កីឡាអន្តរជាតិ
អន្តរជាតិ
Ramsey ចេញពី Arsenal ទៅ Juventus ដោយ​គ្មាន​តម្លៃ​ផ្ទេរ តែ​បាន​ប្រាក់​ឈ្នួល​លើសលប់​
12, Feb 2019 , 7:39 pm        
រូបភាព
​ខ្សែបម្រើ Aaron Ramsey សម្រេច​ទៅ​ចូលរួម​ជាមួយ​ក្រុម Juventus នៅមុន​បញ្ចប់​កិច្ចសន្យា​ជាមួយ Arsenal ដោយ​ទទួលបាន​ប្រាក់បៀវត្ស​ជាង ៤​សែន​ផោន (​ជាង​៥១០០០០​ដុល្លារ​អាមេរិក​) ក្នុង​មួយ​សប្ដាហ៍​។​


 
Ramsey អាយុ ២៨ ឆ្នាំ​បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល ៤ ឆ្នាំ​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី Serie A ដោយ​គ្មាន​តម្លៃ​ផ្ទេរ​ឡើយ ដ្បិត កិច្ចសន្យា​រវាង​រូបគេ​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ត្រូវ​បញ្ចប់ បន្ទាប់ពី​រួមរស់​ជាមួយគ្នា​រយៈពេល ១១ រដូវ​កាល ពោលគឺ​តាំងពី​ឆ្នាំ​២០០៨​មក​។​

 
 
​ខ្សែបម្រើ​សញ្ជាតិ​វែ​លិ៍​រូបនេះ​បាន​ឆ្លងកាត់​ការពិនិត្យ​សុខភាព​រួច​រួល​ដល់​ទៅ​២​ដង​ហើយ​តាំងពី​ខែមករា​មក​ម្លេះ​ដោយ​សម្រេច​ជ្រើស​យក​ក្រុម​សេះបង្កង់ បន្ទាប់ពី​មានការ​ចរចា​ជាមួយ​ក្លិប​នៅ​តំបន់​អឺរ៉ុប​មួយចំនួន​ផ្សេងទៀត​។​
 
​ថ្លៃ​ពលកម្ម​ប្រចាំ​សប្តាហ៍​រហូតដល់​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​នេះ នឹង​នាំ​ឲ្យ Ramsey ក្លាយជា​កីឡា​ករពី​ចក្រភព​អង់គ្លេស​ទីមួយ​ដែល​អាច​រក​ចំណូល​ខ្ពស់បំផុត​។​
 
Ramsey នឹងត្រូវ​ផុតកំណត់​កិច្ចសន្យា​ជាមួយ Arsenal នៅ​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខ ហើយ​ការចាកចេញ​នេះ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍ នឹងមិន​ទទួលបាន​មួយ​កាក់​មួយ​សេន​ឡើយ​ង​។​
 
​នៅលើ​បណ្តាញ​សង្គម Instagram ផ្ទាល់ Ramsey បាន​អរគុណ​ដល់​អ្នកគាំទ្រ Arsenal ថា​រូបគេ​នឹង​បន្ត​ផ្តល់​ឲ្យ​ក្រុម​នេះ​១០០​ភាគរយ​។ «​អ្នក​បាន​ស្វាគមន៍​ខ្ញុំ​តាំងពី​ខ្ញុំ​នៅ​វ័យ​ជំទង់ ហើយ​ខ្ញុំ​បាន​ឆ្លងកាត់​គ្រប់​កម្រិត​ក្នុងអំឡុងពេល​ខ្ញុំ​រួមរស់​នៅទីនេះ​»​។​
 
​ចំណែក Arsenal ក៏បាន​ជូ​បពរ និង​សរសើ​ពី​កិច្ចប្រឹងប្រែង​របស់ Ramsey សម្រាប់​ក្រុម​កន្លងមក​។ ក្លិប​រួមទាំង​អ្នកគាំទ្រ​នឹង​ចងចាំ​រូបគេ​ទុក​ក្នុង​ចិត្តជា​និច្ច​៕
 

Tag:
 បាល់ទាត់​
  Aaron Ramsey
  Juventus
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com