សៀមរាប៖ ធម្មតា គេធ្លាប់បានឃើញជាទូទៅនូវប្រភេទគំនូរដែលគូសពីប៊ិច ខ្មៅដៃ ឬជក់ជាដើម។ល។ តែសម្រាប់គំនូរធ្វើពីគ្រាប់អង្ករវិញ គេកម្រនឹងបានឃើញណាស់។ ជាងគំនូរដែលជាស្ដ្រីខ្មែរចូលសាសនាឥស្លាមមួយរូប បានរកឃើញគំនិតធ្វើគំនូរពីគ្រាប់អង្ករ ដែលបង្កើតជាផ្ទាំងទស្សនីយភាពដ៏រស់រវើក ប្លែក និងទាក់ទាញ។ អ្នកស្រី អ៉ៃសះ មានគំនិតថ្មីបង្កើតគំនូរពីគ្រាប់អង្ករតាមរយៈការធ្វើនំបាយត្រៀប។
ចង់ដឹងថា ការធ្វើគំនូរអង្ករខុសពីគំនូរទូទៅយ៉ាងដូចម៉េ្ដចខ្លះ ហើយវាមានផលលំបាកបែបណាខ្លះទម្រាំបានផ្ទាំងគំនូរមួយៗនោះ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាប ដូចតទៅ
នៅម៉ោងប្រមាណ ៣រសៀល ក្មេងៗប្រមាណ ១០នាក់ កំពុងអង្គុយដោយការផ្ចិតផ្ចង់ និងដោយមានការប្រុងប្រយ័ត្នក្នុងការចាប់គ្រាប់អង្ករមួយៗ តម្រៀបតាមផ្ទាំងគំនូរដែលបានគូសវាស់នៅលើឈើកុងផ្លាកេតាមទំហំដែលបានរៀបចំ។ ពួកគេកំពុងរៀនគូរគំនូរអង្ករ ដែលមានអ្នកស្រី អ៉ៃសះ កំពុងបង្ហាត់បង្រៀន។
ក្នុងសំលៀកបំពាក់បិទបាំងជិត បញ្ចេញត្រឹមមុខ និងម្រាមដៃ តាមប្រពៃណីនៃសាសនាឥស្លាម អ្នកស្រី អ៉ៃសះ មានទឹកមុខញញឹមញញែម កំពុងចង្អុលប្រាប់កូនសិស្សពីរបៀបគូរ និងបិតអង្ករ ក៏បានឆ្លៀតងាកមកសន្ទនាជាមួយអ្នកសារព័ត៌មានដែលចង់ដឹងពីការងារទាំងនោះផងដែរ។ អ្នកស្រីថា មុនដំបូងដែលធ្វើឱ្យអ្នកស្រីមានគំនិតបង្កើតគំនូរពីគ្រាប់អង្ករ ព្រោះបានឃើញនំបាយត្រៀបដែលគ្រួសារអ្នកស្រីធ្វើលក់ជាប្រចាំថ្ងៃ។
ដំបូងអ្នកស្រី អ៉ៃសះ បានសាកល្បងកាត់នំបាយត្រៀបជារូបភាពផ្សេងៗ និងបានទាញចំណាប់អារម្មណ៍ពីក្មេងៗជាច្រើន។ ក្រៅពីនោះអ្នកស្រីក៏សាកល្បងយកគ្រាប់អង្ករមកបិទតាមរូបភាពដែលបានគូរ។ តាមពិតទៅ អ្នកស្រី អ៉ៃសះ មិនមានជំនាញផ្នែកគំនូរនេះទេពីមុន ដោយធ្លាប់គូរគំនូរលើកែវដែលខ្លួនធ្លាប់បានរៀនពីមុន។
ក្រោយពីព្យាយាម និងដកបទពិសោធន៍រយៈពេល៥ឆ្នាំរួចមក ស្ដ្រីខ្មែរឥស្លាមដែលមានកូនក្នុងបន្ទុក៣នាក់រូបនេះ ក៏ចាប់ផ្តើមចេញលក់ តាមរយៈការយកទៅផ្ញើលក់នៅតាមតូចផ្សាររាត្រីក្នុងក្រុងសៀមរាប។ គំនូរអង្កររបស់ អៃសះ ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរ ពិសេសបរទេស។
ក្រៅពីបង្ហាញការចាប់អារម្មណ៍ទៅនឹងគំនូរអង្ករហើយនោះ អតិថិជនក៏មានការងឿងឆ្ងល់ទៅនឹងបច្ចេកទេសផងដែរ។ អៃសះ កត់សម្គាល់ថា អតិថិជនទាំងនោះយល់ថាគំនូរអង្ករប្លែក ដ្បិតគំនូរធម្មតាគេយកជុកពណ៌ទៅផាត់ តែអង្ករ ត្រូវអត់ធ្មត់ និងព្យាយាមខ្ពស់ ហើយយកអង្ករគ្រប់ប្រភេទដើម្បីរំលេចឱ្យអង្ករទាំងនោះមានតម្លៃ។ «ជាទូទៅអង្ករអស់ហើយ មាន៥ពណ៌ តែចំណែកគំនូរនេះវិញមានរហូតដល់ទៅ ៣២ពណ៌ ដោយក្នុងនោះយើងមានបច្ចេកទេសលាយពណ៌ពីពណ៌សុទ្ធ ដល់ខ្មៅ គុណភាពអាចទុករហូតដល់១០ ទៅ១៥ឆ្នាំ»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី អៃសះ។
បន្ទាប់ពីធ្វើឱ្យទីផ្សារគំនូរអង្ករមានវត្តមាននៅលើទីផ្សាររយៈពេលប្រមាណ ៥ឆ្នាំមកនេះ បច្ចុប្បន្នអ្នកស្រី អៃសះ បានពង្រីកការលក់ទៅដល់រាជធានីភ្នំពេញ ដែលមានលក់នៅផ្សារទំនើបអេអន១។ អ្នកស្រីថា ទីផ្សារភ្នំពេញមានភាពអំណោយផលខ្លាំងជាងសៀមរាប គឺមានការគាំទ្រច្រើនទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដែលខុសពីខេត្តសៀមរាប។ យ៉ាងណា អ្នកស្រីបញ្ជាក់ថា សៀមរាបជាទីតាំងសម្រាប់ផលិត ដោយបច្ចុប្បន្នអ្នកស្រី រួមនិងប្អូនស្រីម្នាក់ទៀត កំពុងបង្រៀនសិស្សនៅអនុវិទ្យាល័យ សៀង ណាំ សំបួរ ដោយយកពេលសម្រាករបស់ពួកគេ ដើម្បីរៀនពីគំនូរអង្ករ និងចែកភាគរយរាល់គំនូរនីមួយៗ។ ធ្វើដូច្នេះ គឺកាត់បន្ថយការដើរលេងរបស់ក្មេង មានជំនាញផ្ទាល់ខ្លួនហើយនោះ ពួកគេអាចរកចំណូលបន្ដិចបន្ដួចសម្រាប់ផ្គត់ផ្គង់ការសិក្សាបានផងដែរ។ សម្រាប់ អៃសះ យល់ថា ការផ្តល់ជំនាញវិជ្ជាជីវៈដែលខ្លួនកំពុងផ្តល់ដល់សិស្សានុសិស្សនៅសំបួរ ដែលនៅជិតផ្ទះខ្លួននេះ ពិតជាមានសារសំខាន់ ហើយគេមានបំណងចង់ពង្រីកការបង្រៀននេះដល់តាមសាលាផ្សេងៗទៀតផងដែរ។
លោក វ៉ាត កូស នាយកសាលាអនុវិទ្យាល័យ សៀង ណាំ សំបួរ ដែលកំពុងសហការផ្តល់ទីតាំងសម្រាប់ការបង្រៀនគំនូរអង្ករជាមួយអ្នកស្រី អៃសះ បានលើកឡើងថា ដោយសារលោកឃើញបំនិនជីវិតនេះល្អ ទើបលោកបានរៀបចំឱ្យមានការបង្រៀននៅក្នុងសាលា ហើយក្រោយដំណើរបានមួយរយៈពេលមក (ចាប់ផ្តើមពីខែ មករា) លោកគ្រូឃើញថា មានសិស្សជាច្រើនចាប់អារម្មណ៍ក្នុងការរៀនវិជ្ជាជីវៈមួយនេះ។ លោកគ្រូបន្ថែមថា៖« ក្នុងនាមជាលោកគ្រូ អ្នកគ្រូ សប្បាយចិត្តបំផុត ពេលឃើញកូនសិស្សកាត់បន្ថយការដើរលេង ងាកមករៀនបំនិនអង្ករ នេះជាជំនាញមួយ អាចរកថវិកាពីគំនូរ...»៕