កីឡាអន្តរជាតិ
អន្តរជាតិ
Ramsey ចេញពី Arsenal ទៅ Juventus ដោយគ្មានតម្លៃផ្ទេរ តែបានប្រាក់ឈ្នួលលើសលប់
× ខ្សែបម្រើ Aaron Ramsey សម្រេចទៅចូលរួមជាមួយក្រុម Juventus នៅមុនបញ្ចប់កិច្ចសន្យាជាមួយ Arsenal ដោយទទួលបានប្រាក់បៀវត្សជាង ៤សែនផោន (ជាង៥១០០០០ដុល្លារអាមេរិក) ក្នុងមួយសប្ដាហ៍។
Ramsey អាយុ ២៨ ឆ្នាំបានយល់ព្រមចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលី Serie A ដោយគ្មានតម្លៃផ្ទេរឡើយ ដ្បិត កិច្ចសន្យារវាងរូបគេជាមួយក្រុមកាំភ្លើងធំត្រូវបញ្ចប់ បន្ទាប់ពីរួមរស់ជាមួយគ្នារយៈពេល ១១ រដូវកាល ពោលគឺតាំងពីឆ្នាំ២០០៨មក។
ខ្សែបម្រើសញ្ជាតិវែលិ៍រូបនេះបានឆ្លងកាត់ការពិនិត្យសុខភាពរួចរួលដល់ទៅ២ដងហើយតាំងពីខែមករាមកម្លេះដោយសម្រេចជ្រើសយកក្រុមសេះបង្កង់ បន្ទាប់ពីមានការចរចាជាមួយក្លិបនៅតំបន់អឺរ៉ុបមួយចំនួនផ្សេងទៀត។
ថ្លៃពលកម្មប្រចាំសប្តាហ៍រហូតដល់ជាងកន្លះលានដុល្លារអាមេរិកនេះ នឹងនាំឲ្យ Ramsey ក្លាយជាកីឡាករពីចក្រភពអង់គ្លេសទីមួយដែលអាចរកចំណូលខ្ពស់បំផុត។
Ramsey នឹងត្រូវផុតកំណត់កិច្ចសន្យាជាមួយ Arsenal នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ ហើយការចាកចេញនេះក្រុមដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៍ នឹងមិនទទួលបានមួយកាក់មួយសេនឡើយង។
នៅលើបណ្តាញសង្គម Instagram ផ្ទាល់ Ramsey បានអរគុណដល់អ្នកគាំទ្រ Arsenal ថារូបគេនឹងបន្តផ្តល់ឲ្យក្រុមនេះ១០០ភាគរយ។ «អ្នកបានស្វាគមន៍ខ្ញុំតាំងពីខ្ញុំនៅវ័យជំទង់ ហើយខ្ញុំបានឆ្លងកាត់គ្រប់កម្រិតក្នុងអំឡុងពេលខ្ញុំរួមរស់នៅទីនេះ»។
ចំណែក Arsenal ក៏បានជូបពរ និងសរសើពីកិច្ចប្រឹងប្រែងរបស់ Ramsey សម្រាប់ក្រុមកន្លងមក។ ក្លិបរួមទាំងអ្នកគាំទ្រនឹងចងចាំរូបគេទុកក្នុងចិត្តជានិច្ច៕
Tag:
បាល់ទាត់
Aaron Ramsey
Juventus
Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com