អន្តរជាតិ
ថៃ ចូលរួម​ជាមួយ​ប្រទេស​អាស៊ាន​បួន​ទៀត ផ្អាក​ប្រតិបត្តិការ​យន្តហោះ​ប៊ូ​អ៊ីង 737 MAX
14, Mar 2019 , 2:09 pm        
រូបភាព
ដោយ:
​គិត​មក​ត្រឹម​ថ្ងៃទី ១៤ ខែមីនា​នេះ  ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​៥​ហើយ បានសម្រេច​ផ្អាក​ប្រើប្រាស់​យន្តហោះ​សេ​រ៊ី​ប៊ូ​អ៊ីង 737  MAX ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​។  ការផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​នេះ គឺធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​អេ​ត្យូ​ពី​កាលពី​ថ្ងៃទី​១១ ខែមីនា កន្លងទៅ ដែល​សម្លាប់​មនុស្ស​ទាំង​១៥៧​នាក់​លើ​យន្តហោះ​នេះ​។​

 
​យន្តហោះ​របស់​ក្រុមហ៊ុន Ethiopian Airlines ដែល​បាន​ធ្លាក់​នោះ គឺជា​យន្តហោះ​ប្រភេទ​ដូចគ្នា​ទៅនឹង​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air របស់​ឥណ្ឌូណេស៊ី ដែល​បាន​ធ្លាក់​ក្នុង​ខែតុលា​ឆ្នាំ​២០១៨​។ ក្នុង​ហេតុការណ៍​នេះ អ្នកដំណើរ​និង​អ្នកបម្រើ​លើ​យន្តហោះ​ចំនួន ១៨៩​នាក់​បាន​បាត់​បង់ជីវិត​។ អ្នកខ្លះ​យល់ឃើញថា ហេតុការណ៍​គ្រោះថ្នាក់​នេះ​មាន​ភាពស្រដៀងគ្នា​ខ្លាំង​។​
 
​ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​ប្រទេស​ក្នុង​អង្គការ​តំបន់​អាស៊ាន​ដែល​បានសម្រេច​ផ្អាក​ដំណើរការ​យន្តហោះ​ប៊ូ​អ៊ីង 737 MAX ។​

​សិង្ហ​បុរី 
 
​នៅ​ថ្ងៃ​អង្គារ​ទី​១១ ខែមីនា អាជ្ញាធរ​អាកាសចរណ៍​សិង្ហ​បុរី និយាយថា ខ្លួន​នឹង​ផ្អាក​ប្រតិបត្តិការ​យន្តហោះ​ប្រភេទ​ប៊ូ​អ៊ីង 737 MAX 8 ទាំងអស់​ជា​បណ្តោះអាសន្ន​។ ការផ្អាក​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ម៉ោង​២​រសៀល​នេះ​តទៅ​។​
 
​ឥណ្ឌូណេស៊ី 
 
​អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ឲ្យ​ដឹងថា ខ្លួន​បានសម្រេច​ផ្អាក​យន្តហោះ​ប្រភេទ​ប៊ូ​អ៊ីង 737 MAX 8 ចំនួន​១១​គ្រឿង​របស់ខ្លួន​។ ការត្រួតពិនិត្យ​លើ​យន្តហោះ​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​។ យន្តហោះ​នឹងត្រូវ​ផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​សិន ពោលគឺ​រហូតដល់​អាជ្ញាធរ​ធានាថា យន្តហោះ​ទាំងអស់នេះ​មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​។ 

​ម៉ាឡេស៊ី 
 
​អាជ្ញាធរ​ម៉ាឡេស៊ី បានប្រកាស​ហាមប្រាម​យន្តហោះ​ប្រភេទ​ប៊ូ​អ៊ីង 737 MAX ហោះ​ឆ្លង​ការ​ដែនអាកាស​ខ្លួន ដោយ​លើកឡើង​ពី​ក​ខ្វល់​សុវត្ថិភាព​។ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ម៉ាឡេស៊ី ក៏ត្រូវ​ផ្អាក​ដំណើរការ​ជើងហោះហើរ​របស់ខ្លួន​ផងដែរ ដែល​ប្រើប្រាស់​យន្តហោះ​ប្រភេទ​នេះ​។ លើសពីនេះ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏​បញ្ជា​ឲ្យ​សើរើ​ជាបន្ទាន់​នូវ​គម្រោង​បញ្ជា​ទិញ​យន្តហោះ​ប៊ី​អ៊ីង​ស៊េរី​ចុងក្រោយបង្អស់​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​ផងដែរ​។​
 
​វៀតណាម  
 
​អាជ្ញាធរ​អាកាសចរណ៍​វៀតណាម បានសម្រេច​ហាមប្រាម​យន្តហោះ​ប៊ូ​អ៊ីង 737 MAX ពី​ការហោះ​ឆ្លងកាត់​ដែនអាកាស​ខ្លួន ដោយ​លើកឡើង​ពី​កង្វល់​ជុំវិញ​បញ្ហា​សុវត្ថិភាព​នៃ​យន្តហោះ​ប្រភេទ​នេះ​។ ការហាម​ប្រាម​នេះ បាន​ចូល​ជាធរ​មាននៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ពុធ​ទី​១៣ ខែមីនា​។ បើតាម​សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម លោក Dinh Viet Thang ប្រធាន​នៃ​ភ្នាក់ងារ​នេះ គូសបញ្ជាក់ថា​៖«​ក្រុមហ៊ុន​អាកាសចរណ៍ នឹងត្រូវ​រង​ផលប៉ះពាល់​ដោយសារ​ចំណាត់ការ​នេះ ដ្បិត​ពួកគេ​នឹងត្រូវ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ផ្សេង​។ ប៉ុន្តែ​ទាំងអស់នេះ​គឺ​ដើម្បី​មូលហេតុ​សុវត្ថិភាព​»​។​
 
 
​ថៃ​
 
​អាជ្ញាធរ​អាកាសចរណ៍​ថៃ នៅ​ថ្ងៃ​ពុធ​ទី​១៣ ខែមីនា បានប្រកាស​ផ្អាក​ដំណើរការ​យន្តហោះ​ប៊ូ​អ៊ីង 737 Max ដោយ​លើក​ហេតុផល​ដើម្បី​ធានា​សុវត្ថិភាព​។ អាជ្ញាធរ​គូសបញ្ជាក់ថា ខ្លួន​នឹង​ផ្អាក​ការប្រើប្រាស់​យន្តហោះ​ប្រភេទ​នេះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air Thai រយៈពេល​៧​ថ្ងៃ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៤ ខែមីនា​តទៅ​៕
 

Tag:
 ថៃ​
  យន្តហោះ​ប៊ូ​អ៊ីង ៧៣៧ Max
© រក្សាសិទ្ធិដោយ thmeythmey.com