កីឡាជាតិ
ជាតិ
លោក អ៊ុក សិទ្ធិ​ជាតិ​៖ សហព័ន្ធ​មិនត្រូវ​យក​ម្ចាស់​មេដាយ​អន្តរជាតិ ធ្វើតេស្ត​ជាមួយ​កីឡាករ​វ័យក្មេង​
28, Feb 2019 , 9:39 pm        
រូបភាព
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា, រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា, រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
ដោយ:
​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ផ្តល់ឱកាស​ដល់​កីឡាករ​វ័យក្មេង ដោយ​មិន​ត្រូវយក​ម្ចាស់​មេដាយ​លើ​ឆាក​អន្តរជាតិ​ធ្វើតេស្ត​លាយឡំ​ជាមួយ​ពួកគេ​ក្នុងការ​ជ្រើសរើស​យុវជន​ថ្នាល​។ ព្រោះ លោក​ជឿជាក់ថា​ការធ្វើ​តេស្ត​ចំរុះ​គ្នា​អាចធ្វើ​ឲ្យ​យុវជន​មាន​ទេពកោសល្យ​មួយចំនួន​បាត់បង់​ឱកាស និង​បាក់​ទឹកចិត្ត​។​

 
​នា​វគ្គ​បណ្តុះបណ្តាល​ស្តីពី​«​ការចុះឈ្មោះ​និង​គ្រប់គ្រង​ទិន្នន័យ​កីឡាករ​កីឡាការិនី​ថ្នាល​និង​ជម្រើសជាតិ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​»​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក អ៊ុក សិទ្ធិ​ជាតិ ប្រាប់​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ជៀសវាង​យក​កីឡាករ ដែល​ធ្លាប់​ឈ្នះ​មេដាយ​ពិភពលោក អាស៊ី ឬ​ស៊ី​ហ្គេម ធ្វើតេស្ត​សមត្ថភាព​ជាមួយ​កីឡាករ​វ័យក្មេង​។ ការជំរុញ​បែបនេះ គឺ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​យុវជន​មាន​ទេពកោសល្យ​ថ្មីៗ ទទួលបាន​ឱកាស​ធ្វើជា​យុវជន​ថ្នាល​។ 


 
​លោក​ជឿជាក់ថា បើ​សហព័ន្ធ​ពុំ​ធ្វើបែបនេះ​ទេ នោះ​យុវជន ដែលមាន​ទេពកោសល្យ និង​សក្តានុពល​ថ្មីៗ​អាច​បាត់បង់​ឱកាស​ក្នុងការ​ក្លាយជា​យុវជន​ថ្នាល ដើម្បី​តំណាង​ឲ្យ​ប្រទេសជាតិ​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ពិសេស​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​។ លើសពីនេះ អាចធ្វើ​ឲ្យ​យុវជន​ទាំងនោះ​បាក់​ទឹកចិត្ត​រអា​ក្នុងការ​ធ្វើតេស្ត​នៅលើ​ក​ក្រោយៗ​ទៀត​។ 
 
​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​រូបនេះ បាន​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​ខាងលើ​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ចុះឈ្មោះ​តាម​អន​ឡាញ និង​ការប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​គេហទំព័រ​ដល់​សហព័ន្ធ​កីឡា​ជាតិ​។ ក្នុងន័យ​បង្ក​ភាពងាយស្រួល​ដល់​សហព័ន្ធ​ក្នុងការ​គ្រប់គ្រង​កីឡាករ​និង​ទិន្នន័យ​ពាក់ព័ន្ធ​គុណ​ផល សុខភាព និង​ប្រភេទ​ឈាម​ជាដើម​។​


 
​បើតាម​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំ​មួយថ្ងៃ​ពេញ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ដោយមាន​សិក្ខាកាម​ចំនួន​៨០​នាក់​មកពី​៣៤​សហព័ន្ធ​ចូលរួម​។ សហព័ន្ធ​ទាំងនេះ សុទ្ធសឹង​ជា​សហព័ន្ធ ដែល​ត្រូវ​ប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​សម្រាប់​ឆ្នាំ​២០១៩​។ សម្រាប់​ការចូលរួម មួយ​សហព័ន្ធ​អាច​បញ្ជូន​មនុស្ស​ពីរ​នាក់​ឲ្យ​ចូលរួម គឺ​អគ្គលេខាធិការ និង​មន្ត្រី​ព័ត៌មាន​របស់​សហព័ន្ធ​៕ 

Tag:
 អគ្គនាយកដ្ឋាន​កីឡា​
  អ៊ុក សិទ្ធិ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com