ក្រោយចំណាយពេលស៊ើបអង្កេតប៉ុន្មានថ្ងៃមក គណៈកម្មការចំពោះកិច្ច បានរកឃើញកងរាជអាវុធហត្ថម្នាក់ហើយ (ប៉េអឹម) ដែលប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ដែលតវ៉ានឹងជម្លោះដីធ្លីជាមួយឧកញ៉ា ឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។ នេះបើតាមលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ពិន័យដំបូងដែលកងរាជអាវុធហត្ថរូបនោះ ត្រូវទទួល គឺការបញ្ឈប់ពីក្របខណ្ឌ។ លោក អេង ហ៊ី អះអាងថា វិធានការលើកងរាជអាវុធហត្ថរូបនោះ មិនបញ្ចប់នៅត្រឹមនេះនោះទេ។
លោក លើកឡើងថា រូបគេ នឹងត្រូវបញ្ជូនទៅឲ្យក្រុមប្រឹក្សាវិន័យនៃកងរាជអាវុធ ចាត់ការបន្ត។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«ក្រុមប្រឹក្សាវិន័យ ដាក់ទោសយ៉ាងណា គឺទៅតាមនុ៎ងទៅ»។
អ្នកនាំពាក្យកងរាជអាវុធ បន្តថា មន្ត្រីកងរាជអាវុធ ដែលត្រូវបានចាប់ខ្លួននេះ គឺជាអ្នកដែលបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ គឺមិនមែនជាអ្នក ដែលប្រើកាំភ្លើងបាញ់ប្រជាពលរដ្ឋនោះទេ។ លោក បន្ថែមថា សមត្ថកិច្ច កំពុងបន្តស្វែងរកអ្នក ដែលប្រើកាំភ្លើងបាញ់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ លោក សង្កត់ធ្ងន់បែបនេះថា៖«យើង កំពុងធ្វើកិច្ចនេះហើយ»។
យ៉ាងណាក៏ដោយ លោក មិនទាន់អាចប្រាប់ឈ្មោះ និង បង្ហាញពីអត្តសញ្ញាណរបស់មន្ត្រីកងរាជអាវុធហត្ថ ដែលត្រូវទទួលទោសនោះទេ។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីឲ្យទៅស៊ើបអង្កេតចំពោះករណីហិង្សា រហូតមានការផ្ទុះអាវុធលើប្រជាពលរដ្ឋ ដែលនាំគ្នាទៅតវ៉ារឿងនៅដីធ្លី នៅនៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ។
លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងព្រះសីហនុ ធ្លាប់បកស្រាយថា គ្រាប់កាំភ្លើងដែលបាញ់ត្រូវប្រជាពលរដ្ឋ គឺជាគ្រាប់កាំភ្លើងប្រភេទឡុក ដែលមិនមែនជារបស់ប៉ូលិស និង ប៉េអឹមនោះទេ។ លោក បានដាក់ការសង្ស័យថា ប្រហែលជាមានជនបាតដៃទី៣ ឆ្លៀតឱកាសបាញ់ប្រជាពលរដ្ឋ ពេលការប្រទាំងប្រទើសរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ច កើតឡើង ដើម្បីដាក់កំហុសឲ្យសមត្ថកិច្ច។
ប្រជាពលរដ្ឋប្រមាណ២០០នាក់ បាននាំគ្នាទៅតវ៉ា ក្រោយតុលាការកំពូល ចេញសាលដីកាស្ថាពរ ដោយសម្រេចឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ ឈ្នះក្តីលើពួកគេ លើសំណុំរឿងដីធ្លី។ បន្ទាប់មក សមត្ថកិច្ច ក៏នាំគ្នាទប់ស្កាត់ប្រជាពលរដ្ឋទាំងនោះ ដោយអះអាងថា ជាការអនុវត្តតាមសាលដីការបស់តុលាការកំពូល។
មកដល់ពេលនេះ ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច បានស្ងប់ស្ងាត់ ប៉ុន្តែដំណោះស្រាយរឿងដីធ្លីរវាងប្រជាពលរដ្ឋ និង ឧកញ៉ា នៅមិនទាន់មាននោះទេ បើទោះបីជាតុលាការកំពូល ចេញសាលដីកាឲ្យឧកញ៉ាឈ្នះក៏ដោយ។ ប្រជាពលរដ្ឋ នៅតែមិនសុខចិត្តនិងចាត់ទុកថាជាជារឿងអយុត្តិធម៌ សម្រាប់ការកាត់ក្តីនេះ។ ប្រជាពលរដ្ឋ អាចនឹងបន្តតវ៉ាក្នុងរឿងនេះ នៅពេលក្រោយទៀត ក៏ថាបាន៕