នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃសុក្រទី ៨ ខែកុម្ភៈនេះយល់ព្រមឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីតំណាងឲ្យបក្ស អំណាចរដ្ឋរបស់ប្រជាជន (Phalang Pracharat) ដើម្បីប្រជែងក្នុងការបោះឆ្នោតសភាចុងខែមីនាខាងមុខ។ លោកនឹងត្រូវប្រកួតប្រជែងជាមួយបេក្ខជនជាច្រើនរួមទាំងម្ចាស់ក្សិយ៍ អ៊ូប៊ុនរ័តន៍ រាជកញ្ញា ដែលតំណាង «បក្សរក្សាជាតិថៃ» ផងដែរ។
ដូចការរំពឹងទុក ប្រមុខរបបសឹកថៃលោក ប្រាយុទ្ធ ចន្ទអូចា នឹងមានមុខក្នុងការប្រកួតប្រជែងនយោបាយដើម្បីយកតំណែងនាយករដ្ឋមន្ត្រីតាមការបោះឆ្នោតប្រជាធិបតេយ្យលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំនៅថ្ងៃ ២៤ ខែមីនា។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ប្រាយុទ្ធ បានបកស្រាយច្បាស់ៗថា លោកមិនដែលប៉ុនប៉ងក្តោបក្តាប់អំណាចយូរអង្វែងឡើយ ហើយការយល់ព្រមធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីនេះជាការសម្រេចចិត្តដ៏លំបាកបំផុតមួយ។ ប៉ុន្តែលោកត្រូវធ្វើបែបនេះ ដ្បិតលោកពិតជាចង់បម្រើប្រយោជន៍ជាតិ។
«ខ្ញុំប្តេជ្ញាសហការជាមួយប្រជាជន និងដឹកនាំប្រទេសទៅរកសុភមង្គល ឯកភាពជាតិ និងគ្មានជម្លោះសង្គម។ ដូច្នេះខ្ញុំយល់ព្រមទទួលយកការអញ្ជើញពីគណបក្ស អំណាចរដ្ឋនៃប្រជាជនដែលដាក់ស្នើឈ្មោះខ្ញុំទៅកាន់សភាដើម្បីទទួលការតែងតាំងជានាយករដ្ឋមន្ត្រី»។ លោក ប្រាយុទ្ធ ដែលជាអ្នកដឹកនាំរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីខែឧសភាឆ្នាំ ២០១៤ នោះបាននិយាយដូច្នេះ។
កាលពីដើមសប្តាហ៍ គណបក្សអំណាចរដ្ឋរបស់ប្រជាជន បានអញ្ជើញលោក ប្រាយុទ្ធ, ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak និងប្រធានបក្សលោក Utttama Savanayana ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សដោយសារបក្សនីមួយៗមានសិទ្ធិដាក់ឈ្មោះបេក្ខជនបីនាក់។
យ៉ាងណាមិញថ្ងៃ ៧ ខែកុម្ភៈ លោក Somkid បានបញ្ជាក់ប្រាប់កាសែត The Nation ថៃថា មានតែឈ្មោះលោក ប្រាយុទ្ធម្នាក់ប៉ុណ្ណោះ ដែលត្រូវបានចុះក្នុងបញ្ជីរបស់បក្ស។
តាមពិតទៅ ទោះបីជាលោកមិនស្ថិតក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សក៏ដោយ លោក ប្រាយុទ្ធនៅតែមានឱកាសធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត អនុលោមទៅតាមរដ្ឋធម្មនុញ្ញថ្មី។ មាត្រានៃរដ្ឋធម្មនុញ្ញបានចែងដោយបើកផ្លូវឲ្យ អ្នកនយោបាយក្រៅបក្សអាចដឹកនាំរដ្ឋាភិបាលបានក្នុងកាលៈទេសៈដែលគណបក្សឈ្នោះឆ្នោតមិនអាចឯកភាពគ្នាលើបេក្ខជនម្នាក់ក្នុងបញ្ជីបេក្ខជនរួម។
ត្រឡប់មកវិញ លោក ប្រាយុទ្ធ ប្រកាសទទួលយកបេក្ខភាពជានាយករដ្ឋមន្ត្រីនៃបក្សខាងលើ នៅថ្ងៃចុងក្រោយសម្រាប់ការចុះឈ្មោះបេក្ខជនសម្រាប់ប្រកួតប្រជែងការបោះឆ្នោតសភាដែលនឹងត្រូវធ្វើឡើងក្នុងថ្ងៃ ២៤ខែមីនា។ នៅក្នុងការបោះឆ្នោតលើដំបូងក្នុងរយៈពេលប្រាំឆ្នាំនេះដែរ លោក ប្រាយុទ្ធនឹងត្រូវប្រកួតប្រជែងជាមួយបេក្ខជនមកពីបក្សនយោបាយដទៃផ្សេងទៀតដើម្បីដណ្តើមកៅអីនាយករដ្ឋមន្ត្រី។ អ្វីដែលសំខាន់លោកនឹងត្រូវប្រជែងជាមួយព្រះរៀមមហាក្សត្រថៃ ម្ចាស់ក្សត្រិយ៍ អ៊ូប៊ុនរ័តន៍ រាជកញ្ញា ដែលតំណាងឲ្យបក្សស្និទ្ធលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បក្ស«រក្សាជាតិថៃ»៕