អន្តរជាតិ
ប្រធានាធិបតី​តៃវ៉ាន់​ទៅ​តំបន់​ប៉ាស៊ីហ្វិក​ដើម្បី​ពង្រឹង​ចំណង​ការទូត ខណៈ​ចិន​ប្រឹង​អូសទាញ​ខ្លាំង​
12, Mar 2019 , 10:19 pm        
រូបភាព
​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ​។ តៃវ៉ាន់​ដែល​នៅសល់​សម្ព័ន្ធមិត្ត​មិន​ដល់​ម្ភៃ​ប្រទេស​ផង​នោះ កំពុង​ប្រឈមមុខ​នឹង​សកម្មភាព​របស់​ចិន​ដែល​ព្យាយាម​អូសទាញ​មិត្តភក្តិ​របស់ខ្លួន​។ អនុរដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់​និយាយថា ប្រទេស​ដែល​រាប់រក​តៃវ៉ាន់ នឹង​នៅតែ​បន្ត​ទទួលស្គាល់​តៃវ៉ាន់​លើ​ឆាក​អន្តរជាតិ​ដដែល​។​

 
Palau, Nauru និង Marshall Islands គឺជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២១ ដល់ទី​២៨ ខែមីនា​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ជើង​ទី​ពីរ​នៅ​តំបន់​ដែន​កោះ​មួយ​នេះ ចាប់តាំងពី​លោកស្រី Tsai ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​មក ហើយ​វា​ក៏​កើតឡើង​ស្របពេល​ដែល​ចិន​កំពុង​ផ្ដាច់ដង្ហើម​ការទូត​របស់​តៃវ៉ាន់​ពី​ប្រទេស​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែរ​។​
 
​លោកស្រី Tsai ដែល​ឡើងកាន់តំណែង​នៅ​ឆ្នាំ​២០១៦ នោះ មាន​និន្នាការ​ទៅរក​ការប្រកាស​ឯករាជ្យ ដែល​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​មិន​សប្បាយចិត្ត​ឡើយ​។ ចាប់ពីពេលនោះ​មក ក្រុង​ប៉េកាំង​បាន​បង្កើន​យុទ្ធនាការ​របស់ខ្លួន​ក្នុងការ​បញ្ចុះបញ្ចូល​ប្រទេស​ដែលមាន​ចំណង​ការទូត​ជាមួយ​តៃវ៉ាន់ ឲ្យ​មក​ទទួលស្គាល់​ខ្លួន​វិញ​។ តាមរយៈ​ការចាយ​លុយ​មិន​សំចៃ​ដៃ ប្រទេស​ចំនួន​៥​ហើយ​ដែល​បោះបង់​តៃវ៉ាន់ ហើយ​បាន​ចាប់ដៃ​ចិន​វិញ​។ ជា​សរុប ប្រទេស​១៧ ប៉ុណ្ណោះ បន្ត​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​។​
 
​ទោះជា​យ៉ាងណា អនុរដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់ Hsu Szu-chien បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សម្ព័ន្ធមិត្ត​តៃវ៉ាន់​នៅ​ប៉ាស៊ីហ្វិក បាន​គាំទ្រ​តៃវ៉ាន់​ពេញលេញ​ក្នុងការ​ចូលរួម​លើ​ឆាក​អន្តរជាតិ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រីការទូត​ជាន់ខ្ពស់​ដដែល​នេះ​ជឿថា ទស្សនកិច្ច​របស់​ប្រធានាធិបតី Tsai នឹង​ជួយ​បង្កើន​ការយល់ដឹង​ពី​តៃវ៉ាន់​ដោយ​ប្រជាជន​នៅ​ប៉ាស៊ីហ្វិក និង​សម្រាប់​តៃវ៉ាន់​យល់ដឹង​ពី​មិត្តភក្តិ​របស់ខ្លួន​ផងដែរ​។​
 
​យ៉ាងណាមិញ លោក Hsu មិនបាន​បង្ហាញផ្លូវ​ហោះហើរ​របស់លោក​ស្រី Tsai ឡើយ​។ ការរក្សា​ការសម្ងាត់​នេះ ជា​ទម្លាប់​មួយ​ដើម្បី​ចៀសវាង​ប្រតិកម្ម​របស់​ក្រុង​ប៉េកាំង​។ កាលពី​ឆ្នាំមុន ក្នុង​ដំណើរ​ទៅកាន់​សម្ព័ន្ធមិត្ត​នៅ​អាមេរិក​ឡាទីន ប្រធានាធិបតី​តៃវ៉ាន់​បាន​ឈប់​សំចត​នៅ​ទឹកដី​អាមេរិក និង​ឆ្លៀត​ផ្ដល់​សុន្ទរកថា​សាធារណៈ​មួយ​ផង​។ ចិន​បាន​តវ៉ា​យ៉ាងខ្លាំង និង​ប្រាប់​ប្រទេស​នានា​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ទៀតផង​។​
 
​សូមបញ្ជាក់ថា ខណៈ​ដង្ហើម​ការទូតរ​បស់​តៃវ៉ាន់​កាន់តែ​ខ្សត់​ឡើង ចិន​ឯណោះ​ក៏​រឹតតែ​ប្រឹងប្រែង​កាត់ផ្ដាច់​តៃវ៉ាន់​ពី​សហគមន៍​អន្តរជាតិ​។ កាលពី​ឆ្នាំមុន ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​បុរី​វ៉ា​ទី​កង់​ដែលជា​សម្ព័ន្ធមិត្ត​តែមួយគត់​របស់​តៃវ៉ាន់​នៅ​អឺរ៉ុប និង​ជា​កល្យាណមិត្ត​ជិតស្និទ្ធ​មួយ​ផង​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​ស្ដីពី​ការតែងតាំង​ថ្នាក់​ដឹក​គ្រិស្តសាសនា​នៅ​ចិន អាចជា​ជំហាន​ទៅរក​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ក៏​ថា​បានដែរ​៕ 
 

Tag:
 ចិន​
  តៃវ៉ាន់​
  ប៉ាស៊ីហ្វិក​
  Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com