ជាតិ
សង្គមជាតិ
ជម្លោះ​ដី​នៅ​ខេត្ត​ព្រះសីហនុ​៖ សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​រឹបអូស​ដី​សម្បទាន យកមក​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​វិញ​
28, Feb 2019 , 3:46 pm        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រឹបអូស​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ យកមក​គ្រប់គ្រង​វិញ ហើយ​យក​ដី​នោះ បែងចែក​ឲ្យ​ពលរដ្ឋ​វិញ​។ ការសម្រេច​របស់​សម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នៃ​គណបក្សនយោបាយ​ទាំង​១៦ នៅ​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ​។​

 
​ក្រោយពី​ពិនិត្យមើល​របាយការណ៍​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នោះ សម្ដេច ហ៊ុន សែន ក៏​សម្រេច​ចេញ​វិធានការ​ភ្លាមៗ ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា​។ ក្នុងចំណោម​បញ្ហាដីធ្លី​ទាំងនោះ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រឹបអូស​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នោះ យកមក​គ្រប់គ្រង​វិញ ហើយ​រៀបចំ​ជា​ដី​សម្បទាន​សង្គមកិច្ច បែងចែក​ឲ្យ​ពលរដ្ឋ ដែល​កំពុង​រស់នៅ​ស្នាក់អាស្រ័យ​ផល​នៅ​ទីនោះ​វិញ​។ នេះ​ជាការ​លើកឡើង​របស់លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​បានធ្វើ​សន្និសីទកាសែត នៅក្នុង​កិច្ចប្រជុំ​នេះ​។​
 
​បើតាម​លោក ឈឹម ផល​វរុណ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ជា សុផារ៉ា និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​នេះ​។ រដ្ឋមន្ត្រី​ទាំងពីរ ត្រូវ​សិក្សា​បែបបទ​មូលដ្ឋាន និង​ធ្វើ​ចំណាត់ការ​ជា​លក្ខណៈ​គតិយុត្ត​ស្នើ​ទៅ​តុលាការ ដើម្បី​ពិនិត្យមើល​លើ​ការ​កាត់សេចក្តី​នេះ​ឡើងវិញ​។​
 
​ក្រៅពី​ដោះស្រាយ​បញ្ហាដីធ្លី​នេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជា​ឲ្យ​ពិនិត្យ​ដក​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ​និង​អភិបាលរង​ខេត្ត​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​អំពើហិង្សា រវាង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ ក្នុង​រឿង​តវ៉ា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​នេះ​។ សម្រាប់​សម្ដេច ហ៊ុន សែន ការប្រើ​កងកម្លាំង​បង្ក្រាប​លើ​ពលរដ្ឋ ដែល​បង្ក​ឲ្យ​មាន​អ្នករងរបួស​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។​
 
​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាននាំគ្នា​តវ៉ា ក្រោយ​តុលាការ​កំពូល ចេញ​សាលដីកា​ស្ថាពរ​សម្រេច​ឲ្យ​ឧកញ៉ា​ម្នាក់​ឈ្នះក្តី​ពួកគាត់ លើ​រឿង​ដីធ្លី នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ បន្ទាប់មក កម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ដែល​រួមមាន កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង កម្លាំងយោធា ក្រោម​ការដឹកនាំ​របស់​អភិបាលរង​ខេត្ត បាន​ចុះទៅ​អនុវត្ត​សាលដីកា​របស់​កំពូល ហើយក៏​ប្រឈមមុខ​ជាមួយ​ប្រជាពលរដ្ឋ រហូត​ឈានដល់​ផ្ទុះ​អំពើហិង្សា​។ 
 
​កម្លាំងប្រដាប់អាវុធ បាន​បាញ់កាំភ្លើង​៦​គ្រាប់ ក្នុង​ព្រឹត្តិការណ៍​នោះ​។ ប៉ុន្តែ សមត្ថកិច្ច បដិសេធថា គ្រាប់កាំភ្លើង​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ មិនមែនជា​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច​ឡើយ​។ រហូតមកដល់​ពេលនេះ សមត្ថកិច្ច មិនទាន់​រកឃើញ​ជន​ល្មើស ដែល​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​នោះទេ​។​
 
​ងាក​ចេញពី​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​នេះ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​តំបន់ភ្នំ​ដោះ​ក្រមុំ ក្នុង​ខេត្តរតនគិរី មក​គ្រប់គ្រង​វិញ​ដែរ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​។ ការសម្រេច​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ធ្វើឡើង​ក្រោយពី​មានការ​ស្នើ​របស់​ប្រធាន​គណបក្ស​ជនជាតិដើម​ភាគតិច​ប្រជាធិបតេយ្យ ដែល​នាំយក​ក្តី​ព្រួយបារម្ភ​របស់​ពលរដ្ឋ​ប្រាប់​ទៅ​សម្ដេច​។ សម្ដី​សម្ដេច​ក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ ស្មើនឹង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​។ គួរ​បញ្ជាក់ថា សម្ដេច ហ៊ុន សែន បានកំណត់​ប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ រៀងរាល់​៦​ខែម្ដង​៕
 

Tag:
 ​ហ៊ុន សែន​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com