ពីនេះ ពីនោះ
តើ​អ្នកណា​ជា​អ្នក​ធ្វើឱ្យ​ក្រុមហ៊ុន​ដួលរលំ​រលាយ​?
09, Feb 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់​កត្តា​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ជោគជ័យ​វិញ គេ​មិនអាច​រកឃើញ​ជា​កត្តា ឬ​ចំនុចរួម​បានទេ ជោគជ័យ​របស់​ក្រុមហ៊ុន​នីមួយៗ អាច​មិន​ដូចគ្នា ឬ​វា​ប្លែកៗ​ពីគ្នា​។ ក៏ប៉ុន្តែ​សម្រាប់​កត្តា​រួមមួយ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន ឬ​អាជីវកម្ម បរាជ័យ ដួលរលំ ឬ​រលាយ​វិញ លោក Richard W. Buchanan និយាយថា “​បុគ្គលិក គឺជា​មូលហេតុ​តែមួយគត់​ជា​សកល​ដែល​ធ្វើឱ្យ​អាជីវកម្ម​បរាជ័យ​” ។

 

 
​គ្មាន​ក្រុមហ៊ុន​ណា​កើតឡើង និង​ដំណើរការបាន​ដោយ​គ្មាន​បុគ្គលិក​នោះទេ​។ មិនមែន​ក្រុមហ៊ុន​ទេ គឺ​បុគ្គលិក​ដែលជា​អ្នក​ផលិត និង​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​។ ដូច្នេះ បើ​ក្រុមហ៊ុន បរាជ័យ ឬ​រលាយបាត់ មិនត្រូវ​បន្ទោស​ក្រុមហ៊ុន​ទេ គឺ​បុគ្គលិក ជា​អ្នកទទួលខុសត្រូវ​ចំពោះ​រឿងនេះ​។​
 
​លោក Richard បញ្ជាក់​បន្ថែមថា ក្រុមហ៊ុន មិនមែន​បរាជ័យ​ដោយសារ​ស្នាដៃ “​អ្នក​ក្រៅ​” នោះទេ មិនមែន​គូប្រកួត​គេ​វៃ​យើង​ឱ្យ​ដេក​នោះទេ​។ ក្រុមហ៊ុន​ដួលរលំ ឬ​រលាយ​ដោយសារតែ​ស្នាដៃ ”​អ្នក​ខាងក្នុង គឺ​បុគ្គលិក​” របស់​ក្រុមហ៊ុន​ខ្លួនឯង​ដែល​បង្កើតជា​បញ្ហា​ដល់​អតិថិជន​ឱ្យ​ដើរចេញ​ទៅរក​ក្រុមហ៊ុន ឬ អ្នកផ្គត់ផ្គង់​ផលិតផល ឬ​សេវាកម្ម​ផ្សេងទៀត​។  
 
​និយាយ​ឱ្យ​ស្រួល​ស្តាប់ ប្រសិនបើ​មាន​អាជីវកម្ម​ចំនួន ១០ បើក​ថ្មី ហើយ ១០ ឆ្នាំ​ក្រោយមក នៅសល់​អាជីវកម្ម​តែ ១ ឬ ២ ឬ ៣ យ៉ាងច្រើន​បំផុត​ប៉ុណ្ណោះ ហើយ​អាជីវកម្ម ៧, ៨ ឬ ៩ ទៀត​ដេក ឬ​បិទ​អស់​ដោយសារ​ហេតុផល​ដូចគ្នា ឬ​ផ្សេងៗ​គ្នា​។ ជាពិសេស​ទៅទៀត​នោះ កុំថាឡើយ​នៅ​ស្រុក​ខ្មែរ​យើង សូម្បីតែ​នៅលើ​ពិភពលោក​នេះ ក៏​មិនមាន​ក្រុមហ៊ុន​ច្រើន​ដែល​អាច​រស់ ឬ​ឆ្លង​ផុត​អាយុ​ជាង​មួយ      សតវត្ស ឬ​ជាង ១០០ ឆ្នាំ​ណាស់​។ ដូច្នេះហើយ​បានជា​លោក Carl Sagan និយាយថា “​ការស្លាប់​ផុត​ពូជ គឺជា​ច្បាប់ ហើយ​ការរស់រានមានជីវិត​តទៅទៀត គឺជា​ករណី​ពិសេស Extinction is the rule. Survival is the exception”​។ លោក Charles Darwin ក៏​និយាយ​ដែរ​ថា  “​វា​មិនមែន​អំបូរ​ដែល​ខ្លាំងជាងគេ​បំផុត ហើយក៏​មិនមែន​អំបូរ​ដែល​ឆ្លាត​ជាងគេ​បំផុត​ទេ​ដែល​អាច​រស់នៅ​មិន​ផុត​ពូជ​បាន​នោះ ប៉ុន្តែ​វា​ជា​អំបូរ​ដែល​អាចឆ្លើយតប​ចំពោះ​ការផ្លាស់ប្តូរ It is not the strongest of species that survive, not the most intelligent, but the one most responsive to change.”
 
​ក្នុងការ​គ្រប់គ្រង ដឹកនាំ រៀបចំ និង​ចាត់ចែង​អាជីវកម្ម​ក្រុមហ៊ុន និង​ធ្វើ​ការងារ ប្រធាន​ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម និង​បុគ្គលិក​មាន​កំហុស ឬ​ចំនុច​អវិជ្ជមាន​មួយចំនួន​ដែល​ធ្វើឱ្យ​បរិយាកាស​នៅ​កន្លែងធ្វើការ​អាប់អួរ ហើយ​អាច​នាំ​ដល់​បរាជ័យ ឬ​ការដួលរលំ​របស់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ទាំងស្រុង​តែម្តង ៖
 
-​ ​ចំណុច​អវិជ្ជមាន​របស់​មេដឹកនាំ ឬ​ថៅកែ 
១- ការដឹកនាំ​ដោយ​គ្មាន​គោលការណ៍​ត្រឹមត្រូវ ដឹកនាំ​ច្រើន​ប្រើ​អារម្មណ៍​ផ្ទាល់ខ្លួន ច្រើន​ប្រើ​អំណាច (​អញ​) ជា​មេ 
២- ស្រឡាញ់ ឬ​ឱ្យ​តម្លៃ​បុគ្គលិក​មិន​ស្មើគ្នា (​ចំពោះ​បុគ្គលិក​ល្អ​ក្នុង​ការងារ​ដូចគ្នា​)​លម្អៀង​ផ្នែក​អារម្មណ៍​ចំពោះ​បុគ្គលិក 
៣- បង្កើត​ភាពអយុត្តិធម៌​ក្នុងការ​ដំឡើង​តំណែង​ចំពោះ​បុគ្គលិក គ្មាន​គោលការណ៍ និង​លក្ខខណ្ឌ​ពិតប្រាកដ​
៤- ប្រើប្រាស់​ពាក្យ​អសុរោះ​ចំពោះ​បុគ្គលិក​
៥- ស្តីបន្ទោស​បុគ្គលិករ​ហូ​ត តែ​មិនដែល​បង្រៀន ឬ​ណែនាំ​ខ្លួនឯង​ឡើយ​
៦- ប្រើ​គំនិត​ចាត់ទុក​បុគ្គលិក​ជា​អ្នកស៊ីឈ្នួល មិន​ចាត់ទុកជា​ចលករ​របស់​ក្រុមហ៊ុន​
៧- ឆេវឆាវ ឆាប់​ខឹង មិនដឹង​ក្បាល​កន្ទុយ ដែល​ពាក្យ​ខ្មែរ​សាមញ្ញ​ច្រើន​គេ​និយាយថា «​ត្រចៀកស​» មានន័យថា ឆាប់​ជឿ​ការ​ញុះញង់​របស់​អ្នកដទៃ​
៨- ជឿ​ដោយ​គ្មាន​ការពិចារណា និង​ដោយ​គ្មាន​ហេតុផល​
៩- មិនឱ្យ​តម្លៃ​បុគ្គលិក​ធ្វើការ​ជាមួយ​ទេ តែ​ច្រើន​លើកសរសើរ​បុគ្គលិក​នៅ​ក្រុមហ៊ុន​ដទៃ​
១០- បង្កើត​គំនិត​បៀតបៀន​កេរ្តិ៍ខ្មាស​
១១- មិន​តែងតាំង​បុគ្គលិក​ខាងក្នុង​ទេ តែ​ច្រើន​ផ្តល់​តំណែង​ខ្ពស់​ឱ្យ​មនុស្ស​មកពី​ខាងក្រៅ​ដែល​អាច​បង្កើតជា​ទំនាស់​ផ្ទៃក្នុង​ក្រុមហ៊ុន 
 
-​ ​កំហុសឆ្គង​របស់​បុគ្គ​លិ​ក 
១- ខ្ជិល​ធ្វើការ តែ​ចង់បាន​ប្រាក់ខែ​ច្រើន 
២- មិន​ចង់​ទទួលខុសត្រូវ តែ​ចង់​ឡើង​តំណែង 
៣- មិន​ស្មោះត្រង់​នឹង​ក្រុមហ៊ុន (​កេង​លុយ​ក្រុមហ៊ុន កេង​ម៉ោង​ធ្វើការ បំផ្លាញ​ផលប្រយោជន៍​ក្រុមហ៊ុន​។​ល​។​)
៤- ពូកែ​ចាក់​ចូ​ច​ឱ្យ​ក្រុមការងារ​បែកបាក់ រារាំង​មិនឱ្យ​ក្រុមហ៊ុន​រីកចម្រើន បុគ្គលិក​បែបនេះ គេ​ច្រើន​ហៅថា បុគ្គលិក «​ដង្កូវ​» គិតតែ​ពី​ការ​ច្រណែន​បុគ្គលិក​គ្នាឯង​
៥- និយាយដើម​ក្រុមហ៊ុន​ខ្លួនឯង​ប្រាប់​ក្រុមហ៊ុន​ដទៃ 
៦- មិន​អភិវឌ្ឍ​បន្ត​ចំណេះដឹង​ជំនាញ​របស់ខ្លួន 
៧- ខ្វះ​ជំនាញ​ទន់ (​ខ្វះ​សីលធម៌ គុណធម៌ និង​សច្ចធម៌​) 
៨- គ្មាន​គំនិត​បង្កើត​ថ្មី​
៩- ធ្វើការ​លំៗ អបៗ​តែ​គេ ខ្វះ​ឆន្ទៈ ខ្វះ​ការតាំង​ចិត្ត ខ្វះ​ភាព​ហ្មត់ចត់ និង​ខ្វះ​ការតស៊ូ 
១០- ធ្វើការ​ដោយ​គ្មាន​ក្តី​ស្រឡាញ់​ការងារ​
 
(​ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ជាវ​សៀវភៅ​នេះ សូម​អញ្ជើញ​ទាក់ទង​អ្នកនិពន្ធ អ៊ឹម ផល្លា ០១២ ៦២២ ២២៧។)

© រក្សាសិទ្ធិដោយ thmeythmey.com