ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
បើក«អាជីវកម្ម»មួយចានទឹកមួយចានគោក តែបើ«វិនិយោគ»បានតិចឬច្រើន មិនបាត់បង់ការងារ លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន Amru Rice
× ភ្នំពេញ៖ មានជម្រើសមួយផ្សេងទៀតក្រៅពីបើកអាជីវកម្ម នោះគឺការវិនិយោគ។ ការឈប់ពីការងារមកឈរជើងបើកអាជីវកម្មខ្លួនឯងតែម្ដង នោះយុវជនប្រឈមបាត់បង់ចំណូលពីការងារដែលធ្លាប់ទទួលបាន បើអាជីវកម្មមិនដំណើរការ។ តែបើវិនិយោគ គេអាចធ្វើការបណ្ដើរ និងវិនិយោគបណ្ដើរ។ មិនមែនការវិនិយោគគ្មានហានិភ័យនោះទេ តែយ៉ាងណាគេអាចរកចំណូលពីការងារដដែលទោះវិនិយោគបរាជ័យ។
នេះជាខ្លឹមសារនៃបទសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនផ្នែកស្រូវអង្ករ Amru Rice និងជាអ្នកវិនិយោគផ្នែកអចលនទ្រព្យ ព្រមទាំងជាអ្នកប្រឹក្សាអាជីវកម្មមួយរូប ដូចតទៅនេះ៖
មិនមែនថាការសម្រេចចិត្តបើកអាជីវកម្មតែម្ដងគឺខុសនោះទេ។ លោក កាន់ គន្ធី ពន្យល់ថា អ្នកខ្លះបានត្រៀមខ្លួនរួចរាល់ហើយមុនសម្រេចចិត្តដំណើរការធុរកិច្ច តែអ្នកខ្លះហក់ចូលក្នុងអាជីវកម្មដោយគ្រាន់តែឃើញគេជោគជ័យ ដែលប្រឈមហានិភ័យខ្ពស់។
អ្នកប្រឡូកក្នុងអាជីវកម្ម និងវិនិយោគបទពិសោធន៍ច្រើនឆ្នាំរូបនេះ អះអាងថា ការបើកអាជីវកម្មមួយជោគជ័យសំខាន់គឺការជ្រើសរើសមុខអាជីវកម្មដែលគេចូលចិត្ត មានចំណេះជំនាញ និងមានផែនការច្បាស់លាស់។ លោក កាន់ គន្ធី បន្ថែមទៀតថា យុវជនគួរយកកន្លែងបម្រើការងារ ទៅជាកន្លែងរៀនសូត្រ ដើម្បីជាដើមទុនផ្នែកចំណេះជំនាញពាក់ព័ន្ធដល់ការដំណើរការអាជីវកម្ម។
ការឆ្លៀតវិនិយោគក្នុងពេលខ្លួននៅមានការងារ ជាផ្លូវមួយផ្សេងទៀតក្រៅពីការចេញទៅបើកអាជីវកម្មភ្លាមៗរបស់យុវជន។ លោក គន្ធី មានប្រសាសន៍ដូច្នេះថា៖«យើងចាប់ផ្ដើមរៀនវិនិយោគ បើយើងកំពុងមានការងារ ទោះយើងវិនិយោគមានបញ្ហាក៏នៅមានចំណូលដែរ តែបើយើងមកធ្វើអាជីវកម្មតែម្ដង វាអាចមួយចានទឹកមួយចានគោក»។
ការចាប់ផ្ដើមអាជីវកម្ម ទាមទារឲ្យអ្នកនោះឈរជើងមើលការខុសត្រូវជាប់ជានិច្ច តែការវិនិយោគគឺខុសពីនេះ។ លោក កាន់ គន្ធី លើកឡើងថា ការវិនិយោគ សំខាន់គេត្រូវចេះមើលមនុស្ស មើលក្រុមហ៊ុនដែលគេបម្រុងនឹងចូលរួមជាមួយ និងមើលវិស័យដែលគេចង់ចាប់ឱកាសនោះ។ ហើយនៅពេលដែលគេវិនិយោគបានផលចំណូលច្រើនជាងចំណូលការងារ គេក៏អាចសម្រេចចិត្តនៅបម្រើការងារដដែល ឬចោលការងារដើម្បីធ្វើតែវិនិយោគ ឬបើកអាជីវកម្ម៕
Tag:
អាជីវកម្ម
កាន់ គន្ធី
startup
© រក្សាសិទ្ធិដោយ thmeythmey.com