កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool ជាក្រុមទី៤ពីអង់គ្លេសដែលឡើងទៅវគ្គ១/៤ ក្រោយឈ្នះ Bayern Munich ៣-១
× ជ័យជម្នះ ៣-១ លើក្រុម Bayern Munich នៅជំនួបជើងទី២គ្រប់គ្រាន់ដើម្បីបញ្ជូន Liverpool ឡើងទៅកាន់វគ្គវគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ជាមួយក្រុមពីអង់គ្លេស៣ផ្សេងទៀតដែលរួមមាន Spurs, Manchester City និង Manchester United។
ក្នុងការប្រកួតជើងទី២ នារាត្រីថ្ងៃទី១៣ ខែមីនា នៅកីឡដ្ឋាន Allianz Arena ក្រុមភ្ញៀវ Liverpool អាចសម្រេចបានលទ្ធផលដល់ទៅ ៣-១ ដែលធ្វើបានដោយ Sadio Mane ពីរគ្រាប់នៅនាទី ២៦និង៨៤ រីឯ១គ្រាប់ទៀតធ្វើបានដោយខ្សែការពារ Virgil van Dijk នៅនាទី៦៩។ ១គ្រាប់របស់ម្ចាស់ផ្ទះ Bayern Munich ទទួលបានពីការធ្វើឲ្យចូលទីខ្លួនឯង(own goal) ពីសំណាក់ខ្សែការពារ Joel Matip នៅនាទី៣៩ប៉ុណ្ណោះ។
កាលពីជំនួបជើងទី១នៅទឹកដី Anfield ក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ០-០។ ដូច្នេះលទ្ធផលសរុបទាំងពីរជើង(aggregate) ក្រុមរបស់លោក Jurgen Klopp ឈ្នះក្រុមពីអល្លឺម៉ង់ ៣-១។
ជ័យជម្នះនេះ បាននាំឲ្យក្រុមរហស្សនាមហង្សក្រហមអាចបង្គ្រប់ក្រុមទាំង៤ពីលីគអង់គ្លេសដែលរួមមាន Spurs, Man City និង Man Utd ដើម្បីបន្តទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌកំពូលអឺរ៉ុបសម្រាប់រដូវកាល ២០១៨-១៩នេះ។ ៤ក្រុមផ្សេងទៀតដែលទៅកាន់វគ្គ៨ក្រុមមានដូចជា Ajax, FC Porto, Juventus និង Barcelona ដែលឈ្នះ Lyon ៥-១ នៅយប់មិចញនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com