ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ស្នើឲ្យពលរដ្ឋកុំបំផ្លាញព្រៃឈើ សត្វព្រៃ ទុកទាញផលក្នុងវិស័យទេសចរណ៍ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីក្រសួង)
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានអំពាវនាវដល់ពលរដ្ឋសហគមន៍ចូលរួមថែរក្សាការពារធនធានធម្មជាតិ ដើម្បីទុកទាញប្រយោជន៍ក្នុងវិស័យទេសចរណ៍។
ក្នុងឱកាសសំណេះសំណាលជាមួយពលរដ្ឋសហគមន៍ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ខែមីនា លោក ថោង ខុន បានស្នើឲ្យពលរដ្ឋបញ្ឈប់ការបំផ្លាញព្រៃឈើ បរបាញ់សត្វ ហើយងាមមកខិតខំចូលរួមគ្នាថែរក្សាការពារធនធានធម្មជាតិទាំងនោះ ទុកសម្រាប់បម្រើវិស័យទេសចរណ៍។
«ប្រសិនបងប្អូនបញ្ឈប់ការបំផ្លាញព្រៃឈើ ឈប់បរបាញ់សត្វ ហើយងាកមកថែរក្សាការពារ ទុកសត្វឲ្យទេសចរមើល ទុកព្រៃឈើឲ្យភ្ញៀវទស្សនាកម្សាន្ត ផ្ដល់សេវាដល់ភ្ញៀវទេសចរ បងប្អូននឹងទទួលប្រាក់ចំណូលយ៉ាងច្រើន ជួយជំរុញជីវភាពកាន់តែប្រសើរ ជាជាងការបំផ្លាញធនធានធម្មជាតិទាំងនោះ»។ លោក ថោង ខុន ត្រូវបានស្រង់សំដីនៅលើទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ដូចនេះ។
រដ្ឋមន្ត្រីទេសចរណ៍រូបនេះ អះអាងថា រដ្ឋាភិបាលបានយកចិត្តដាក់ក្នុងការបង្កើត និងរៀបចំតំបន់អេកូទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ ព្រមទាំងទេសចរណ៍សហគមន៍ ព្រោះថាវិស័យទេសចរណ៍សហគមន៍ មានប្រយោជន៍សំខាន់ណាស់ក្នុងការជួយការពារធនធានធម្មជាតិ។ លោកថ្លែងដូច្នេះថា៖«អង្គការទេសចរណ៍ពិភពលោក អាស៊ាន និងរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញវិស័យទេសចរណ៍សហគមន៍នេះយ៉ាងខ្លាំង ដោយមានការចងក្រងប្រជាពលរដ្ឋទៅជាសហគមន៍ទេសចរណ៍ ដើម្បីបង្វែរពីការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វ មកជាការកាពារធនធានធម្មជាតិវិញ»។
ដើម្បីលើកកម្ពស់ទេសចរណ៍សហគមន៍ លោក ថោង ខុន ជំរុញឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ។ រដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់កសាងហេដ្ឋរចនាសម្ព័ន្ធ ចូលទៅដល់តំបន់ទេសចរណ៍នោះ ភ្ជាប់បណ្ដាញអគ្គិសនី សេវាអ៊ីនធឺណេត ជាដើម។ ផ្នែកឯកជន ត្រូវជួយផ្សព្វផ្សាយ និងរៀបចំកញ្ចប់ទេសចរណ៍ចូលមកតំបន់នេះ។ ក្រៅពីនេះគឺប្រជាពលរដ្ឋសហគមន៍ដែលត្រូវចូលរួមថែរក្សាព្រៃឈើ សត្វព្រៃ។ ជាមួយគ្នានេះ ដៃគូអភិវឌ្ឍន៍នានា ក៏ជាកត្តាចូលរួមដ៏សំខាន់ផងដែរ លើការផ្ដល់បច្ចេកទេស បណ្ដុះបណ្ដាលធនធានមនុស្ស និងផ្ដល់ហិរញ្ញប្បទាន៕
Tag:
សហគមន៍ទេសចរណ៍
ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com