ជាតិ
អាមេរិក ព្រមានថា CPP អាច​កែ​ធម្មនុញ្ញ​បើកផ្លូវ​ឲ្យ​មាន​កងទ័ព​ចិន​នៅ​កម្ពុជា តែ​អ្នកនាំពាក្យ ច្រានចោល
31, Jan 2019 , 12:30 pm        
រូបភាព
​ភ្នំពេញ​៖ អាមេរិក បានចេញ​របាយការណ៍​វាយតម្លៃថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹងធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អាច​បើកផ្លូវ​ឲ្យ​មាន​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​។ ប៉ុន្តែ​របាយការណ៍នេះ ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រានចោល ហើយ​ចាត់ទុកថា ជាការ​វាយតម្លៃ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

 
​របាយការណ៍​កម្រាស់​៤២​ទំព័រ​របស់​អាមេរិក ដែល​វាយតម្លៃ​ពី​ការគំរាមកំហែង​ពិភពលោក​នោះ បាន​លើកយក​ករណី​ក្នុងប្រទេស​នីមួយៗ ដូចជា​បញ្ហា​ប្រទេស​ចិន ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង និង​ការពង្រីក​អំណាច , បញ្ហា​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នៅក្នុង​ឧបទ្វីប​កូរ៉េ និង​ពិភពលោក​,  សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី ,​បញ្ហា​ក្រុម​ភេរវកម្ម​អាល់​កៃ​ដារ និង​ISIS រួមទាំង​ករណី​ផ្សេងៗ​ទៀត ដែល​ទាក់ទង​នឹង​រុស្ស៊ី អ៊ីរ៉ង អ៊ីរ៉ាក់ ថៃ និង​កម្ពុជា​ជាដើម ។​
 
​និយាយ​ពី​ប្រទេស​កម្ពុជា ក្នុង​របាយការណ៍​វាយតម្លៃ​របស់​អាមេរិក​នេះ បាន​លើកយក​ការក្ដោបក្ដាប់​អំណាច​របស់​គណបក្ស​ប្រជាជន ដែល​កំពុងមាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ចិន មក​បរិយាយ​ប្រមាណ​ជា​៣បន្ទាត់​ថា គណបក្សកាន់អំណាច​មួយ​នេះ នឹង​អាច​កែប្រែ​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា ហើយ​បើកផ្លូវ​ឲ្យ​កងទ័ព​ចិន អាចឈរជើង​នៅក្នុង​ប្រទេស​កម្ពុជា នាពេលខាងមុខ​។​
 
​របាយការណ៍​វា​យ​តម្លៃ​ការគំរាមកំហែង​ពិភពលោក​របស់​អាមេរិក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៩ មករា ជា​ភាសា​អង់គ្លេស ហើយ​មានន័យ​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​ការឈាន​ឆ្ពោះទៅរក​ភាព​ផ្ដាច់ការ​របស់​កម្ពុជា ដែល​ស្ដែងឡើង​តាមរយៈ​ការរក្សា​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​គ្របដណ្ដប់​យ៉ាង​ពេញលេញ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាតិ បើកផ្លូវ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អាច​ឲ្យ​វត្តមាន​កងទ័ព​ចិន​នៅក្នុង​ប្រទេស​»​។​
 
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រានចោល​ព័ត៌មាន​ជុំវិញ​របាយការណ៍​រប​ស់​អាមេរិក​នេះ​។ លោក សួស យ៉ា​រ៉ា ចាត់ទុកថា ការវាយតម្លៃ​របស់​អា​មេ​រិ​ក​នេះ ជា​ទស្សន​ស្រពិចស្រពិល ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ប៉ុណ្ណោះ ខណៈដែល​រដ្ឋាភិបាល​បាន​ប្ដេជ្ញាចិត្ត មិន​ឲ្យ​មាន​ករណីបែបនេះ​កើតឡើង​ឡើយ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បាន​ឆ្លើយតប​ដូច្នេះ​ថា​៖«​ប្រទេស​កម្ពុជា ជា​ប្រទេស​ឯករាជ្យ ហើយ​មាន​អធិបតេយ្យភាព​របស់ខ្លួន​។ ហើយ​នាយករដ្ឋមន្ត្រី​កម្ពុជា ដែលជា​ប្រធាន​គណបក្ស ក៏​លោក​បានប្រកាស​ជា​សាធារណៈហើយ​ថា កម្ពុជា ជា​ទឹកដី​មួយ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​នៅក្នុង​ទឹកដី​យើង​ទេ​នៅក្នុង​រដ្ឋធម្មនុញ្ញ​។ ដូច្នេះ​ទី​១ អ្វីដែល​គាត់​សរសេរ គឺជា​ការវាយតម្លៃ​ដោយ​ស្រពិចស្រពិល​គ្មាន​មូលដ្ឋាន​។ ទី​២ គាត់​(​អាមេរិក​)​និយាយ​អំពី​គណបក្ស​គ្រប់គ្រង​អំណាច​លើ​នីតិ​ប្បញ្ញត្ត វា​គឺ​ត្រឹមត្រូវ ព្រោះ​គណបក្ស​ប្រជាជន​ត្រូវបាន​ប្រជាជន​អ្នកបោះឆ្នោត​ឲ្យ​ឈ្នះ អ៊ីចឹង​យើង​ត្រូវ​ទទួលស្គាល់ថា យើង​ឈ្នះ​មែន យើង​គ្រប់គ្រង​មែន​។ ប៉ុន្តែ​បើ​យើង​ចង់​ដូរ ឬ​មិន​ដូរ​រដ្ឋធម្មនុញ្ញ វា​គឺជា​សិទ្ធិ​របស់​តំណាងរាស្ត្រ​ទាំងអស់ ដែល​ទទួលបាន​ទំនុកចិត្ត​ពី​ប្រជាជន​»​។​
 
​សម្រាប់​លោក សួស យ៉ា​រ៉ា ការវាយតម្លៃ​របស់​អា​មេ​រិ​ក គ្រាន់តែ​ជា​ទស្សន​បំផុសបំផុល​រូបភាព​អ្វីមួយ​មិនល្អ​ពី​កម្ពុជា ដោយសារតែ​ឃើញ​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ចិន ប៉ុណ្ណោះ​។​
 
​​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ នៅត្រង់​ជំពូក​ទី​៤ និយាយ​អំពី​របប​នយោបាយ នៃ​មាត្រា​៥៣ ត្រង់ចំណុច​ទី​៤ បាន​ចែងថា​«…​ព្រះរាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​ខ្លួន ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​ខ្លួន​នៅលើ​ទឹកដី​បរទេស​ដែរ លើកលែងតែ​ក្របខណ្ឌ​សំ​ណូ​ពរ​របស់​អង្គការសហប្រជាជាតិ​»​។​
 
​ទាក់ទង​នឹង​បញ្ហា​មូលដ្ឋានទ័ព​នេះ អាមេរិក ក៏​ធ្លាប់​ដាក់​ការសង្ស័យថា កម្ពុជា​អាច​ផ្ដល់​លទ្ធភាព​នៃ​ការបង្កើត​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​ចិន តាមរយៈ​ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយ​នៅ​ខេត្តកោះកុង ដែល​វា​នឹងមាន​ទំហំ​ធំ​គ្រប់គ្រាន់ សម្រាប់​ឲ្យ​កប៉ាល់ និង​នាវាចម្បាំង​ចិន​ចូល​ចត​បាន​។ ការសង្ស័យ​របស់​អាមេរិក​នេះ កើតឡើង​ក្រោយពី​ការចុះផ្សាយ​របស់​សារព័ត៌មាន Asia Times លើ​ករណីនេះ​។​
 
​ប៉ុន្តែ​បញ្ហា​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ចេញមុខ​បកស្រាយ​ជា​បន្តបន្ទាប់ រហូតដល់​កម្ពុជា បើកផ្លូវ​ឲ្យ​អាមេរិក​ធ្វើលិខិត​ស្នើសុំ​ត្រួតពិនិត្យ​លើ​ទីតាំង​សង្ស័យ​មក​កម្ពុជា ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ខ្លួន ។ ប៉ុន្តែ​មិនឃើញ​មានការ​ស្នើសុំ​ត្រួតពិនិត្យ​ណាមួយ​ពី​អាមេរិក​ឡើយ​។ មិនតែប៉ុណ្ណោះ​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​សរសេរ​លិខិត​ទៅ​អនុ​ប្រធានាធិបតី​អាមេរិក លោក មៃ ផេ​ន ដើម្បី​ពន្យល់ និង​បកស្រាយ​ពី​គោលជំហរ​របស់​កម្ពុជា​លើ​បញ្ហា​នេះដែរ​។ សម្ដេច ហ៊ុន សែន ក៏​ផ្ដាំ​បរទេស​ទាំងអស់ កុំ​យក​កម្ពុជា ធ្វើជា​ទីលាន​សាកល្បង​មនោគមវិជ្ជា និង​អាវុធ​ផងដែរ​៕

Tag:
 សួស យ៉ា​រ៉ា​
  កងទ័ព​ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com