អន្តរជាតិ
ប្រជាជន​សិង្ហ​បុរី​រាប់ពាន់​គ្រួសារ​ជ្រើស​យក​«​គោលនយោបាយ​សម្បទាន​ទិញ​ផ្ទះ​ជាមួយ​ឬ​ក្បែរ​ឳ​ពុក​ម្តាយ​»​របស់​រដ្ឋាភិបាល
11, Feb 2019 , 9:59 pm        
រូបភាព
ដោយ:
​ប្រជាពលរដ្ឋ​សិង្ហ​បុរី​កាន់តែច្រើន​រាប់ពាន់នាក់ បានទទួល​ផលប្រយោជន៍​ពី​គោលនយោបាយ​សម្បទាន​លើ​ការទិញ​ផ្ទះល្វែង​ដែល​ស្ថិត​នៅក្បែរ ឬ​នៅ​ជាមួយគ្នា រវាង​ឳ​ពុក​ម្តាយ និង​កូន​។



ទំនោរ​នេះ ក៏​អាច​ចាត់ទុកជា​ជោគជ័យ​មួយ​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​សិង្ហ​បុរី​ក្នុងការ​លើកកម្ពស់ «​ការយកចិត្ត​ដាក់ និង​មើលថែ​គ្នា​នៅក្នុង​ក្រុមគ្រួសារ​»​ផងដែរ​។​
 
​មាន​ប្រជាជន​ជាង​ពីរម៉ឺន​គ្រួសារ​ហើយ​នៅ​សិង្ហ​បុរី​ដែល​បានទទួល​ផលប្រយោជន៍​ពី​គោលនយោបាយ​ផ្តល់ «​ជំនួយ​ទិញ​ផ្ទះល្វែង​ក្បែរ​គ្នា​» របស់​រដ្ឋាភិបាល​សិង្ហ​បុរី គិត​ចាប់ពី​គោលនយោបាយ​នេះ​ត្រូវបាន​ដាក់ចេញ​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ចាប់ពី​ចុងឆ្នាំ​២០១៥​មក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​លំនៅឋាន និង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​សិង្ហ​បុរី នៅ​ថ្ងៃ​៨​កុម្ភៈ​។ 
 
​គួរ​ជម្រាប​បន្តិច​ថា រដ្ឋាភិបាល​សិង្ហ​បុរី ដែលមាន​ក្រុមប្រឹក្សា​លំនៅឋាន និង​អភិវឌ្ឍ (HDB) ជា​សេនាធិការ នៅ​ថ្ងៃ​២៤ សីហា ឆ្នាំ​២០១៥ បានប្រកាស​អនុវត្ត គោលនយោបាយ​ផ្តល់ជំនួយ​សម្រាប់​ការទិញ​ផ្ទះល្វែង​ក្បែរ ឬ​នៅ​ជាមួយគ្នា​រវាង​ឳ​ពុក​ម្តាយ និង​កូន ក្រោម​ចក្ខុវិស័យ «​ផ្ទះ​តម្លៃ​សមរម្យ​, គ្រួសារ​កាន់តែ​ជិតស្និទ្ធ , ទំនាក់ទំនង​កាន់តែ​រឹងមាំ​»​។​
 
​ដូច​ចែង​ច្បាស់​ក្នុង​ចក្ខុវិស័យ​នៃ​គោលនយោបាយ រដ្ឋាភិបាល​សិង្ហ​បុរី មានបំណង​មិន​ត្រឹមតែ​ជួយ​សម្រួល​ប្រជាជន​ដែល​ចំណូល​ទាប​អាចមាន​ផ្ទះ​រស់នៅ​សមរម្យ​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់​ពួកគេ អាច​បានរស់នៅ​កាន់តែ​ក្បែរ​គ្នា និង​អាច​មើលថែ និង​គាំទ្រ​គ្នា​ទៅវិញទៅមក​បាន​ទៀតផង​។​
 
​តាមរយៈ​គោលនយោបាយ​នេះ រដ្ឋាភិបាល​សិង្ហ​បុរី ផ្តល់ជំនួយ បី​ម៉ឺន​ដុល្លារ​សិង្ហ​បុរី សម្រាប់​ឳ​ពុក​ម្តាយ ឬ​កូន​ដែល​បាន​រៀបការ ហើយ​ទិញ​ផ្ទះល្វែង​រស់នៅ​ជាមួយគ្នា និង ពីរម៉ឺន​ដុល្លារ​សិង្ហ​បុរី សម្រាប់​ឳ​ពុក​ម្តាយ ឬ​កូន​ដែល​បាន​រៀបការ ហើយ​ទិញ​ផ្ទះល្វែង​រស់នៅ​ក្បែរ​គ្នា​។ សម្រាប់​អ្នក​នៅ​លីវ រដ្ឋាភិបាល ក៏​ផ្តល់ជំនួយ​ចន្លោះ​ពី មួយ​ម៉ឺន ទៅមួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​សិង្ហ​បុរី នៅពេល​គេ​អនុវត្តតាម​គោលនយោបាយ​នេះ​។  
 
​បើតាម​ក្រុមប្រឹក្សា​លំនៅឋាន និង​អភិវឌ្ឍ (PHG) គិត​ចាប់ពី​ការប្រកាស​អនុវត្ត​គោលនយោបាយ​នេះ រដ្ឋាភិបាល​សិង្ហ​បុរី បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៣៧៧ លាន​ដុល្លារ​សិង្ហ​បុរី​សម្រាប់​ក្រុមគ្រួសារ​ចំនួន ប្រមាណ ២០១០០ រួចមកហើយ​៕ 
 

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com