អន្តរជាតិ
ម៉ាឡេស៊ីបិទសាលារៀនជាង១០០ ក្រោយសិស្សឈឺដោយសារទឹកទន្លេផ្ទុកសារធាតុពុល រូបភាព៖ AP
× សំណល់ពុល ដែលចេញពីរោងចក្រត្រូវបានបង្ហូរចូលដោយខុសច្បាប់ទៅ ក្នុងទឹកទន្លេមួយក្នុងភាគខាងត្បូងរដ្ឋ Johor ដែលបណ្តាលឲ្យសិស្សានុសិស្ស និងគ្រូបង្រៀនមិនស្រួលខ្លួន។ ហេតុការណ៍នេះបានបង្ខំឲ្យអាជ្ញាធរម៉ាឡេស៊ីបញ្ជាបិទសាលារៀន១១១កន្លែង គិតមកត្រឹមថ្ងៃពុធទី ១៣ខែមីនា។
រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ី Maszlee Malek កាលពីព្រឹកថ្ងៃទី១៣ ខែមីនា បានបញ្ជាបិទសាលារៀនចំនួន៣៤កន្លែង។ ប៉ុន្តែដោយស្ថានការណ៍មិនធូរស្បើយ ចំនួនសាលារៀនដែលត្រូវបិទបានកើនដល់ ១១១កន្លែង។ លោកសង្កត់ធ្ងន់ថា គ្រូបង្រៀនទាំងអស់ក៏មិនចាំបាច់អនុវត្តកាតព្វកិច្ចផងដែរ ព្រោះថាស្ថានភាពពេលនេះនៅតែគ្រោះថ្នាក់។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP មនុស្សជាង ៥០០នាក់ មានអាការៈ ពិបាកដកដង្ហើម, វិលមុខ និងក្អួតចង្អោរ ក្រោយស្រូបក្លិនពុលពីសំណល់ក្នុងទឹកទន្លេនោះ។ មន្ត្រីម៉ាឡេស៊ី អះអាងថា ជនរងគ្រោះប្រមាណ ១៦៦នាក់ ចូលមន្ទីរពេទ្យសម្រាកព្យាបាល និងមួយចំនួនតូចទៀតស្ថិតក្នុងការថែទាំកម្រិតស្រាល។
រដ្ឋមន្ត្រីក្រសួងបរិស្ថានម៉ាឡេស៊ី Yeo Bee Yin ដែលស្រង់សម្តីដោយភ្នាក់ងារព័ត៌មាន Bernama ដោយនិយាយថា ទឹកភ្លៀងអាចជាមូលហេតុដែលបង្កឲ្យសារធាតុពុលនេះសាយភាយចេញទៅក្រៅ ទោះបីជារោងចក្រខិតខំទប់ស្កាត់ក៏ដោយក្តី។
សូមបញ្ជាក់ដែរថា ម្ចាស់រោងចក្រពីរនាក់ និងកម្មករម្នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីឃុំខ្លួនដើម្បីបើកការស៊ើបអង្កេត។ សារព័ត៌មានជាច្រើន បញ្ជាក់ថា សំណល់នោះ ត្រូវបានគេជឿថា ផ្ទុកសារធាតុគីមីដែលប្រើប្រាស់ដើម្បីរំលាយដែក ហើយវាត្រូវបានធ្លាយពីរោងចក្រកាលពីសប្តាហ៍មុនម្ល៉េះ ដោយបន្សល់ទុកសំណល់ល្អិតខ្មៅៗនៅលើផ្ទៃទឺកទន្លេ៕
Tag:
ម៉ាឡេស៊ី
សារធាតុគីមី
© រក្សាសិទ្ធិដោយ thmeythmey.com