អន្តរជាតិ
កម្ពុជា លែងឯកោ ក្រោយម៉ាឡេស៊ី ចូលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ
× រដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃ៤ មីនាកន្លងទៅ បានសម្រេចតម្កល់លិខិតូបករណ៍ផ្តល់សច្ចាប័ននៅអគ្គលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិជាផ្លូវការដើម្បីក្លាយជាភាគីរបស់លក្ខន្តិកៈក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ( ICC )។ នេះ គឺជាគោលជំហរថ្មីមួយរបស់ស្ថាបនិកអាស៊ាន ក្នុងការលើកកម្ពស់យុត្តិធម៌អន្តរជាតិ និងនីតិរដ្ឋ។
បើមិនមានការប្រែប្រួលនោះទេ តាមមាត្រា១២៦ នៃលក្ខន្តិកៈក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅ៦០ ថ្ងៃបន្ទាប់ពីការតម្កល់លិខិតូបករណ៍ផ្តល់សច្ចាប័ន ពោលគឺនៅថ្ងៃ១ មិថុនា ឆ្នាំ២០១៩តទៅ ម៉ាឡេស៊ី នឹងក្លាយជាភាគីពេញសិទ្ធិរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិជាផ្លូវការហើយ។ ម៉ាឡេស៊ី ក៏នឹងក្លាយជាប្រទេសទីពីររបស់អាស៊ាន ដែលជាភាគីនៃលក្ខន្តិកៈនេះ។
« ក្នុងនាមមហាសន្និបាត ខ្ញុំ សូមស្វាគមន៍ម៉ាឡេស៊ីក្នុងការមកកាន់ក្រុមគ្រួសារនៃលក្ខន្តិកៈក្រុងរ៉ូម និងសូមអបអរសាទររដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ក្នុងការចូលរួមលើកកម្ពស់សន្តិភាព និងសន្តិសុខសកល។ វត្តមានរបស់ម៉ាឡេស៊ី បង្ហាញពីសញ្ញាណដ៏ខ្លាំងក្លាមួយទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើអយុត្តិធម៌ និងទប់ស្កាត់បទល្មើសធ្ងន់ធ្ងរក្រោមច្បាប់អន្តរជាតិ»។ នេះ គឺជាសេចក្តីថ្លែងការណ៍របស់ប្រធានមហាសន្និបាត ICC ទៅកាន់ម៉ាឡេស៊ី។
មកទល់ពេលនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ មានសមាជិក ឬភាគី សរុបទាំងអស់ ១២៣ ប្រទេស ។ បើនិយាយក្នុងក្របខណ្ឌអាស៊ានវិញ បន្ទាប់ពីការប្រកាស និងដាក់លិខិតតម្កល់បញ្ចប់សមាជិកភាពរបស់ហ្វីលីពីននោះ មានតែកម្ពុជាប៉ុណ្ណោះ ដែលជាភាគីនៃតុលាការអន្តរជាតិមួយនេះ។
តាមមាត្រា ៥ នៃលក្ខន្តិកៈក្រុងរ៉ូម បទល្មើសព្រហ្មទណ្ឌដែលស្ថិតក្នុងយុត្តាធិការតុលាការមានដូចជា បទល្មើសព្រហ្មទណ្ឌប្រល័យពូជសាសន៍ , បទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងមនុស្សជាតិ, បទល្មើសព្រហ្មទណ្ឌសង្គ្រាម និងបទល្មើសព្រហ្មទណ្ឌនៃការឈ្លានពានជាដើម ។ រាល់ភាគី ដែលជាសមាជិករបស់តុលាការ នឹងត្រូវប្រឈមមុខជាមួយនឹងតុលាការ ប្រសិនបើបានប្រព្រឹត្តបទល្មើសទាំងនោះ ។
ក្នុងចំណោមបណ្តាប្រទេសជាច្រើន ដែលកំពុងស្ថិតនៅក្នុងការវាយតម្លៃបឋម និងការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិពាក់ព័ន្ធនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរនោះ ក៏មានរដ្ឋអាស៊ានពីរ រួមមានហ្វីលីពីន និងមីយ៉ាន់ម៉ាផងដែរ។ ហ្វីលីពីន ស្ថិតក្រោមការវាយតម្លៃពាក់ព័ន្ធនឹងសង្គ្រាមគ្រឿងញៀន ក្រោមរដ្ឋបាលដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ខណៈមីយ៉ាន់ម៉ា ស្ថិតក្រោមការតាមដានដោយសារវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៕
Tag:
ម៉ាឡេស៊ី
ICC
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com