ជាតិ
រដ្ឋបាលខេត្ត​សៀមរាប​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ក្នុងពេល​ប្រារព្ធ​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ​លើក​ទី​៤
23, Feb 2019 , 2:52 pm        
រូបភាព
រូបភាពពីមន្ទីរព័ត៌មានខេត្តសៀមរាប
រូបភាពពីមន្ទីរព័ត៌មានខេត្តសៀមរាប
សៀមរាប​៖ ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ ត្រូវបាន​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដែល​អាច​កើតមាន​ជាយថាហេតុ​។ រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រារព្ធ​ទិវា​នេះ​ជា​លើក​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ ដោយ​ក្នុងនោះ​ក៏មាន​ការធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​ផងដែរ​។​

 
​សមយុទ្ធ​ដែល​ប្រារព្ធ​ក្នុង​ទិវា​បង្ការ និង​ពន្លត់​អគ្គិភ័យ​លើក​ទី​៤ នៅ​ខេត្តសៀមរាប មាន​ទាំង​ការបាញ់​ពន្លត់​ធុង​ហ្គាស ការបាញ់​ទុយោ និង​ការប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ​។ ពិធី​នេះ ធ្វើឡើង​នៅ​បរិវេណ​តំបន់​ផ្លូវ​៦០​ម៉ែត្រ ជាប់​អគារ​រដ្ឋបាលខេត្ត ដោយមាន​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៤ អភិបាលខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ផងដែរ​។​


 
​ក្នុង​ពិធី​នោះ​លោក ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៤ បាន​ថ្លែងថា ការរៀបចំ​ពិធី​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុង​ការងារ​បង្ការ​គ្រោះមហន្តរាយ​នេះ​។ ក្នុងនោះដែរ លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់ ពិសេស​នៅ​រដូវប្រាំង​នេះ ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង ដែល​ត្រូវមាន​ការប្រុងប្រយ័ត្ន លើ​បញ្ហា​អគ្គិភ័យ​ជា​ចាំបាច់​។​


 
​ក្រៅពីនេះ លោក ប៉ុល លឹម ក៏បាន​ប្រាប់​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​លើ​វិស័យ​សំណង់​នានា ធ្វើយ៉ាងណា​ធានាថា សំណង់​ទាំងនោះ​ស្របច្បាប់ មុននឹង​អនុញ្ញាតឱ្យ​សាងសង់​។ លោក​ពន្យល់ថា រាល់​សំណង់​តូចធំ ត្រូវ​ទុក​ច្រកចេញចូល​តាម​ការកំណត់ ដែលមាន​ក្នុង​ច្បាប់ សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ ឬ​រថយន្ត​សង្គ្រោះ ចូលធ្វើ​អន្ដរាគមន៍​ពេល​មាន​អាសន្ន​នានា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com