ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមីនានេះ ក្រុមហ៊ុនស្រាបៀថៃហ្គ័របានប្រកាសពីការពន្យារពេល ដំណើរមកកាន់ប្រទេសកម្ពុជា របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho”។ កំពូលតារាបាល់ទាត់សញ្ជាតិប្រេស៊ីលរូបនេះ គឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនស្រាបៀថៃហ្គ័រ ការពន្យារពេលមកកម្ពុជារបស់ លោក Ronaldinho ដោយសារនីតិវិធីដើម្បីទទួលបានលិខិតឆ្លងដែនរបស់ Ronaldinho ត្រូវបានពន្យារពេល ដែលធ្វើឲ្យលោកមិនអាចចាកចេញពីប្រទេសប្រេស៊ីល មកចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 នៅកម្ពុជាបាន។ សេចក្តីថ្លែងការណ៍ដដែល បានសរសេរដូច្នេះថា៖«ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 សូមសម្តែងការសោកស្តាយជាមួយប្រិយមិត្ត អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាទាំងអស់ ពាក់ព័ន្ធនឹងការពន្យារពេលមកកម្ពុជារបស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Ronaldinho ដោយសារភាពចាំបាច់និងកាលៈទេសៈ ដែលពុំអាចដឹងទុកជាមុន»។
ទោះបីមិនបានមកជូបអ្នកគាំទ្រដោយផ្ទាល់មែន ប៉ុន្តែ Ronaldinho បានបញ្ជាក់ថា លោកពិតជាស្រឡាញ់អ្នកគាំទ្រកម្ពុជា ហើយពិតជាទន្ទឹងរង់ចាំ ជួបអ្នកគាំទ្រទាំងអស់ដោយផ្ទាល់នៅឱកាសក្រោយ។ លោកបន្តថា លោកពិតជាមានកិត្តិយស និងមានមោទកភាពណាស់ ដែលបានក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 ដែលរៀបចំដោយស្រាបៀថៃហ្គ័រ។ លោក ពិតជាចង់ចូលរួម និងជាចំណែកមួយនៃព្រឹត្តិការណ៍នេះ ដើម្បីជំរុញលើកទឹកចិត្តដល់កីឡាករបាល់ទាត់ ដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា។
ដើម្បីបង្ហាញការកោតសរសើរ និងការលើកទឹកចិត្ត លោក Ronaldinho នឹងអញ្ជើញក្រុមជ័យលាភីជើងឯក Tiger Street Football 2019 ធ្វើដំណើរទស្សនកិច្ច និងទៅជួបលោកផ្ទាល់នៅប្រទេសប្រេស៊ីល។ លោកក៏ផ្ញើរូបថតអនុស្សាវរីយ៍ និងអាវយឺត Tiger Street Football ដ៏ស្រស់ស្អាតជាច្រើន ដែលមានចុះហត្ថលេខាផ្ទាល់របស់លោក ជូនដល់អ្នកគាំទ្រនៅប្រទេសកម្ពុជាផងដែរ។ កាដូទាំងនេះ នឹងមានផ្តល់ជូនសម្រាប់មិត្តគាំទ្រ ដែលចូលរួមលេងកម្មវិធីលើ Facebook ផ្លូវការរបស់ស្រាបៀថៃហ្គ័រ បន្ទាប់ពីចប់កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ។ លោក Ronaldinho ក៏បានសន្យាថា នៅពេលដោះស្រាយកិច្ចការចាំបាច់នៅប្រទេសប្រេស៊ីលរួចរាល់ហើយ លោកនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា។
ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នឹងនៅតែបន្តប្រព្រឹត្តទៅ និងមានក្រុមកំពូលចំនួន ៦៤ ក្រុមចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្តដែលនឹងធ្វើឡើងនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញនៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បីដណ្តើមយកម្ចាស់ជើងឯក Tiger Street Football Festival 2019។
ចំពោះព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH