ជាតិ
ពីនេះ ពីនោះ
ត្រី​ខ្ជឹង​មាន​ទម្លាប់​មិន​ចាក​ចេញពី​កន្លែង​ដែល​វា​រស់​នៅឡើយ បើ​ពុំមាន​ការរំខាន
02, Mar 2019 , 3:30 pm        
រូបភាព
​ត្រី​ខ្ជឹង ដែល​គេ​នេសាទ​បាន​ទី​អាង​ស្តុក​ទឹក​វារិ​អគ្គិសនី សេ​សាន​២ នៅ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ត្រី​ខ្ជឹង ដែល​គេ​នេសាទ​បាន​ទី​អាង​ស្តុក​ទឹក​វារិ​អគ្គិសនី សេ​សាន​២ នៅ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​រស់​នៅតាម​ស្រទាប់​បាត​ដែលមាន​គ្រួស ថ្ម នៅតាម​តំបន់​លិច​ទឹក​ដូចជា ទន្លេ ស្ទឹង អូរ អាង​ស្តុក​ទឹក ដែលមាន​ចរន្តទឹក​ហូរ​។

 
​ត្រី​ខ្ជឹង មានឈ្មោះ​វិទ្យាសាស្ត្រ (Mastacembelus armatus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Spiny eel​។ ត្រី​ខ្ជឹង​ពេញវ័យ រស់នៅក្នុង​តំបន់​ខ្ពង់រាប ស្ទឹង រហូតដល់​តំបន់​វាលទំនាប​។ ជាធម្មតា គេ​ឃើញ​វា​មាន​រស់​នៅតាម​ស្ទឹង និង​ទន្លេ ដែលមាន​ខ្សាច់ ថ្មកំបោរ គ្រួស​។ ត្រី​ប្រភេទ​នេះ កម្រ​នឹង​ចាក​ចេញពី​បាត​ស្ទឹង ឬ​ទន្លេ​ជា​កន្លែង​ដែល​វា​រស់នៅ​ណាស់ លើកលែងតែ​មានការ​រំខាន​។

វា​មាន​រស់នៅ​ច្រើន​នៅតាម​តំបន់​ដែលមាន​គ្រួស ថ្ម នៅក្នុង​ទន្លេ​គ​ង្គ នៅ​រដូវប្រាំង​។ ប៉ុន្តែ នៅ​រដូវវស្សា វា​ចូល​ទៅតាម​អូរ បឹង និង​តំបន់​រាល់​ទំនាប​លិច​ទឹក​ផ្សេងៗ នៅក្នុង​រដូវ​ទឹកជំនន់​។ វា​ស៊ី​ចំណី​នៅពេល​យប់ ដូចជា​កូនតូចៗ របស់​សត្វល្អិត ជន្លេន និង​រុក្ខជាតិ​ផ្សេងៗ​នៅក្រោម​ទឹក​។ ត្រី​ខ្ជឹង​មាន​ពង​ពេញ​មួយឆ្នាំ តែមាន​ចំនួន​តិច​។ វា​មាន​ពង​ច្រើន ចាប់ពី​ខែមេសា ដល់​ខែមិថុនា​។ 
 
​ត្រី​ខ្ជឹង ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១០ ជា​ប្រភេទ​ត្រី​មានការ​ព្រួយបារម្ភ​តិចតួច ដែល​នឹង​ឈានទៅដល់​ការ​ផុត​ពូជ​។ កត្តា​គំរាមកំហែង​នាពេល​បច្ចុប្បន្ន​ចំពោះ​ត្រី​ប្រភេទ​នេះ​មិន​ត្រូវបាន​គេ​ដឹង​ឡើយ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com