួត ១២០​នាទី​នេះ បាន​នាំ​កូរ៉េខាងត្បូង​ឡើងទៅ​អង្គុយចាំ​កាតា ឬ​អ៊ីរ៉ាក់​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ​។ កាតា និង​អ៊ីរ៉ាក់​នឹងត្រូវ​តទល់​គ្នា​នៅ​ម៉ោង ១១:០០​នាទី បន្តិចទៀតនេះ​ នាកីឡដ្ឋាន ​Al Nahyan Stadium៕
 

© រក្សាសិទ្ធិដោយ thmeythmey.com