ជាតិ
ករណី​លោក កឹម សុខា​៖ ក្រសួងយុត្តិធម៌ ចាត់ទុក​សម្តី​ទូត​អាមេរិក​ជាការ​ទម្លាក់កំហុស​អ​សុទ្ធិចិត្ត​លើ​ស្ថាប័ន​ច្បាប់
19, Feb 2019 , 10:54 am        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​ចាត់ទុក​ករណី​ឃុំខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿង​អយុត្តិធម៌​នោះ គឺជា​កាយវិការ​មិន​គោរព​អធិបតេយ្យភាព និង​ឯករាជ្យ​កម្ពុជា ដោយ​ទម្លាក់កំហុស​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់ ។ នេះ​ជាការ​ឆ្លើយតប​របស់​ក្រសួងយុត្តិធម៌ ទៅ​ស្ថានទូត​អាមេរិក​។​

 
​ក្រសួងយុត្តិធម៌ ដែល​មិន​ពេញចិត្ត​ការបកស្រាយ​រប​ស់​ស្ថានទូត​អាមេរិក ចាត់ទុក​សម្តី​បែបនេះ​ថា ជា​ចេតនា​បំភ្លៃ និង​បំភ័ន្ត​សាធារណមតិ​ជាតិ និង​អន្តរជាតិ ឲ្យ​មានការ​យល់ច្រឡំ​ចំពោះ​ការអនុវត្ត​នីតិវិធី និង​ការអនុវត្ត​ច្បាប់ ដោយ​តុលាការ​កម្ពុជា ដែលជា​ស្ថាប័ន​ឯករាជ្យ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក កឹម សុខា​។​
 
​សេចក្តីថ្លែងការណ៍ ២​ទំព័រ​របស់​ក្រសួងយុត្តិធម៌ ឆ្លើយតប​ទៅ​ស្ថានទូត​អាមេរិក យ៉ាង​ដូច្នេះ​ថា​៖«​សម្ដែង​នូវ​ការសោកស្ដាយ​ជាខ្លាំង​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ ដែលមាន​ច​រិ​ក​ជាការ​បំភ្លៃ និង​ការ​បំភ័ន្ត​ការយល់ដឹង​របស់​សាធារណមតិ​ចំពោះ​ករណី​សំណុំរឿង​ព្រហ្មទណ្ឌ​ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ហើយ​ទម្លាក់កំហុស ដោយ​អ​សុទ្ធចិត្ត​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់​កម្ពុជា ដែល​បាន​អនុវត្ត​តួនាទី​សមត្ថកិច្ច​របស់ខ្លួន​ដោយ​ឯករាជ្យ​ត្រឹមត្រូវ​តាមច្បាប់ និង​នីតិវិធី​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។​
 
​កាលពីពេល​ថ្មីៗ​នេះ ស្ថានទូត​អាមេរិក បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖«​តើ​អ្នកមាន​ដឹង​ទេ​ថា លោក កឹម សុខា បាន​ជាប់​ក្នុងការ​ឃុំឃាំង​ជិត​១៨​ខែ​មកហើយ​? វា​មាន​រយៈពេល​៥៣០​ថ្ងៃ​នៃ​ការជាប់​ឃុំ​។​គាត់ [​លោក កឹម សុខា​] ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។ មិនមាន​ភស្តុតាង​ណាមួយ​ប្រឆាំងនឹង​គាត់​ឡើយ ហើយក៏​មិនទាន់​ការកំណត់​បើកសវនាការ​កាត់ទោស​គាត់​ដែរ​។ គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់ទោស គ្មាន​យុត្តិធម៌​…»​។ 
 
​ដោយសារ​ការលើកឡើង​បែបនេះហើយ ទើប​ក្រសួងយុត្តិធម៌ ចេញមុខ​បកស្រាយ តាមរយៈ​សេចក្តីថ្លែងការណ៍​ខ្លួន​ដដែល ដោយ​លើកយក​ទឡ្ហីករណ៍​៤​ចំណុច​ពន្យល់ថា អាជ្ញាធរ​បាន​រកឃើញ​ភស្តុតាង​រឹងមាំ​ជាច្រើន​គ្រប់គ្រាន់ ដែល​បង្ហាញថា​លោក កឹម សុខា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​សម្ងាត់ ដោយ​ឃុបឃិត​គ្នា​ជាមួយ​បរទេស​ក្នុងការ​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា តាមបែប​បដិវត្ត​ពណ៌​។ បន្ថែម​ពីនេះ​ក្រសួងយុត្តិធម៌ អះអាង​ការពារ​ចំណាត់ការ​តុលាការ ដោយ​បកស្រាយ​ប្រាប់​អាមេរិក​ទៀតថា សំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​សមត្ថកិច្ច​របស់​ចៅក្រម​ស៊ើបសួរ ដែល​កំពុង​អនុវត្ត​នីតិវិធី​នានា​ស្របតាម​ក្រមព្រហ្មទណ្ឌរ​បស់​កម្ពុជា ដោយ​មិន​ខុសពី​ការអនុវត្ត​ច្បាប់​របស់​ប្រទេស​ដទៃ​កន្លងមក​នោះទេ​។​
 
​ត្រង់ចំណុច​នេះ​ក្រសួងយុត្តិធម៌ បកស្រាយ​ផ្នែក​ច្បាប់​កម្ពុជា​ទៅ​ស្ថានទូត​អាមេរិក​ថា ចំណាត់​ការបន្ត​របស់​តុលាការ​នោះ គឺ​ចៅក្រម​ស៊ើបសួរ​ត្រូវបាន​ផ្ដល់​ពេលវេលា​ចាំបាច់​នានា សម្រាប់​ការ​ស៊ើបសួរ និង​ការស្រាវជ្រាវ​ប្រមូល​ភស្តុតាង​ឲ្យ​បាន​គ្រប់គ្រាន់ មុននឹង​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ និង​ដោយ​ឯករាជ្យ​ក្នុងការ​បិ​ទ្ធ​បញ្ចប់​ការ​ស៊ើបសួរ​របស់ខ្លួន ដែល​អាចជា​ការសម្រេច​លើកលែង​ការចោទប្រកាន់ ឬ​ការសម្រេច​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​នៅក្នុង​ដំណាក់កាល​នីតិវិធី​បន្ទាប់​។ ដូច្នេះ​តាមច្បាប់​របស់​កម្ពុជា ស្ថាប័ន​ដែលមាន​សមត្ថ​កិច្ច​ក្នុងការ​សម្រេច​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ឬ​ពិត​ជាមាន​កំហុស​ទាក់ទង​នឹង​ការចោទប្រកាន់​អំពើ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នោះ គឺ​មានតែ​ស្ថាប័ន​តុលាការ​ប៉ុណ្ណោះ​។​
 
 
«​សូម​អំពាវនាវ​ដ៏​ទទូច​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ សូម​បញ្ឈប់​ការបកស្រាយ​ដោយ​បំភ័ន្ត និង​លាប​ពណ៌​នយោបាយ​ទៅលើ​ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​តុលាការ ដោយ​សូម​ទុក​កិច្ចការ​នេះ ជូន​ស្ថាប័ន​តុលាការ​កម្ពុជា ចាត់ការ​តាមច្បាប់​របស់​កម្ពុជា​ក្នុងឋានៈ​ជា​រដ្ឋ​អធិបតេយ្យ​»​។ នេះ​ជាការ​លើកឡើង​របស់​ក្រសួងយុត្តិធម៌​។​
 
​មិនមែន​តែ​ក្រសួងយុត្តិធម៌​ទេ ដែល​ប្រតិកម្ម​តប​នឹង​ស្ថានទូត​អាមេរិក សូម្បីតែ​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​ចេញមុខ​ការពា​រ​ចំណាត់ការ​នានា​របស់រ​ដ្ឋា​ភិ​បាល និង​ស្ថាប័នរដ្ឋ​កម្ពុជា ជុំវិញ​ករណី​លោក កឹម សុខា​នេះ ។ ដ្បិត​មិន​និយាយ​ចំៗ ប៉ុន្តែ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ក្រើនរម្លឹក​ដល់​ស្ថានទូត​អាមេរិក អំពី​ការផ្សារភ្ជាប់​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ អំពី​មាត្រា​៤១​នៃ​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ឆ្នាំ​១៩៦១ ដែលជា​ពិសេស​តម្រូវឱ្យ​ស្ថានទូត​សហរដ្ឋអាមេរិក គោរព​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា និង​មិនត្រូវ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​៕

Tag:
 កឹម សុខា​
  អាមេរិក​
  ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com