ភ្នំពេញ៖ កម្ពុជាមានបង្គន់សាធារណៈចំនួន៧២ បានទទួលជ័យលាភី «បង្គន់ស្អាត» ក្នុងនោះបង្គន់ចំនួន២២ មានលក្ខណៈល្អដាច់គេ។ ជ័យលាភីនេះ ទទួលបានតាមរយៈចលនាប្រឡងប្រណាំង «បង្គន់សាធារណៈកម្ពុជា» ជាលើកដំបូងក្នុងឆ្នាំ២០១៩ ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន។
បេក្ខភាពបង្គន់សាធារណៈចំនួន១១៤ពី២០រាជធានី-ខេត្ត បានចូលរួមក្នុងចលនាប្រឡងប្រណាំង «បង្គន់សាធារណៈ» លើកទី១។ ក្នុងចំណោមនោះ បង្គន់សរុបចំនួន៧២ បានជាប់ជ័យលាភី។ នេះបើយោងតាមលទ្ធផលដែលប្រកាសកាលពីថ្ងៃទី២៥ ខែកុម្ភៈ។
ក្នុងចំណោមជ័យលាភីទាំង៧២ មានបង្គន់ចំនួន២២ ដែលបានជ័យលាភីស្អាតដាច់គេដោយទទួលបានស្នាមញញឹម៣ ជាមួយនឹងការទទួលបានពិន្ទុចន្លោះពី៣៤ ដល់៤៣។ បង្គន់ទាំង២២នេះ មាន៨ទីតាំងនៅទីក្រុងភ្នំពេញ ដែលមាននៅផ្សារអ៊ីអនទី១ និងទី២, សណ្ឋាគារផាលេសហ្គេត និងរីសត, មជ្ឈមណ្ឌលពាណិជ្ជកម្មហុងកុងលែន, សារមន្ទីរឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, សួនព្រះនាងប្រាជ្ញាបារមី, មជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់ និងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
ដោយឡែកបង្គន់ស្អាតដាច់ ១៤ទីតាំងទៀត មាននៅបណ្តាខេត្តនានា។ ក្នុងនោះខេត្តសៀមរាបមាន ៥ទីតាំង ដែលមាននៅគ្រឹះស្ថានអង្គរ, មណ្ឌលព័ត៌មានទេសចរណ៍ខេត្តសៀមរាប, រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា, ដឹ ហេរីថេក វ៉ក (The Heritage Walk)
និងនៅផ្សារទំនើបអង្គរ។
ខេត្តកែប មានបង្គន់នៅមជ្ឈមណ្ឌលធនធានតំបន់ឆ្នេរ និងបង្គន់សាធារណៈជ្រោយដូង។ កំពង់ចាម មាន ស្ថានីយ៍ប្រេងឥន្ធនៈភីធីធីចំនួនពីរទីតាំង គឺនៅផ្តៅជុំ និងនៅខេត្តកំពង់ចាមផ្ទាល់។ រីឯខេត្តបាត់ដំបង បង្គន់សាធារណៈស្អាតដាច់នៅសួនសម្តេចក្រឡាហោម ស ខេង។
ខេត្តកំពង់ធំ មានបង្គន់នៅភោជនីយដ្ឋានសម្រស់ព្រៃប្រស់ ខេត្តកំពង់ធំ មានបង្គន់នៅចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន, ខេត្តកំពង់ស្ពឺ មាននៅស្ថានីយ៍ប្រេងឥន្ទនៈភីធីធី ពេជ្រនិល និងមណ្ឌលគិរី មានបង្គន់នៅសណ្ឋាគារ មយូរ៉ាហៀលរីស៊ត។
ក្រៅពីបង្គន់ទាំង២២ដែលទទួលបានស្នាមញញឹមបី បង្គន់ចំនួន៣៣ទៀត ទទួលបានស្នាមញញឹម២ ជាមួយនឹងពិន្ទុពី៣០ ដល់៣៣ និង១៧ជ័យលាភីទៀត ទទួលបានស្នាមញញឹម១ ក្នុងពិន្ទុចន្លោះពី២១ ដល់២៩៕