ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នំ​បាយ​ទ្រាប​ជា​គំនិត​ឱ្យ​ស្ដ្រី​ខ្មែរឥស្លាម​បង្កើត​គំនូរ​អង្ករ​ដ៏​រស់​រវើក​
09, Mar 2019 , 2:59 pm        
រូបភាព
​សៀមរាប​៖ ធម្មតា គេ​ធ្លាប់​បានឃើញ​ជាទូទៅ​នូវ​ប្រភេទ​គំនូរ​ដែល​គូស​ពី​ប៊ិច ខ្មៅ​ដៃ ឬ​ជក់​ជាដើម​។​ល​។ តែ​សម្រាប់​គំនូរ​ធ្វើ​ពី​គ្រាប់​អង្ករ​វិញ គេ​កម្រ​នឹង​បានឃើញ​ណាស់​។ ជាងគំនូរ​ដែលជា​ស្ដ្រី​ខ្មែរ​ចូល​សាសនា​ឥស្លាម​មួយរូប បាន​រកឃើញ​គំនិត​ធ្វើ​គំនូរ​ពី​គ្រាប់​អង្ករ ដែល​បង្កើតជា​ផ្ទាំងទស្សនីយភាព​ដ៏​រស់​រវើក ប្លែក និង​ទាក់ទាញ​។ អ្នកស្រី អ៉ៃ​សះ មានគំនិត​ថ្មី​បង្កើត​គំនូរ​ពី​គ្រាប់​អង្ករ​តាមរយៈ​ការធ្វើ​នំ​បាយ​ត្រៀប​។​


​ចង់ដឹងថា ការធ្វើ​គំនូរ​អង្ករ​ខុសពី​គំនូរ​ទូទៅ​យ៉ាងដូច​ម៉េ្ដ​ច​ខ្លះ ហើយ​វា​មាន​ផល​លំបាក​បែបណាខ្លះ​ទម្រាំ​បាន​ផ្ទាំងគំនូរ​មួយៗ​នោះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​




 
​នៅ​ម៉ោង​ប្រមាណ ៣​រសៀល ក្មេងៗ​ប្រមាណ ១០​នាក់ កំពុង​អង្គុយ​ដោយ​ការ​ផ្ចិតផ្ចង់ និង​ដោយមាន​ការប្រុងប្រយ័ត្ន​ក្នុង​ការចាប់​គ្រាប់​អង្ករ​មួយៗ តម្រៀប​តាម​ផ្ទាំងគំនូរ​ដែល​បាន​គូសវាស់​នៅលើ​ឈើ​កុង​ផ្លា​កេ​តាម​ទំហំ​ដែល​បានរៀបចំ​។ ពួកគេ​កំពុង​រៀន​គូរគំនូរ​អង្ករ ដែលមាន​អ្នកស្រី អ៉ៃ​សះ កំពុង​បង្ហាត់បង្រៀន​។ 


 
​ក្នុង​សំលៀកបំពាក់​បិទបាំង​ជិត បញ្ចេញ​ត្រឹម​មុខ និង​ម្រាមដៃ តាម​ប្រពៃណី​នៃ​សាសនា​ឥស្លាម អ្នកស្រី អ៉ៃ​សះ មាន​ទឹកមុខ​ញញឹមញញែម កំពុង​ចង្អុល​ប្រាប់​កូនសិស្ស​ពី​របៀប​គូរ និង​បិត​អង្ករ ក៏បាន​ឆ្លៀត​ងាក​មក​សន្ទនា​ជាមួយ​អ្នកសារព័ត៌មាន​ដែល​ចង់ដឹង​ពី​ការងារ​ទាំងនោះ​ផងដែរ​។ អ្នកស្រី​ថា មុនដំបូង​ដែល​ធ្វើឱ្យ​អ្នកស្រី​មានគំនិត​បង្កើត​គំនូរ​ពី​គ្រាប់​អង្ករ ព្រោះ​បានឃើញ​នំ​បាយ​ត្រៀប​ដែល​គ្រួសារ​អ្នកស្រី​ធ្វើ​លក់​ជាប្រចាំ​ថ្ងៃ​។​
 
​ដំបូង​អ្នកស្រី អ៉ៃ​សះ បាន​សាកល្បង​កាត់​នំ​បាយ​ត្រៀប​ជា​រូបភាព​ផ្សេងៗ និង​បាន​ទាញ​ចំណាប់អារម្មណ៍​ពី​ក្មេងៗ​ជាច្រើន​។ ក្រៅពីនោះ​អ្នកស្រី​ក៏​សាកល្បង​យក​គ្រាប់​អង្ករ​មក​បិទ​តាម​រូបភាព​ដែល​បាន​គូរ​។ តាមពិតទៅ អ្នកស្រី អ៉ៃ​សះ មិនមាន​ជំនាញ​ផ្នែក​គំនូរ​នេះ​ទេពី​មុន ដោយ​ធ្លាប់​គូរគំនូរ​លើ​កែវ​ដែល​ខ្លួន​ធ្លាប់បាន​រៀន​ពីមុន​។ 
 
​ក្រោយពី​ព្យាយាម និង​ដក​បទពិសោធន៍​រយៈពេល​៥​ឆ្នាំ​រួចមក ស្ដ្រី​ខ្មែរឥស្លាម​ដែល​មានកូន​ក្នុងបន្ទុក​៣​នាក់​រូបនេះ ក៏​ចាប់ផ្តើម​ចេញលក់ តាមរយៈ​ការយកទៅ​ផ្ញើ​លក់​នៅតាម​តូច​ផ្សារ​រាត្រី​ក្នុង​ក្រុង​សៀមរាប​។ គំនូរ​អង្ករ​របស់ អៃ​សះ ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវទេសចរ ពិសេស​បរទេស​។ 


 
​ក្រៅពី​បង្ហាញ​ការចាប់អារម្មណ៍​ទៅនឹង​គំនូរ​អង្ក​រហើយ​នោះ អតិថិជន​ក៏មាន​ការងឿងឆ្ងល់​ទៅនឹង​បច្ចេកទេស​ផងដែរ​។ អៃ​សះ កត់សម្គាល់ថា អតិថិជន​ទាំងនោះ​យល់ថា​គំនូរ​អង្ករ​ប្លែក ដ្បិត​គំនូរ​ធម្មតា​គេ​យក​ជុក​ពណ៌​ទៅ​ផាត់ តែ​អង្ករ ត្រូវ​អត់ធ្មត់ និង​ព្យាយាម​ខ្ពស់ ហើយ​យក​អង្ករ​គ្រប់​ប្រភេទ​ដើម្បី​រំលេច​ឱ្យ​អង្ករ​ទាំងនោះ​មានតម្លៃ​។ «​ជាទូទៅ​អង្ករ​អស់ហើយ មាន​៥​ពណ៌ តែ​ចំណែក​គំនូរ​នេះ​វិញ​មាន​រហូតដល់​ទៅ ៣២​ពណ៌ ដោយ​ក្នុងនោះ​យើង​មាន​បច្ចេកទេស​លាយ​ពណ៌​ពី​ពណ៌​សុទ្ធ ដល់​ខ្មៅ គុណភាព​អាច​ទុក​រហូតដល់​១០ ទៅ​១៥​ឆ្នាំ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកស្រី អៃ​សះ​។​
 
​បន្ទាប់ពី​ធ្វើឱ្យ​ទីផ្សារ​គំនូរ​អង្ករ​មាន​វត្តមាន​នៅលើ​ទីផ្សារ​រយៈពេល​ប្រមាណ ៥​ឆ្នាំ​មកនេះ បច្ចុប្បន្ន​អ្នកស្រី អៃ​សះ បាន​ពង្រីក​ការលក់​ទៅដល់​រាជធានី​ភ្នំពេញ ដែលមាន​លក់​នៅ​ផ្សារ​ទំនើប​អេ​អន​១​។ អ្នកស្រី​ថា ទីផ្សារ​ភ្នំពេញ​មាន​ភាព​អំណោយផល​ខ្លាំង​ជាង​សៀមរាប គឺមាន​ការគាំទ្រ​ច្រើន​ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ដែល​ខុសពី​ខេត្តសៀមរាប​។ យ៉ាងណា អ្នកស្រី​បញ្ជាក់ថា សៀមរាប​ជាទី​តាំង​សម្រាប់​ផលិត ដោយ​បច្ចុប្បន្ន​អ្នកស្រី រួម​និង​ប្អូនស្រី​ម្នាក់ទៀត កំពុង​បង្រៀន​សិស្ស​នៅ​អនុវិទ្យាល័យ សៀង ណាំ សំបួរ ដោយ​យក​ពេល​សម្រាក​របស់​ពួកគេ ដើម្បី​រៀន​ពី​គំនូរ​អង្ករ និង​ចែក​ភាគរយ​រាល់​គំនូរ​នីមួយៗ​។ ធ្វើ​ដូច្នេះ គឺ​កាត់បន្ថយ​ការដើរ​លេង​របស់​ក្មេង មាន​ជំនាញ​ផ្ទាល់ខ្លួន​ហើយ​នោះ ពួកគេ​អាច​រក​ចំណូល​បន្ដិចបន្ដួច​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​បាន​ផងដែរ​។ សម្រាប់ អៃ​សះ យល់ថា ការផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដែល​ខ្លួន​កំពុងផ្តល់​ដល់​សិស្សានុសិស្ស​នៅ​សំបួរ ដែល​នៅ​ជិត​ផ្ទះ​ខ្លួន​នេះ ពិត​ជាមាន​សារសំខាន់ ហើយ​គេ​មានបំណង​ចង់​ពង្រីក​ការបង្រៀន​នេះ​ដល់​តាម​សាលា​ផ្សេងៗ​ទៀតផង​ដែរ​។​


 
​លោក វ៉ាត កូ​ស នាយក​សាលា​អនុវិទ្យាល័យ សៀង ណាំ សំបួរ ដែល​កំពុង​សហការ​ផ្តល់​ទីតាំង​សម្រាប់​ការបង្រៀន​គំនូរ​អង្ករ​ជាមួយ​អ្នកស្រី អៃ​សះ បាន​លើកឡើងថា ដោយសារ​លោក​ឃើញ​បំ​និ​ន​ជីវិត​នេះ​ល្អ ទើប​លោក​បានរៀបចំ​ឱ្យមាន​ការបង្រៀន​នៅក្នុង​សាលា ហើយ​ក្រោយ​ដំណើរ​បាន​មួយរយៈ​ពេល​មក (​ចាប់ផ្តើម​ពី​ខែ មករា​) លោកគ្រូ​ឃើញថា មាន​សិស្ស​ជាច្រើន​ចាប់អារម្មណ៍​ក្នុង​ការរៀន​វិជ្ជាជីវៈ​មួយ​នេះ​។ លោកគ្រូ​បន្ថែមថា​៖« ក្នុងនាម​ជា​លោកគ្រូ អ្នកគ្រូ សប្បាយចិត្ត​បំផុត ពេល​ឃើញ​កូនសិស្ស​កាត់បន្ថយ​ការដើរ​លេង ងាក​មក​រៀន​បំ​និ​ន​អង្ករ នេះ​ជា​ជំនាញ​មួយ អា​ចរក​ថវិកា​ពី​គំនូរ​...»៕








 

© រក្សាសិទ្ធិដោយ thmeythmey.com