ជាតិ
ពីនេះ ពីនោះ
ត្រីខ្ជឹងមានទម្លាប់មិនចាកចេញពីកន្លែងដែលវារស់នៅឡើយ បើពុំមានការរំខាន ត្រីខ្ជឹង ដែលគេនេសាទបានទីអាងស្តុកទឹកវារិអគ្គិសនី សេសាន២ នៅខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីឥតស្រកាមួយប្រភេទ ជាប្រភេទត្រីទឹកសាប ដែលរស់នៅតាមស្រទាប់បាតដែលមានគ្រួស ថ្ម នៅតាមតំបន់លិចទឹកដូចជា ទន្លេ ស្ទឹង អូរ អាងស្តុកទឹក ដែលមានចរន្តទឹកហូរ។
ត្រីខ្ជឹង មានឈ្មោះវិទ្យាសាស្ត្រ (Mastacembelus armatus) និងឈ្មោះជាភាសាអង់គ្លេស Spiny eel។ ត្រីខ្ជឹងពេញវ័យ រស់នៅក្នុងតំបន់ខ្ពង់រាប ស្ទឹង រហូតដល់តំបន់វាលទំនាប។ ជាធម្មតា គេឃើញវាមានរស់នៅតាមស្ទឹង និងទន្លេ ដែលមានខ្សាច់ ថ្មកំបោរ គ្រួស។ ត្រីប្រភេទនេះ កម្រនឹងចាកចេញពីបាតស្ទឹង ឬទន្លេជាកន្លែងដែលវារស់នៅណាស់ លើកលែងតែមានការរំខាន។
វាមានរស់នៅច្រើននៅតាមតំបន់ដែលមានគ្រួស ថ្ម នៅក្នុងទន្លេគង្គ នៅរដូវប្រាំង។ ប៉ុន្តែ នៅរដូវវស្សា វាចូលទៅតាមអូរ បឹង និងតំបន់រាល់ទំនាបលិចទឹកផ្សេងៗ នៅក្នុងរដូវទឹកជំនន់។ វាស៊ីចំណីនៅពេលយប់ ដូចជាកូនតូចៗ របស់សត្វល្អិត ជន្លេន និងរុក្ខជាតិផ្សេងៗនៅក្រោមទឹក។ ត្រីខ្ជឹងមានពងពេញមួយឆ្នាំ តែមានចំនួនតិច។ វាមានពងច្រើន ចាប់ពីខែមេសា ដល់ខែមិថុនា។
ត្រីខ្ជឹង ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១០ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច ដែលនឹងឈានទៅដល់ការផុតពូជ។ កត្តាគំរាមកំហែងនាពេលបច្ចុប្បន្នចំពោះត្រីប្រភេទនេះមិនត្រូវបានគេដឹងឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com