អន្តរជាតិ
ថៃ​ពិចារណា​ដាក់​បម្រាម​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​សង្ក្រាន្ត​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​
10, Mar 2019 , 2:59 pm        
រូបភាព
ដោយ:
​ក្រសួងសុខាភិបាល​ថៃ កំពុង​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ឲ្យ​ដាក់​បម្រាម​លើ​ការលក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ដែល​ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា​ខាងមុខ​។ សំណើ​នេះ គឺធ្វើឡើង​ក្នុង​គោលដៅ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​នៅតាម​ដងផ្លូវ​នៃ​ប្រទេស​ថៃ ដែលមាន​ចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់ឆ្នាំ​។​

 
​លោក​វេជ្ជបណ្ឌិត Kajornsak Kaewjarat អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​នៃ​ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃទី​៨ ខែមីនា បាន​និយាយថា ស្ថាប័ន​លោក​នឹង​បញ្ជូន​សំណើ​ជា​ផ្លូវការ​មួយ​ទាក់ទិន​នឹង​រឿងនេះ ទៅកាន់​គណៈរដ្ឋមន្ត្រី​នា​សប្តាហ៍​ក្រោយនេះ​។ 
 
បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation លោក Kajornsak បាន​លើកយក​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆ្នាំ​ក្នុង​ថ្ងៃ​សង្ក្រាន្ត​មក​ធ្វើជា​អំណះអំណាង ដោយ​ពន្យល់ថា ករណី​អ្នកស្លាប់​នៅលើ​ដងផ្លូវ​ច្រើន​បំផុត គឺ​កើតឡើង​ចំ​ថ្ងៃទី​១៣​ខែមេសា ដែល​ត្រូវជា​ថ្ងៃទី​មួយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។​
 
​ទន្ទឹមនឹង​គ្នា​នេះដែរ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល​ថៃ​រូបនេះ បាន​ទាត់ចោល​ព័ត៌មាន​ថា ចំណាត់ការ​បែបនេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​អ្នកទេសចរ ដោយ​និយាយថា  ជីវិត​មនុស្ស​គឺមាន​សារៈសំខាន់​លើស​អ្វីៗ​ទាំងអស់​។ លោក​សង្កត់ធ្ងន់ថា សេដ្ឋកិច្ច​រីកចម្រើន​មិន​អាស្រ័យ​តែ​ទៅលើ​មួយថ្ងៃ​នេះឡើយ​។​
 
​សូមបញ្ជាក់ថា ជា​ប្រពៃណី​អាជ្ញាធរ​ថៃ​បើក​យុទ្ធនាការ​មួយ​ឈ្មោះថា «​ថ្ងៃ​គ្រោះថ្នាក់​ទាំង​៧»​។ សម្រាប់​យុទ្ធនាការ​នេះ អាជ្ញាធរ​ថៃ​ដាក់ចេញ​ចំណាត់ការ​ចាំបាច់​មួយចំនួន រួមមាន បង្កើត​ទីតាំង​ត្រួតពិនិត្យ​នៅតាម​ផ្លូវជាតិ និង​ផ្លូវ​ក្នុង​តំបន់​ប្រជុំជន​សំខាន់ៗ ព្រមទាំង​ចុះបង្ក្រាប​លើ​អ្នកបើកបរ​ដែល​ផ្ទុក​ជាតិ​ស្រវឹង និង​បើក​លើស​ល្បឿន​កំណត់​ជាដើម​។ ទោះបីជា​បែបនេះ​ក្តី យុទ្ធនាការ​ទាំងអស់នេះ​ពុំ​ទទួល​យោគ​ជ័យ​ក្នុងការ​កាត់បន្ថយ​តួលេខ​អ្នកស្លាប់​នោះទេ​៕
 

Tag:
 ​ថៃ​
  ចូលឆ្នាំថ្មី​
  គ្រឿង​ស្រវឹង​
© រក្សាសិទ្ធិដោយ thmeythmey.com