សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ ពិចារណាហាមឃាត់ការនាំចូលរថយន្តមួយទឹក ដើម្បីការពារបរិស្ថាន
× រដ្ឋាភិបាលថៃ ពិចារណាអនុវត្តការហាមឃាត់លើការនាំចូលរថយន្តដែលប្រើប្រាស់រួច (មួយទឹក) ពីបរទេស។ សម្រាប់ចំណាត់ការថ្មីនេះ រដ្ឋាភិបាលក្រុងបាងកកអះអាងថា វានឹងជួយការពារដល់បរិស្ថាន និងកាត់បន្ថយការបំពុលខ្យល់ក្នុងប្រទេស ដ្បិតការប្រយុទ្ធប្រឆាំងនឹងខ្យល់កខ្វក់ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈជាតិរបស់ថៃរួចរាល់។
រដ្ឋមន្ត្រីស្តីទីនៃក្រសួងពាណិជ្ជកម្មថៃ លោកស្រី Chutima Bunyapraphasara និយាយថា ក្រសួងកំពុងរឹតបន្តឹងបទបញ្ជាលើការនាំចូលរថយន្តដែលប្រើប្រាស់រួចពីបរទេស ក្រោយពីធ្វើការពិភាក្សាចំពោះបញ្ហានេះជាមួយភ្នាក់ងាររដ្ឋពាក់ព័ន្ធប្រមាណជាង១៥លើកមកហើយនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី២៨ ខែកុម្ភៈ ។
ការហាមប្រាមថ្មីនេះ នឹងត្រូវអនុវត្តតែទៅលើការនាំចូលរថយន្តមួយទឹកសម្រាប់ប្រើជាលក្ខណៈឯកជនដោយមិនរាប់បញ្ចូល ការនាំចូលរថយន្តធុនធំមួយទឹក, រថយន្តសម្រាប់សហគ្រាសឯកជននិងមន្ត្រីរាជការ, រថយន្តរបស់មន្ទីរពេទ្យ, រថយន្តពន្លត់អគ្គិសនី និងការនាំចូលដើម្បីនាំចេញបន្ត។ បើតាមសារព័ត៌មានដដែល ក្រសួងពាណិជ្ជកម្មថៃ នឹងបញ្ជូនសំណើនេះទៅកាន់គណៈរដ្ឋមន្ត្រីនាពេលឆាប់ៗនេះ។
តាមពិតទៅ ការនាំចូលរថយន្តមួយទឹកសម្រាប់ប្រើជាលក្ខណៈឯកជន គឺមានចំនួនតិចតួច មានត្រឹមតែ១០០គ្រឿងប៉ុណ្ណោះកាលពីឆ្នាំ២០១៨។ នេះបើតាមទិន្នន័យរបស់នាយកដ្ឋានពន្ធគយថៃ។ យ៉ាងណាមិញ លោកស្រី Chutima លើកឡើងថា ករណីនៃការរត់ពន្ធរថយន្តមួយទឹកដើម្បីយកទៅលក់ក្នុងប្រទេសថៃ អាចមានចំនួនច្រើនសន្ធឹកសន្ធាប់ ពោលគឺច្រើនជាងចំនួនដែលត្រូវបានរាយការណ៍ដល់នាយកដ្ឋានពន្ធគយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ការប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់ត្រូវបានដាក់បញ្ចូលទៅក្នុងរបៀបវារៈជាតិរបស់ថៃ ដែលប្រមែប្រមូលភ្នាក់ងារពាក់ព័ន្ធទាំងអស់ឲ្យ ចាត់វិធានការចាំបាច់ក្នុងគោលដៅដោះស្រាយបញ្ហាខ្យល់កខ្វក់។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា កាលពីថ្មីៗនេះ ក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងសំណុំរឿងខ្យល់កខ្វក់ ស្វែងរកមធ្យោបាយទប់ស្កាត់ប្រជាកសិករថៃពីការដុតព្រៃឈើដើម្បីយកដីធ្វើកសិកម្ម។ ដ្បិតរដ្ឋាភិបាលអះអាងថា ការអនុវត្តរបៀបនេះបង្កើនកម្រិតជាតិពុលក្នុងខ្យល់៕
Tag:
ថៃ
ការនាំចូលរថយន្ត
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com