ជាតិ
សង្គមជាតិ
អាជ្ញាធរ​ហាម​មិនឱ្យ​មានការ​បរិភោគ​អាហារ​ក្នុង​បរិវេណ​ប្រាសាទ​
02, Mar 2019 , 7:59 pm        
រូបភាព
 សៀមរាប​៖ ចាប់ពីពេលនេះ​តទៅ ការបរិភោគ​អហារ​ក្នុង​បរិវេណ​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ហាមឃាត់​។ នេះ​ជា​បំរាម​ថ្មី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងន័យ​ដើម្បី​រក្សា​សណ្ដាប់​ធ្លាប់ អនាម័យ​ក្នុង​បរិវេណ​ប្រាសាទ ខណៈដែល​កន្លងមក ស្ថាប័ន​មួយ​នេះ​សង្កេតឃើញថា ភ្ញៀវទេសចរ​មួយចំនួន​បាន​យក​អាហារ​ទៅ​ហូប​ក្នុង​បរិវេណ​ប្រាសាទ ដែល​បង្ក​នូវ​កង្វះ​អនាម័យ​នៅ​តំបន់​ទាំងនោះ​។​

 
​ក្នុង​លិខិត​ជូនដំណឹង​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ កុម្ភៈ អាជ្ញាធរ​ជាតិ​អប្សរា​បានចេញ​បំរាម​មិនឱ្យ​មានការ​បរិភោគ​អាហារ​ក្នុង​បរិវេណ​ប្រាសាទ ក្នុងពេល​ទស្សនា​ប្រាសាទ ជាពិសេស​អហារ​វេច​ខ្ចប់​ក្នុងអំឡុងពេល​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច​។ ជាមួយគ្នានេះ ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​ទេសចរណ៍ ក៏ដូចជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ត្រូវ​ណែនាំ​ដល់​ភ្ញៀវ​របស់ខ្លួន​អំពី​បំរាម​នេះ រីឯ​គ្រឹះស្ថាន​អង្គរ មាន​តួនាទី​ជួយ​ណែនាំ​ភ្ញៀវ និង​ហាមឃាត់​មិនឱ្យ​មានការ​វេច​ខ្ចប់​អាហារ​ចូល​ទស្សនា​ប្រាសាទ​ទាំង​អំឡុងពេល​ទិញ​បណ្ណ និង​ពេល​ពិនិត្យ​បណ្ណ​ចូល​ទស្សនា​ប្រាសាទ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com