រថយន្ត
អន្តរជាតិ
សិង្ហបុរី៖ ឪពុកម្តាយជាច្រើនមិនសូវពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យកូនៗឡើយ
× អ្នកស្រី Liu Wen Hsin តែងតែយកកៅអីក្មេង និងខ្សែក្រវាត់សុវត្ថិភាពជាប់តាមខ្លួននៅពេលធ្វើដំណើរតាមរថយន្ត ឬតាក់ស៊ី ជាមួយកូនប្រុសអាយុ Spencer អាយុ២ឆ្នាំ។ ស្ត្រីសិង្ហបុរីវ័យ៣០ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់ The Straits Times នេះជារឿងដ៏សំខាន់បំផុតសម្រាប់សុវត្ថិភាពរបស់កុមារ ដែលឪពុកម្តាយជាច្រើនមើលរំលង។
«ឪពុកម្តាយភាគច្រើនតែងតែយកចិត្តទុកដាក់ចំពោះកូន ប៉ុន្តែពួកគាត់បែរជាភ្លេចគិតថា ករណីនេះ [ឲ្យកូនពាក់ខ្សែក្រវាត់សុវត្ថិភាព] ជារឿងសំខាន់»។ អ្នកស្រី Hsin សំដែងការហួសចិត្តយ៉ាងដូច្នេះ។
ការស្ទង់មតិមួយដោយនិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យ Nanyang Technological University (NTU) បានបង្ហាញលទ្ធផលឲ្យឃើញថា ឪពុកម្តាយជាច្រើនទទួលស្គាល់ថា ពួកគាត់មិនសូវយកចិត្តទុកដាក់បំពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យកូនៗនោះឡើយ បើទោះបីជាពួកគាត់យល់ថា វាជារឿងសំខាន់សម្រាប់សុវត្ថិភាពក៏ដោយ។
ក្នុងចំណោមឪពុក៥១៣នាក់ ដែលមានកូនអាយុជាង១០ឆ្នាំ ប្រមាណ៧៨ភាគរយ បានបញ្ជាក់ថា រថយន្តពួកគាត់មានកៅអី និងខ្សែក្រវាត់សុវត្ថិភាពសម្រាប់កុមារ ប៉ុន្តែមានត្រឹមតែ៥៥ភាគរយប៉ុណ្ណោះ ដែលលើកឡើងថា ពួកគាត់ពាក់ឲ្យកូនៗគ្រប់ពេល។
បើតាម The Straits Times ឪពុកម្តាយស្ទើរតែពាក់កណ្តាល បានរៀបរាប់ថា កូនៗខ្លួននៅមិនសុកឡើយនៅពេលដែលពួកគេពាក់ខ្សែក្រវាត់សុវត្ថិភាព និងអង្គុយនៅតែមួយកន្លែង ខណៈឪពុកម្តាយគ្មានរថយន្ត បានលើកឡើងថា គ្មានហេតុផលអ្វីនោះឡើយ ដែលយកកៅអីសុវត្ថិភាពតាមខ្លួន។
ការសិក្សាមួយដែលផ្សាយដោយមន្ទីរពេទ្យ KK Women’s and Children’s Hospital (KKH) របស់សិង្ហបុរី បានបង្ហាញថា កុមារភាគច្រើនរងរបួសក្នុងគ្រោះថ្នាក់យានយន្ត ដោយសារពួកគេមិនស្ថិតនៅក្នុងកៅអីដ៏ត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត Chong Shu-Ling ដែលដឹកនាំការស្រាវជ្រាវ បានស្នើទៅរដ្ឋាភិបាលឲ្យពង្រឹងវិធានការច្បាប់លើករណីនេះ ជាពិសេសការដាក់កំហិតលើសេវាដឹកជញ្ជូន (App) និងតាក់ស៊ី នានា៕
© រក្សាសិទ្ធិដោយ thmeythmey.com