ជាតិ
រដ្ឋបាលខេត្តសៀមរាបធ្វើសមយុទ្ធទ្រង់ទ្រាយធំ ក្នុងពេលប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៤ រូបភាពពីមន្ទីរព័ត៌មានខេត្តសៀមរាប
×
សៀមរាប៖ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ ដែលអាចកើតមានជាយថាហេតុ។ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធទិវានេះជាលើកទី៤ នៅព្រឹកថ្ងៃទី២២ កុម្ភៈ ដោយក្នុងនោះក៏មានការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំផងដែរ។
សមយុទ្ធដែលប្រារព្ធក្នុងទិវាបង្ការ និងពន្លត់អគ្គិភ័យលើកទី៤ នៅខេត្តសៀមរាប មានទាំងការបាញ់ពន្លត់ធុងហ្គាស ការបាញ់ទុយោ និងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទ្រង់ទ្រាយធំ។ ពិធីនេះ ធ្វើឡើងនៅបរិវេណតំបន់ផ្លូវ៦០ម៉ែត្រ ជាប់អគាររដ្ឋបាលខេត្ត ដោយមានប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ អភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋផងដែរ។
ក្នុងពិធីនោះលោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ បានថ្លែងថា ការរៀបចំពិធីនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការងារបង្ការគ្រោះមហន្តរាយនេះ។ ក្នុងនោះដែរ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពិសេសនៅរដូវប្រាំងនេះ ដែលអាកាសធាតុក្ដៅខ្លាំង ដែលត្រូវមានការប្រុងប្រយ័ត្ន លើបញ្ហាអគ្គិភ័យជាចាំបាច់។
ក្រៅពីនេះ លោក ប៉ុល លឹម ក៏បានប្រាប់ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យលើវិស័យសំណង់នានា ធ្វើយ៉ាងណាធានាថា សំណង់ទាំងនោះស្របច្បាប់ មុននឹងអនុញ្ញាតឱ្យសាងសង់។ លោកពន្យល់ថា រាល់សំណង់តូចធំ ត្រូវទុកច្រកចេញចូលតាមការកំណត់ ដែលមានក្នុងច្បាប់ សម្រាប់រថយន្តពន្លត់អគ្គិភ័យ ឬរថយន្តសង្គ្រោះ ចូលធ្វើអន្ដរាគមន៍ពេលមានអាសន្ននានា៕
© រក្សាសិទ្ធិដោយ thmeythmey.com