កីឡាករ រិន សារ័ត្ន របស់ក្លិប Cambodian Top Team មិនបានទទួលជោគជ័យឡើយក្នុងការប្រកួតទល់នឹងកីឡាករសំណព្វចិត្តរបស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា “The Dragon Leg” Tial Thang នៅ ONE: REIGN OF VALOR កាលពីថ្ងៃសុក្រទី៨ខែ មីនា ឆ្នាំ២០១៩។
ជាក់ស្ដែង លោក ហ៊ុន ចាន់រាជ្យ ម្ចាស់ក្លិប Cambodian Top Team និយាយថា៖ «គុណផលរបស់សារ័ត្នទល់នឹងកីឡាករដែលមានកម្ពស់ខ្ពស់ជាងបានបង្ហាញថាកីឡាករកម្ពុជាមិនមែនងាយយកឈ្នះដូចមុនទៀតឡើយ។ គាត់បានប្រឹងប្រែងខ្លាំងទល់នឹងជើងឯកចំបាប់៤សម័យរបស់មីយ៉ាន់ម៉ានិងជាជើងឯកក្រុង New York»។
លោក ចាន់រាជ្យ បន្តថា៖ «សម្រាប់សារ័ត្ន ការការពារការចូលចាប់ផ្ដួលនិងអាចឈរតតាំងទល់នឹងកីឡាករដូចជា Tial Thang នេះបង្ហាញឲ្យឃើញថាគេបានរីកចម្រើនកម្រិតណាក្នុងនាមជាកីឡាករគុនចម្រុះម្នាក់»។
«សារ័ត្នមានការវាយតបយ៉ាងចំណានមួយចំនួនក្នុងពេលឈរតតាំងគ្នា ប៉ុន្តែមិនអាចទប់ទល់នឹងកម្លាំងដ៏ខ្លាំងរបស់ជើងឯកចំបាប់មីយ៉ាន់ម៉ាដូចជា Tial បានល្អឡើយ ហើយនោះជាការចាញ់ប្រៀបរបស់គាត់ក្នុងការប្រកួត»។
លោក ចាន់រាជ្យ បញ្ជាក់ថា៖ «សារ័ត្នបានបញ្ជាក់ឱ្យឃើញថាគាត់ស្ថិតក្នុងចំណោមកីឡាករលំដាប់កំពូលមួយចំនួនរបស់ ONE Championship ហើយគាត់សមនឹងទទួលបានការទទួលស្គាល់ចំពោះការលះបង់និងការខិតខំប្រឹងប្រែងរបស់គាត់ដើម្បីដាក់កម្ពុជានៅលើឆាកពិភពលោក។ ខ្ញុំប្រាកដថាសារ័ត្នបានធ្វើឲ្យ Tial និងមនុស្សជុំវិញពិភពលោកភ្ញាក់ផ្អើល»។