ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿងរ៉ាវ​អស្ចារ្យ​ទាំងនេះ​នឹង​កើតឡើង​ចំពោះ​សុខភាព ប្រសិនបើ​អ្នកទទួល​ទាន​”​ខ្ញី​”​រាល់ថ្ងៃ​
29, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្ញី ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ឱសថ​បុរាណ​រាប់​ឆ្នាំ​មកហើយ​តាមរយៈ​សមាសធាតុ​សំខាន់ៗ​ដែល​វា​មាន​ផ្ទុក​។ ហើយ​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​បន្លែ​មើម​នេះ​ទ្វេដង ប្រសិនបើ​ព្យាយាម​ទទួលទាន​រាល់ថ្ងៃ​។ ចំពោះ​អ្នក​ដែល​មិន​ចូលចិត្ត​ទទួលទាន​ខ្ញី​វិញ ក៏​ប្រហែលជា​នឹង​ប្ដូរ​ចិត្ត​ដែរ​ក្រោយ​អាន​អត្ថបទ​នេះ​រួច​!


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​ទទួលទាន​ខ្ញី ៖

១. បង្កើន​សុខភាព​បេះដូង​
 
​ការទទួល​ទាន​ខ្ញី​អាចជួយ​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែលជា​សត្រូវ​ធំ​បំផុត​របស់​បេះដូង​។ កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​នឹង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺលើសឈាម​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាពិសេស​នោះ គឺ​ជំងឺ​បេះដូង​។​

២. ព្យាបាល​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​
 
​ប្រសិនបើ​អ្នកទទួល​ទាន​ខ្ញី​រាល់ថ្ងៃ អ្នកនឹង​មិន​ងាយ​កើត​ជំងឺ​ផ្ដាសាយ​ឡើយ​។ ខ្ញី មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក រួមបញ្ចូល​ទាំង​សមាសធាតុ​សកម្ម​បំផុត​ហៅថា gingerols ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។​

៣. បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​
 
​មិន​ថា​អ្នក​កំពុងមាន​ផ្ទៃពោះ ឬក៏​អត់ គឺ​ការ​ទទួលទាន​ខ្ញី​ជួយ​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​បាន​យ៉ាង​ប្រសើរ​។​
 
៤. បំបាត់​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ក្រពះ​
 
​រាល់​បញ្ហា​ទាក់ទង​នឹង​ក្រពះ​ចាប់ពី​ហើមពោះ​ដល់​ពិបាក​រំលាយ​អាហារ គឺ​ខ្ញី​អាចជួយ​ដោះស្រាយបាន​ទាំងអស់​។ ការទទួល​ទាន​ខ្ញី​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រពះ​ពោះវៀន និង​រាគរូស​ផងដែរ​។​
 
៥. ព្យាបាល​អាកា​រៈ​ឈឺក្បាល​ប្រកាំង​
 
​ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួបប្រទះ​អាកា​រៈ​ឈឺក្បាល​ប្រកាំង នោះ​ឱសថ​ព្យាបាល​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត គឺជា​ខ្ញី​នេះឯង​។ ខ្ញី ជួយ​ទប់ស្កាត់​សមាសធាតុ​ដែល​បង្ក​ការ​រលាក​ក្នុង​សរសៃឈាម​នៃ​ខួរក្បាល​។​
 
៦. ជួយ​អោយ​ស្រក​ទម្ងន់​ឆាប់រហ័ស​
 
​ខ្ញី មាន​សមត្ថភាព​បង្កើន​ការរំលាយ​អាហារ និង​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ប្រសើរ​បំផុត​ជួយ​ក្នុងការ​សម្រក​ទម្ងន់​។ ការទទួល​ទាន​ខ្ញី ឬ​ទឹក​ខ្ញី​នៅពេល​ព្រឹក​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​គួរឱ្យកត់សម្គាល់​។​
 
​ក្រៅពី​អត្ថប្រយោជន៍​ដែល​បាន​រៀបរាប់​ខាងលើនេះ ខ្ញី ក៏​អាចជួយ​បង្កើន​ចំណង់​ផ្លូវភេទ​, ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​ស្រស់ថ្លា និង​កាត់បន្ថយ​បញ្ហា​ដំណេក​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com