សំណុំរឿង EBA? យុទ្ធសាស្ត្រពង្រឹងការនាំចេញអង្កររបស់រដ្ឋាភិបាល? លោក សម រង្ស៊ី ចូលស្រុក? ចូលឆ្នាំចិន? គឺមិនមែនទេ! ព័ត៌មានដែលសុះសាយ និងមានការនិយាយតៗគ្នាច្រើននារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺករណី «ចំប៉ីខ្មៅ» ឈ្មោះដើម យិន ហេង។
យិន ហេង ជានិស្សិតផ្នែកនីតិសាស្ត្រឆ្នាំទីបី និងជាតារាហ្វេសប៊ុកម្នាក់ដែលប្រើរហស្សនាមថា «ចំប៉ីខ្មៅ»។ កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ វីដេអូដែលបង្ហោះនៅលើហ្វេសប៊ុករបស់យុវជនរូបនេះ បានបង្ករឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីមហាជន។
ក្នុងវីដេអូដែលថតនៅមុខព្រះបរមរាជវាំង ចំប៉ីខ្មៅ បានជេរបរិហាយុវជនមិនស្គាល់មុខបីនាក់ ដោយបានអះអាងថា វាយក្បាលខ្លួន ខណៈពេលកំពុងជិះម៉ូតូ។ យុវជនវ័យ២២ឆ្នាំរូបនេះ និយាយទាំងខឹង ហើយជ្រុលជ្រួសប្រមាថមាក់ងាយដល់ប្រជាជាតិខ្មែរទាំងមូល រហូតដល់ប្រើពាក្យថា ជាពូជសាសន៍តិរិច្ឆាន ដែលធ្វើឲ្យបាត់ទឹកដីជាដើម។
រលកប្រតិកម្មបានកើតឡើងពេញបណ្តាញសង្គមហ្វេសប៊ុក។ ម្ចាស់គណនីខ្លះបានសរសេរថា «អ្នកដែលមិនឈឺចាប់នឹងសម្តីរបស់ចំប៉ីខ្មៅ មិនមែនជាខ្មែរនោះឡើយ»។ ជាមួយនឹងការទាម ទារឲ្យចាប់ចំប៉ីយកទៅដាក់ពន្ធនាគារ អ្នកខ្លះហ៊ានសរសេររហូតដល់ទៅវាយសម្លាប់យុវជនរូបនេះ ថែមទៀតផង។
មួយថ្ងៃក្រោយមក ចំប៉ីខ្មៅ ដែលបានអះអាងប្រាប់ថា ខ្លួនជាភេទទីបីផងដែរនោះ បានថតវីដេអូមួយទៀតដើម្បីសុំទោសចំពោះសម្តីជ្រុលជ្រួសរបស់ខ្លួន ដោយអះអាងថា មកពីកំហឹង ទើបមិនបានគិតដល់សម្តីរបស់ខ្លួន ប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ។
យប់ថ្ងៃទី៥ ខែកុម្ភៈ ដដែលចំប៉ីខ្មៅ ត្រូវបានចាប់ខ្លួន ដោយមានសមត្ថកិច្ចចម្រុះជាច្រើននាក់។ ការចាប់ខ្លួន មានការផ្សាយផ្ទាល់ជាច្រើនតាមបណ្តាញសង្គម ជាពិសេសបណ្តាសារព័ត៌មានតាមហ្វេសប៊ុក និងមានការតាមដានយ៉ាងផុសផុលផងដែរ។ ក្នុងនោះ មិនមែនត្រឹមតែពលរដ្ឋសាមញ្ញនោះឡើយ អ្នកវិភាគ និងអ្នកនយោបាយមួយចំនួន ក៏បានតាមដានផងដែរ។
ឈានដល់ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ ចំប៉ីខ្មៅ តាមមាត្រា៤៩៤ និង៤៩៦នៃក្រមព្រហ្មទណ្ឌ ពីបទញុះញង់ឲ្យមានការរើសអើង ដែលធ្វើឲ្យយុវជនរូបនេះ ប្រឈាមជាប់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀលទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល។
ក្រៅពីកំហឹងតាមបែបជាតិនិយម ករណីចំប៉ីខ្មៅ ក៏បានក្លាយជាប្រធានបទនៃការលេងសើចតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ អ្នកខ្លះ ដែលភាគច្រើនប្រើប្រាស់គណនីក្លែងក្លាយ [ជានារីរូបស្អាត] បានសន្យាប្រគល់ប្រាណបុរសដែលបានវាយក្បាលរបស់ចំប៉ីខ្មៅ។ ក្រៅពីនេះ ការមានការសន្យាផ្តល់លុយកាក់មួយចំនួនផងដែរ សម្រាប់អ្នកដែលហ៊ានប្រកាសថា ខ្លួនជាអ្នកដែលបានវាយចំប៉ីខ្មៅ ។
អ្វីដែលគួរឲ្យកត់សម្គាល់ យុវជនម្នាក់ បានទៅសារភាពប្រាប់ទូរទស្សន៍ហ្វេសប៊ុក TVFB ដោយអះអាងថា ខ្លួនជាអ្នកខោក ចំប៉ីខ្មៅ រហូតដល់ទៅ៦លើក មិនមែនមួយលើកឡើយ។ ប៉ុន្តែក្រោយការសាកសួរ ប៉ូលិសរកឃើញថា យុវជនរូបនោះ មិនមែនជាអ្នកប្រព្រឹត្តនោះឡើយ៕