ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
បើក​«​អាជីវកម្ម​»​មួយ​ចាន​ទឹក​មួយ​ចាន​គោក តែបើ​«​វិនិយោគ​»​បាន​តិច​ឬ​ច្រើន មិន​បាត់បង់​ការងារ​
05, Mar 2019 , 8:59 am        
រូបភាព
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន Amru Rice
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន Amru Rice
ដោយ:
​ភ្នំពេញ​៖ មាន​ជម្រើស​មួយ​ផ្សេងទៀត​ក្រៅពី​បើក​អាជីវកម្ម នោះ​គឺ​ការវិនិយោគ​។ ការឈប់​ពី​ការងារ​មកឈរ​ជើង​បើក​អាជីវកម្ម​ខ្លួនឯង​តែម្ដង នោះ​យុវជន​ប្រឈម​បាត់បង់​ចំណូល​ពី​ការងារ​ដែល​ធ្លាប់​ទទួលបាន បើ​អាជីវកម្ម​មិន​ដំណើរការ​។ តែបើ​វិនិយោគ គេ​អាច​ធ្វើការ​បណ្ដើរ និង​វិនិយោគ​បណ្ដើរ​។ មិនមែន​ការវិនិយោគ​គ្មាន​ហានិភ័យ​នោះទេ តែ​យ៉ាងណា​គេ​អា​ចរក​ចំណូល​ពី​ការងារ​ដដែល​ទោះ​វិនិយោគ​បរាជ័យ​។​



​នេះ​ជា​ខ្លឹមសារ​នៃ​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក កាន់ គ​ន្ធី អគ្គនាយករង​ក្រុមហ៊ុន​ផ្នែក​ស្រូវ​អង្ករ Amru Rice និង​ជា​អ្នកវិនិយោគ​ផ្នែក​អចលនទ្រព្យ ព្រមទាំង​ជា​អ្នក​ប្រឹក្សា​អាជីវកម្ម​មួយរូប ដូចតទៅ​នេះ​៖




 
​មិនមែន​ថា​ការសម្រេចចិត្ត​បើក​អាជីវកម្ម​តែម្ដង​គឺ​ខុស​នោះទេ​។ លោក កាន់ គ​ន្ធី ពន្យល់ថា អ្នកខ្លះ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​មុន​សម្រេចចិត្ត​ដំណើរការ​ធុរកិច្ច តែ​អ្នកខ្លះ​ហក់​ចូលក្នុង​អាជីវកម្ម​ដោយ​គ្រាន់តែ​ឃើញ​គេ​ជោគជ័យ ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​។​
 
​អ្នក​ប្រឡូក​ក្នុង​អាជីវកម្ម និង​វិនិយោគ​បទពិសោធន៍​ច្រើន​ឆ្នាំ​រូបនេះ  អះអាងថា ការបើក​អាជីវកម្ម​មួយ​ជោគជ័យ​សំខាន់​គឺ​ការជ្រើសរើស​មុខ​អាជីវកម្ម​ដែល​គេ​ចូលចិត្ត មានចំណេះ​ជំនាញ និង​មាន​ផែនការ​ច្បាស់លាស់​។ លោក កាន់ គ​ន្ធី បន្ថែមទៀតថា យុវជន​គួរ​យក​កន្លែង​បម្រើ​ការងារ ទៅជា​កន្លែង​រៀនសូត្រ ដើម្បី​ជាដើម​ទុន​ផ្នែក​ចំណេះ​ជំនាញ​ពាក់ព័ន្ធ​ដល់​ការ​ដំណើរការ​អាជីវកម្ម​។​
 
​ការ​ឆ្លៀត​វិនិយោគ​ក្នុងពេល​ខ្លួន​នៅមាន​ការងារ ជា​ផ្លូវ​មួយ​ផ្សេងទៀត​ក្រៅពី​ការចេញ​ទៅ​បើក​អាជីវកម្ម​ភ្លាមៗ​របស់​យុវជន​។ លោក គ​ន្ធី មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​ចាប់ផ្ដើម​រៀន​វិនិយោគ បើ​យើង​កំពុងមាន​ការងារ ទោះ​យើង​វិនិយោគ​មាន​បញ្ហា​ក៏​នៅមាន​ចំណូល​ដែរ តែបើ​យើង​មក​ធ្វើ​អាជីវកម្ម​តែម្ដង វា​អាច​មួយ​ចាន​ទឹក​មួយ​ចាន​គោក​»​។ 
 
​ការចាប់ផ្ដើម​អាជីវកម្ម ទាមទារ​ឲ្យ​អ្នកនោះ​ឈរជើង​មើល​ការខុសត្រូវ​ជាប់​ជានិច្ច តែ​ការវិនិយោគ​គឺ​ខុស​ពីនេះ​។ លោក កាន់ គ​ន្ធី លើកឡើងថា ការវិនិយោគ សំខាន់​គេ​ត្រូវ​ចេះ​មើល​មនុស្ស មើល​ក្រុមហ៊ុន​ដែល​គេ​បម្រុង​នឹងចូលរួម​ជាមួយ និង​មើល​វិស័យ​ដែល​គេ​ចង់​ចាប់​ឱកាស​នោះ​។ ហើយ​នៅពេលដែល​គេ​វិនិយោគ​បាន​ផល​ចំណូល​ច្រើនជាង​ចំណូល​ការងារ គេ​ក៏​អាច​សម្រេចចិត្ត​នៅ​បម្រើ​ការងារ​ដដែល ឬ​ចោល​ការងារ​ដើម្បី​ធ្វើ​តែ​វិនិយោគ ឬ​បើក​អាជីវកម្ម​៕

Tag:
 អាជីវកម្ម​
  កាន់ គ​ន្ធី​
  startup
© រក្សាសិទ្ធិដោយ thmeythmey.com