អន្តរជាតិ
ប្រជាជនសិង្ហបុរីរាប់ពាន់គ្រួសារជ្រើសយក«គោលនយោបាយសម្បទានទិញផ្ទះជាមួយឬក្បែរឳពុកម្តាយ»របស់រដ្ឋាភិបាល
× ប្រជាពលរដ្ឋសិង្ហបុរីកាន់តែច្រើនរាប់ពាន់នាក់ បានទទួលផលប្រយោជន៍ពីគោលនយោបាយសម្បទានលើការទិញផ្ទះល្វែងដែលស្ថិតនៅក្បែរ ឬនៅជាមួយគ្នា រវាងឳពុកម្តាយ និងកូន។
ទំនោរនេះ ក៏អាចចាត់ទុកជាជោគជ័យមួយនៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការលើកកម្ពស់ «ការយកចិត្តដាក់ និងមើលថែគ្នានៅក្នុងក្រុមគ្រួសារ»ផងដែរ។
មានប្រជាជនជាងពីរម៉ឺនគ្រួសារហើយនៅសិង្ហបុរីដែលបានទទួលផលប្រយោជន៍ពីគោលនយោបាយផ្តល់ «ជំនួយទិញផ្ទះល្វែងក្បែរគ្នា» របស់រដ្ឋាភិបាលសិង្ហបុរី គិតចាប់ពីគោលនយោបាយនេះត្រូវបានដាក់ចេញឲ្យអនុវត្តជាផ្លូវការចាប់ពីចុងឆ្នាំ២០១៥មក។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាលំនៅឋាន និងអភិវឌ្ឍរបស់រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃ៨កុម្ភៈ។
គួរជម្រាបបន្តិចថា រដ្ឋាភិបាលសិង្ហបុរី ដែលមានក្រុមប្រឹក្សាលំនៅឋាន និងអភិវឌ្ឍ (HDB) ជាសេនាធិការ នៅថ្ងៃ២៤ សីហា ឆ្នាំ២០១៥ បានប្រកាសអនុវត្ត គោលនយោបាយផ្តល់ជំនួយសម្រាប់ការទិញផ្ទះល្វែងក្បែរ ឬនៅជាមួយគ្នារវាងឳពុកម្តាយ និងកូន ក្រោមចក្ខុវិស័យ «ផ្ទះតម្លៃសមរម្យ, គ្រួសារកាន់តែជិតស្និទ្ធ , ទំនាក់ទំនងកាន់តែរឹងមាំ»។
ដូចចែងច្បាស់ក្នុងចក្ខុវិស័យនៃគោលនយោបាយ រដ្ឋាភិបាលសិង្ហបុរី មានបំណងមិនត្រឹមតែជួយសម្រួលប្រជាជនដែលចំណូលទាបអាចមានផ្ទះរស់នៅសមរម្យប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក៏ធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេ អាចបានរស់នៅកាន់តែក្បែរគ្នា និងអាចមើលថែ និងគាំទ្រគ្នាទៅវិញទៅមកបានទៀតផង។
តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលសិង្ហបុរី ផ្តល់ជំនួយ បីម៉ឺនដុល្លារសិង្ហបុរី សម្រាប់ឳពុកម្តាយ ឬកូនដែលបានរៀបការ ហើយទិញផ្ទះល្វែងរស់នៅជាមួយគ្នា និង ពីរម៉ឺនដុល្លារសិង្ហបុរី សម្រាប់ឳពុកម្តាយ ឬកូនដែលបានរៀបការ ហើយទិញផ្ទះល្វែងរស់នៅក្បែរគ្នា។ សម្រាប់អ្នកនៅលីវ រដ្ឋាភិបាល ក៏ផ្តល់ជំនួយចន្លោះពី មួយម៉ឺន ទៅមួយម៉ឺនប្រាំពាន់ដុល្លារសិង្ហបុរី នៅពេលគេអនុវត្តតាមគោលនយោបាយនេះ។
បើតាមក្រុមប្រឹក្សាលំនៅឋាន និងអភិវឌ្ឍ (PHG) គិតចាប់ពីការប្រកាសអនុវត្តគោលនយោបាយនេះ រដ្ឋាភិបាលសិង្ហបុរី បានចំណាយថវិកាអស់ប្រមាណ ៣៧៧ លានដុល្លារសិង្ហបុរីសម្រាប់ក្រុមគ្រួសារចំនួន ប្រមាណ ២០១០០ រួចមកហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com