អន្តរជាតិ
កម្ពុជា លែង​ឯកោ ក្រោយ​ម៉ាឡេស៊ី ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
09, Mar 2019 , 9:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ម៉ាឡេស៊ី នៅ​ថ្ងៃ​៤ មីនា​កន្លងទៅ បានសម្រេច​តម្កល់​លិ​ខិ​តូ​បក​រណ៍​ផ្តល់​សច្ចាប័ន​នៅ​អគ្គលេខាធិការដ្ឋាន​រប​ស់​អង្គការសហប្រជាជាតិ​ជា​ផ្លូវការ​ដើម្បី​ក្លាយជា​ភាគី​របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ( ICC )​។ នេះ គឺជា​គោលជំហរ​ថ្មី​មួយ​របស់​ស្ថាបនិក​អាស៊ាន ក្នុងការ​លើកកម្ពស់​យុត្តិធម៌​អន្តរជាតិ និង​នីតិរដ្ឋ​។


 
​បើ​មិនមាន​ការប្រែប្រួល​នោះទេ តាម​មាត្រា​១២៦ នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​៦០ ថ្ងៃ​បន្ទាប់ពី​ការតម្កល់​លិ​ខិ​តូ​បក​រណ៍​ផ្តល់​សច្ចាប័ន ពោលគឺ​នៅ​ថ្ងៃ​១ មិថុនា ឆ្នាំ​២០១៩​តទៅ ម៉ាឡេស៊ី នឹង​ក្លាយជា​ភាគី​ពេញសិទ្ធិ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​ផ្លូវការ​ហើយ​។ ម៉ាឡេស៊ី ក៏​នឹង​ក្លាយជា​ប្រទេស​ទី​ពីរ​របស់​អាស៊ាន ដែលជា​ភាគី​នៃ​លក្ខន្តិកៈ​នេះ​។​
 
« ក្នុងនាម​មហាសន្និបាត ខ្ញុំ សូម​ស្វាគមន៍​ម៉ាឡេស៊ី​ក្នុងការ​មកកាន់​ក្រុមគ្រួសារ​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម និង​សូម​អបអរសាទរ​រដ្ឋាភិបាល និង​ប្រជាជន​ម៉ាឡេស៊ី ក្នុងការ​ចូលរួម​លើកកម្ពស់​សន្តិភាព និង​សន្តិសុខ​សកល​។ វត្តមាន​របស់​ម៉ាឡេស៊ី បង្ហាញ​ពីស​ញ្ញាណ​ដ៏​ខ្លាំងក្លា​មួយ​ទៅកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ និង​ទប់ស្កាត់​បទល្មើស​ធ្ងន់ធ្ងរ​ក្រោម​ច្បាប់​អន្តរជាតិ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​មហាសន្និបាត ICC ទៅកាន់​ម៉ាឡេស៊ី​។ 
 
​មកទល់ពេលនេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​សមាជិក ឬ​ភាគី សរុប​ទាំងអស់ ១២៣ ប្រទេស ។ បើ​និយាយ​ក្នុង​ក្របខណ្ឌ​អាស៊ាន​វិញ បន្ទាប់ពី​ការប្រកាស និង​ដាក់​លិខិត​តម្កល់​បញ្ចប់​សមាជិកភាព​របស់​ហ្វីលីពីន​នោះ មានតែ​កម្ពុជា​ប៉ុណ្ណោះ ដែលជា​ភាគី​នៃ​តុលាការអន្តរជាតិ​មួយ​នេះ​។ 
 
​តាម​មាត្រា ៥ នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម បទល្មើស​ព្រហ្មទណ្ឌ​ដែល​ស្ថិតក្នុង​យុត្តាធិការ​តុលាការ​មានដូចជា បទល្មើស​ព្រហ្មទណ្ឌ​ប្រល័យពូជសាសន៍ , បទល្មើស​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​មនុស្សជាតិ​, បទល្មើស​ព្រហ្មទណ្ឌ​សង្គ្រាម និង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​ការឈ្លានពាន​ជាដើម ។ រាល់​ភាគី ដែលជា​សមាជិក​របស់​តុលាការ នឹងត្រូវ​ប្រឈម​មុខជា​មួយ​នឹង​តុលាការ ប្រសិនបើ​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ ។​
 
​ក្នុងចំណោម​បណ្តា​ប្រទេស​ជាច្រើន ដែល​កំពុង​ស្ថិតនៅក្នុង​ការវាយតម្លៃ​បឋម និង​ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​នោះ ក៏មាន​រដ្ឋ​អាស៊ាន​ពីរ រួមមាន​ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា​ផងដែរ​។ ហ្វីលីពីន ស្ថិតក្រោម​ការវាយតម្លៃ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​គ្រឿងញៀន ក្រោម​រដ្ឋបាល​ដឹកនាំ​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ខណៈ​មី​យ៉ាន់​ម៉ា ស្ថិតក្រោម​ការតាមដាន​ដោយសារ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​៕ 
 

Tag:
 ម៉ាឡេស៊ី​
  ICC
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com