ជាតិ
ព្រឹត្តិការណ៍សមរាត្រីដែលមានព្រះអាទិត្យរះចំកណ្ដាលប្រាង្គអង្គរវត្ត នៅថ្ងៃទី២១ មីនា
× សៀមរាប៖ ព្រឹត្តិការណ៍សមរាត្រី (Equinox) នៅរដូវប្រាំង នឹងកើតមាននៅថ្ងៃទី២១ មីនា។ ព្រឹត្តិការណ៍នេះ នឹងមានព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាង្គអង្គរវត្ត នាព្រឹកព្រលឹមស្រាង។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។
តាមការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវប្រាំង នៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩នេះ នឹងត្រូវចំថ្ងៃទី២០ ខែមីនាខាងមុខ។ ពាក់ព័ន្ធនឹងសមរាត្រីនេះ ត្រូវបានអាជ្ញាធរជាតិអប្សរា ពន្យល់ថា វាជារឿងរ៉ាវទាក់ទងនឹងវេលាដែល«ថ្ងៃនិងយប់»មានរយៈពេលស្ទើរតែស្មើគ្នា។ ប៉ុន្តែនៅក្នុងខែខ្លះ គឺថ្ងៃមានរយៈពេលវែងជាងយប់ ហើយខែខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។
ប៉ុន្តែករណីពិសេសនៅអង្គរវត្តវិញ គឺវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ដែលហៅសមរាត្រីព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្ត នាព្រឹកព្រលឹមស្រាងៗ ហើយអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុកតារាជ (ខ្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទី ដល់ម៉ោង៧ព្រឹក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរា បានសរសេរលើហ្វេសប៊ុកខ្លួនថា៖«នេះជាអច្ឆរិយការណ៍របស់អង្គរវត្ត ដែលបានស្ថាបនាទ្បើង ដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្ត្រ វិស្វកម្ម និងតារាសាស្ត្រ។ នេះគឺជាហេតុផលវិទ្យាសាស្ត្រមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច?»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញាជារៀងរាល់ឆ្នាំ៕
Tag:
សមរាត្រី
អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com