សង្គមអន្តរជាតិ
អន្តរជាតិ
តារាបង្ហាញម៉ូតអាមេរិកម្នាក់រងការគំរាមសម្លាប់ដោយសារតែរោមចិញ្ចើម
× Sophia Hadjipanteli បានក្លាយជាជនរងគ្រោះនៅលើបណ្តាញសង្គម ដោយសារតែនាង មិនព្រមកោររោម (monobrow) ដែលភ្ជាប់ចិញ្ចើមទាំងពីររបស់ខ្លួន។ តារាបង្ហាញម៉ូតអាមេរិករូបនេះ បានអះអាងថា នាងទទួលបានសារជាច្រើនដែលគំរាមសម្លាប់នាង។
អាយុ២២ឆ្នាំ នាង Hadjipanteli ដែលមានកំណើតដើមស៊ីប គឺជាអ្នកបង្ហាញម៉ូតម្នាក់ដ៏ល្បីល្បាញនៅលើបណ្តាញសង្គម Instagram ដោយនាងមាន Followers ជាង៣សែន។ មនុស្សជាច្រើនចាប់អារម្មណ៍លើការតុបតែងដ៏ប្លែករបស់នាង ពោលគឺការទុករោមនៅចន្លោះចិញ្ចើម (monobrow) របស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ សិល្បៈតុបតែងខ្លួនរបស់ Hadjipanteli ដែលមានរហស្សនាមថា «Veronika» ក៏មិនទទួលបានការពេញចិត្តពេញថ្លើមពីមនុស្សគ្រប់រូបនោះដែរ ជាពិសេសក្នុងចំណោម followers របស់នាង។ នាបទសម្ភាសមួយនៅកម្មវិធី Good Morning Britain ក្នុងប្រទេសអង់គ្លេស នាងបានអះអាងពីការឆ្ពោះទៅមុខរបស់នាង បើទោះបីជាមានការគំរាមសម្លាប់នាងយ៉ាងណាក្តី។
«ខ្ញុំតែងតែទទួលបាននូវប្រតិកម្មអវិជ្ជមានជាច្រើន។ ខ្ញុំអង្គុយនៅទីនេះ ដោយមិនអាចនិយាយអ្នកគាំទ្រសុទ្ធតែវិជ្ជមានទាំងអស់នោះឡើយ។ មិនមានឡើយករណីនេះ ដោយភាគច្រើន គឺអវិជ្ជមាន»។ នេះជាការរៀបរាប់របស់តារាបង្ហាញម៉ូតអាមេរិកដើមកំណើតស៊ីប។
ទោះបីជាមនុស្សមួយចំនួនមិនពេញចិត្តនឹងរោមចិញ្ចើមរបស់ខ្លួន តែនាង Hadjipanteli អះអាងថា នាងនូវតែប្រឹងតស៊ូប្រកបដោយភាពវិជ្ជមាន ដោយបង្ហាញឲ្យគេឃើញពីភាពខ្លាំងនូវចំណុចផ្សេងៗទៀត។ នាងលើកឡើងថា៖ «នៅពេលដែលគេប្រាប់យើងពីការមិនពេញចិត្តអ្វីមួយលើរាងកាយរបស់យើង ពិតជាអាចទទួលយកបាន ប៉ុន្តែមិនអាចទទួលយកបានឡើយចំពោះការគំរាមកំហែងអាយុជីវិត»។
មានប្រវតិ្តរស់នៅក្រុងឡុងដ៍ និងសហរដ្ឋអាមេរិក ហើយកាលពីឆ្នាំ២០១៤ Hadjipanteli បានចាប់អារម្មណ៍នឹងការតុបតែងរោមចិញ្ចើមរបស់ខ្លួន បន្ទាប់មកនាងក៏សម្រេចចិត្តធ្វើអ្វីទៅតាមធម្មជាតិរបស់ខ្លួន។
លោក Piers Morgan ពិធីករនៃកម្មវិធី Good Morning Britain បាននិយាយការពារចំពោះការតុបតែងរបស់តារាបង្ហាញម៉ូតវ័យក្មេងមួយនេះ ដោយលោកអះអាងថា ជាការទាក់ទាញដ៏ចម្លែកមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com