អន្តរជាតិ
តុលាការហ្វីលីពីនដោះលែងលោកស្រី Maria Ressa នៅក្រៅឃុំដោយបង់លុយ១៩០០ដុល្លារ
× អ្នកសារព័ត៌មានហ្វីលីពីន លោកស្រី Maria Ressa ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅថ្ងៃទី ១៤ ខែកុម្ភៈ ក្រោយពីលោកស្រីត្រូវបានចាប់ខ្លួននៅការិយាល័យសារព័ត៌មាន Rappler ក្នុងរដ្ឋធានីម៉ានីលកាលពីថ្ងៃពុធ។
លោកស្រី Ressa ដែលល្បីឈ្មោះដោយសារហ៊ានរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកប្រធានាធិបតីហ្វីលីពីន ឌូទើតេ បានដើរចេញពីតុលាការក្រុងម៉ានីល ក្រោយពីចំណាយពេលពេញមួយយប់នៅការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីន។
តុលាការហ្វីលីពីនបានសម្រេចដោះលែងលោកស្រី Ressa ឲ្យនៅក្រៅឃុំ តែត្រូវបង់ប្រាក់ចំនួន ១៩០០ដុល្លារ។ នេះជាលើកទី៦ហើយដែលលោកស្រីបង់ប្រាក់ដើម្បីអាចនៅក្រៅឃុំ ក្រោយពីរងបទចោទជាច្រើនករណី។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Ressa បាននិយាយថា៖ «ការចាប់ខ្លួននេះមានន័យពីរយ៉ាងគឺការរំលោភអំណាច និងយកច្បាប់ធ្វើជាអាវុធ»។
គួររម្លឹកផងដែរថា លោកស្រី Maria Ressa ត្រូវបានចាប់ខ្លួនក្នុងការិយាល័យលោកស្រីនៅរដ្ឋធានី ម៉ានីល កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រោមបទចោទ «បរិហារកេរ្តិ៍លើអ៊ីនធឺណិត»។ ចំណាត់ការផ្លូវច្បាប់ថ្មីនេះកំពុងដាក់សម្ពាធកាន់តែខ្លាំងលើលោកស្រី Ressa និងវេបសាយព័ត៌មាន Rappler របស់លោកស្រី ដែលបច្ចុប្បន្នប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងគេចពន្ធផងនោះ។
សារព័ត៌មាន Rappler ចាប់ផ្តើមទទួលរងការប្រតិកម្មពីរដ្ឋបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់តាំងពីខ្លួនបានចុះផ្សាយអត្ថបទព័ត៌មានរិះគន់ចំៗលើយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់គិតចាប់ពីឆ្នាំ២០១៦មក។ ក្នុងរឿងក្តីពន្ធដារ រដ្ឋាភិបាលហ្វីលីពីនចោទប្រកាន់ថា សារព័ត៌មាន Rappler, លោកស្រី Ressa និងសហការីផ្នែកគណនេយ្យ មិនបង់ពន្ធជាង ៣ លានដុល្លារក្នុងឆ្នាំ២០១៥ ។
ក្រៅពីសារព័ត៌មាន Rappler ប្រធានាធីបតីហ្វីលីពីន ឌូទើតេក៏បានប្រតិកម្មចំពោះសារព័ត៌មានដែលហ៊ានចេញមុខរិះគន់ផ្សេងទៀត រួមមាន Philippine Daily, កាសែត Inquirer និងទូរទស្សន៍ ABS-CBN ។ ត្រង់ចំណុចនេះលោកបានព្រមានតាមជាន់កែងម្ចាស់សារព័ត៌មានទាំងនោះជុំវិញបទចោទគេចពន្ធ ឬលែងផ្តល់សិទ្ធិបើកអាជីវកម្មជាដើម៕
Tag:
ហ្វីលីពីន
លោកស្រី Maria Ressa
© រក្សាសិទ្ធិដោយ thmeythmey.com