ជាតិ
កូរ៉េខាងត្បូង បាន​បន្ត​ផ្តល់​៧០០​លាន​ដុល្លារ ដល់​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​
16, Mar 2019 , 11:29 am        
រូបភាព
សមេ្តច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉
សមេ្តច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉
​ភ្នំពេញ​៖  សាធារណរដ្ឋ​កូរ៉េខាងត្បូង​បាន​បន្ត​ផ្ដល់​ថវិកា​ចំនួន​៧០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩-២០២៣​។ ចំនួន​ថវិកា​នេះ គឺជា​ឥណទាន​សម្បទាន នៃ​មូលនិធិ​សហប្រតិបត្តិការ អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៥ មីនា ឆ្នាំ​២០១៩ រវាង ស​មេ្ត​ច ហ៊ុន សែន ជាមួយ លោក មូ​ន ចេ​អ៉ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូ​រ៉​នៅ​ទីក្រុង​ភ្នំពេញ​។

 
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ សម្តេច ហ៊ុន សែន ថវិកា របស់​សាធារណរដ្ឋ​កូរ៉េ​នេះ បាន​ផ្ដោតលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ធនធានទឹក និង​សុខុមាលភាព​សាធារណៈ វិស័យ​អប់រំ និង​បណ្ដុះបណ្ដាល ធនធានមនុស្ស និង​វិស័យ​អភិវឌ្ឍន៍ជនបទ និង​គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល អាកាសចរណ៍​ស៊ីវិល គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២​ជាដើម​។​


 
​ជាមួយគ្នានេះ សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ដែល​តែងតែបាន​ចូលរួម​ក្នុង​ការស្ដារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ការផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ និង​ការវិនិយោគ​ផ្ទាល់​។ កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ជា​យូរយារ​ណាស់​មកហើយ ប៉ុន្តែ​ទំនាក់ទំនង​នេះ ត្រូវបាន​ផ្អាក​មួយរយៈ​ដោយសារ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​
 
​សម្តេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​រយៈពេល​២២​ឆ្នាំ គិតពី​ឆ្នាំ​១៩៩៦-២០១៨ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បានផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ៦៣២​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក​៕
 
 

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  កូរ៉េ​
  ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com