អន្តរជាតិ
ប្រធានាធិបតីតៃវ៉ាន់ទៅតំបន់ប៉ាស៊ីហ្វិកដើម្បីពង្រឹងចំណងការទូត ខណៈចិនប្រឹងអូសទាញខ្លាំង
× ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នឹងធ្វើទស្សនកិច្ចនៅប្រទេសតំបន់ប៉ាស៊ីហ្វិកនៅសប្ដាហ៍ក្រោយ ដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ។ តៃវ៉ាន់ដែលនៅសល់សម្ព័ន្ធមិត្តមិនដល់ម្ភៃប្រទេសផងនោះ កំពុងប្រឈមមុខនឹងសកម្មភាពរបស់ចិនដែលព្យាយាមអូសទាញមិត្តភក្តិរបស់ខ្លួន។ អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់និយាយថា ប្រទេសដែលរាប់រកតៃវ៉ាន់ នឹងនៅតែបន្តទទួលស្គាល់តៃវ៉ាន់លើឆាកអន្តរជាតិដដែល។
Palau, Nauru និង Marshall Islands គឺជាគោលដៅនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅតំបន់ប៉ាស៊ីហ្វិក ដែលចាប់ផ្ដើមពីថ្ងៃទី២១ ដល់ទី២៨ ខែមីនា។ នេះជាដំណើរទស្សនកិច្ចជើងទីពីរនៅតំបន់ដែនកោះមួយនេះ ចាប់តាំងពីលោកស្រី Tsai ក្លាយជាប្រធានាធិបតីតៃវ៉ាន់មក ហើយវាក៏កើតឡើងស្របពេលដែលចិនកំពុងផ្ដាច់ដង្ហើមការទូតរបស់តៃវ៉ាន់ពីប្រទេសនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែរ។
លោកស្រី Tsai ដែលឡើងកាន់តំណែងនៅឆ្នាំ២០១៦ នោះ មាននិន្នាការទៅរកការប្រកាសឯករាជ្យ ដែលធ្វើឲ្យក្រុងប៉េកាំងមិនសប្បាយចិត្តឡើយ។ ចាប់ពីពេលនោះមក ក្រុងប៉េកាំងបានបង្កើនយុទ្ធនាការរបស់ខ្លួនក្នុងការបញ្ចុះបញ្ចូលប្រទេសដែលមានចំណងការទូតជាមួយតៃវ៉ាន់ ឲ្យមកទទួលស្គាល់ខ្លួនវិញ។ តាមរយៈការចាយលុយមិនសំចៃដៃ ប្រទេសចំនួន៥ហើយដែលបោះបង់តៃវ៉ាន់ ហើយបានចាប់ដៃចិនវិញ។ ជាសរុប ប្រទេស១៧ ប៉ុណ្ណោះ បន្តទំនាក់ទំនងជាមួយតៃវ៉ាន់។
ទោះជាយ៉ាងណា អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Hsu Szu-chien បានប្រាប់អ្នកសារព័ត៌មានថា សម្ព័ន្ធមិត្តតៃវ៉ាន់នៅប៉ាស៊ីហ្វិក បានគាំទ្រតៃវ៉ាន់ពេញលេញក្នុងការចូលរួមលើឆាកអន្តរជាតិ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីការទូតជាន់ខ្ពស់ដដែលនេះជឿថា ទស្សនកិច្ចរបស់ប្រធានាធិបតី Tsai នឹងជួយបង្កើនការយល់ដឹងពីតៃវ៉ាន់ដោយប្រជាជននៅប៉ាស៊ីហ្វិក និងសម្រាប់តៃវ៉ាន់យល់ដឹងពីមិត្តភក្តិរបស់ខ្លួនផងដែរ។
យ៉ាងណាមិញ លោក Hsu មិនបានបង្ហាញផ្លូវហោះហើររបស់លោកស្រី Tsai ឡើយ។ ការរក្សាការសម្ងាត់នេះ ជាទម្លាប់មួយដើម្បីចៀសវាងប្រតិកម្មរបស់ក្រុងប៉េកាំង។ កាលពីឆ្នាំមុន ក្នុងដំណើរទៅកាន់សម្ព័ន្ធមិត្តនៅអាមេរិកឡាទីន ប្រធានាធិបតីតៃវ៉ាន់បានឈប់សំចតនៅទឹកដីអាមេរិក និងឆ្លៀតផ្ដល់សុន្ទរកថាសាធារណៈមួយផង។ ចិនបានតវ៉ាយ៉ាងខ្លាំង និងប្រាប់ប្រទេសនានាឲ្យបញ្ឈប់សកម្មភាពនេះទៀតផង។
សូមបញ្ជាក់ថា ខណៈដង្ហើមការទូតរបស់តៃវ៉ាន់កាន់តែខ្សត់ឡើង ចិនឯណោះក៏រឹតតែប្រឹងប្រែងកាត់ផ្ដាច់តៃវ៉ាន់ពីសហគមន៍អន្តរជាតិ។ កាលពីឆ្នាំមុន ចិនបានចុះកិច្ចព្រមព្រៀងមួយជាមួយបុរីវ៉ាទីកង់ដែលជាសម្ព័ន្ធមិត្តតែមួយគត់របស់តៃវ៉ាន់នៅអឺរ៉ុប និងជាកល្យាណមិត្តជិតស្និទ្ធមួយផង។ ប៉ុន្តែកិច្ចព្រមព្រៀងស្ដីពីការតែងតាំងថ្នាក់ដឹកគ្រិស្តសាសនានៅចិន អាចជាជំហានទៅរកការភ្ជាប់ទំនាក់ទំនងការទូតក៏ថាបានដែរ៕
Tag:
ចិន
តៃវ៉ាន់
ប៉ាស៊ីហ្វិក
Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com