អន្តរជាតិ
រដ្ឋាភិបាល​សិង្ហ​បុរី អំពាវនាវ​ឲ្យ​ប្រជាជន​បន្ត​សាមគ្គី​ដើម្បី​បង្ហាញ​ភាពរឹងមាំ​នៃ​ជាតិ​ទៅកាន់​ពិភពលោក​
12, Feb 2019 , 10:59 pm        
រូបភាព
ដោយ:
​ស្រប​ពេលដែល​ពិភពលោក​កំពុងតែ​ធ្លាក់ចូល​ក្នុងដំណាក់កាល​មិន​ច្បាស់លាស់ នៃ​ចរន្ត​សេដ្ឋកិច្ច​សកល ហើយ​សិង្ហ​បុរី ក៏​នឹងត្រូវ​មានការ​ផ្លាស់ប្តូរ​អ្នកដឹកនាំ​នាពេលខាងមុខ​ផង​នោះ រដ្ឋាភិបាល​សិង្ហ​បុរី បាន​អំពាវនាវ​ប្រជាជន​បន្ត​រួបរួម និង​សាមគ្គីភាព​គ្នា​។ សិង្ហ​បុរី ចង់ឃើញ​ប្រជាជន​ធ្វើបែបនេះ​ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​នៃ​ប្រជាជាតិ​ទៅកាន់​ពិភពលោក និង​ជាពិសេស​នោះ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ឲ្យ​កាន់តែច្រើន​។

 
 
​នា​កម្មវិធី​អបអរ​បុណ្យចូលឆ្នាំ​ចិន​នៅ​ថ្ងៃ​៩ កុម្ភៈ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី លោក Chan Chun Sing បាន​ណែនាំ​ឲ្យ​ប្រជាជន​ត្រូវ​ចេះ​ឲ្យ​តម្លៃ និង​ស្រលាញ់​ស្ថិរភាព​របស់​ប្រទេស​ដែល​ខ្លួន​មាន​។ សម្រាប់​លោក​រដ្ឋមន្ត្រី ស្ថិរភាព គឺជា​ធាតុ​ចូល​ដ៏​សំខាន់បំផុត​មួយ​ក្នុងការ​កំណត់​ពី​ភាពជោគជ័យ​របស់​ប្រទេស និង​ការប្រកួតប្រជែង​ដើម្បី​ផលប្រយោជន៍​របស់​ពិភពលោក​។ 
 
​តាម​ប្រភពព័ត៌មាន​សិង្ហ​បុរី Channel News Asia ស្របពេល​សង្គម និង​ពិភពលោក មានការ​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ត្រូវ​បង្ហាញ​ពី​សញ្ញាណ​វិជ្ជមាន​ទៅកាន់​ពិ​ព​ភ​លោក​អំពី​ស្ថិរភាព ការរួបរួម​គ្នា​ជា​ធ្លុង​មួយ និង​ការអភិវឌ្ឍ​ឥតឈប់ឈរ​របស់​សិង្ហ​បុរី ដើម្បី​ធ្វើ​ឲ្យ​វិនិយោគិន​មាន​ទំនុកចិត្ត និង​នៅតែ​ចង់​វិនិយោគ​នៅ​សិង្ហ​បុរី ហើយ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​បន្ថែមទៀត​។ 
 
​បន្ថែម​ពី​ការស្នើ​ដល់​ប្រជាជន លោក​រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​ពី​តម្រូវការ​ចាំបាច់​របស់​សិង្ហ​បុរី​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ផងដែរ​។ ស្របពេល​សិង្ហ​បុរី នៅ​មិនទាន់​អាច​កំណត់​ច្បាស់​អ្នក​បន្តវេន​ពី​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​បច្ចុប្បន្ន Lee Hsein Loong នោះ លោក​រដ្ឋមន្ត្រី បាន​អះអាង សិង្ហ​បុរី ត្រូវការ​មេដឹកនាំ ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​មាន​ចក្ខុវិស័យ​សម្រាប់​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ទោះ​សិង្ហ​បុរី បាន​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​មានការ​អភិវឌ្ឍ​បំផុត​របស់​ពិភពលោក​ក៏ដោយ លោក​រដ្ឋមន្ត្រី មិន​ចង់​ឲ្យ​ប្រជាជន​បណ្តែតបណ្តោយ​ខ្លួន​តាម​ទំនោរ​នេះឡើយ​។ លោក សង្កត់ធ្ងន់ ថា​៖«​ទាំង​រដ្ឋាភិបាល និង​ប្រជាជន មិនត្រូវ​ភ្លេចខ្លួន និង​ត្រេកត្រអាល​ពេក​នឹង​អ្វីដែល​ខ្លួន​មាន រហូត​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដឹកនាំ​ធូររលុង និង​ធ្លាក់ចុះ​វិញ​ឡើយ​»​។ 
 
​តាម​របាយការណ៍​ស្តី​ពីស​ន្ទ​ស្សន៍ នៃ​ការប្រកួតប្រជែង​សកល​ឆ្នាំ​២០១៨​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់​លេខ​២​។ ការប្រកួតប្រជែង​នេះ រាប់បញ្ចូល​ទាំង​លើ​ផ្នែក​សេដ្ឋកិច្ច​, ភាព​សកម្ម​របស់​ប្រជាជន​, បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅក្នុង​ប្រទេស​ជាដើម​៕ 

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com