កីឡាអន្តរជាតិ
អន្តរជាតិ
PSG ថ្កោលទោស Evra ដែលថា​កីឡាករ​ខ្លួន​លេង​ដូច​ខ្ទើយ​ក្រោយ​ចាញ់ Man Utd
20, Mar 2019 , 9:59 pm        
រូបភាព
Paris Saint-Germain បាន​ថ្កោលទោស​ឥរិយាបថ និង​ការនិយាយស្តី​មិន​សមរម្យ​របស់ Patrice Evra បន្ទាប់​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង​រូបនេះ​បាន​ប្រដូច​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុងប៉ារីស​នេះ​ទៅនឹង «​ខ្ទើយ​មួយក្រុម​»​។​

 
​ភាព​តានតឹង​បាន​ផ្តើមឡើង​នៅពេល Evra បង្ហោះ​វីដេអូ​មួយ​លើ​បណ្តាញ​សង្គម Instagram ដែលមាន​អ្នក Follow ខ្លួន​ដល់​ទៅ ៥,៨​លាន​នាក់​។ វីដេអូ​នោះ គឺ​បង្ហាញ​ពី​ការអបអរ​ជ័យ​ជ​ម្នៈ​របស់ Manchester United ដែល​ទម្លាក់ PSG ដោយ​លទ្ធផល ៣-១ ក្នុងជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម Champions League នៅឯ​កីឡដ្ឋាន Le Parc des Princes ក្នុង​ក្រុងប៉ារីស​។​
 
 
 
​វីដេអូ​នេះ បាន​ទាក់ទាញ​ការរិះគន់​ពី​អតីត​កីឡាករ PSG និង​ពិធីករ​ទូរទស្សន៍​កីឡា​លោក Jerome Rothen ដែលជា​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង និង Monaco របស់ Evra ផង​។ ការរិះគន់​ទាំងនោះ ត្រូវបាន Evra អតីត​ខ្សែការពារ​ឆ្នើម Man Utd ឆ្លើយតប​ដោយ​គំរាម​ទៅ​លោក Rothen ថា «​ត្រូវ​មុខ​មួយ​ដៃ​ឥឡូវ​ហើយ​!»​។​
 
​លើសពីនេះ អតីត​សមាជិក Juventus វ័យ​៣៧​ឆ្នាំនេះ ថែមទាំង​ប្រដូច​ការលេង​របស់​ក្រុម​យក្ស​បារាំង PSG ទៅនឹង​ខ្ទើយ​មួយក្រុម បើ​ទោះ​ពួកគេ​នាំមុខ​២​គ្រាប់​លើ​ក្រុម Man Utd កាលពី​ជើង​ទី​១​រួចទៅហើយ​នោះ​។​


 
​ឥរិយាបទ​និង​ការនិយាយស្តី​មិន​សមរម្យ​បែបនេះ បាន​នាំ​ឲ្យ​ម្ចាស់​ជើងឯក Ligue 1 ចេញ​សេចក្តី​ថ្លែង​ការ​ថ្កោល​ទៅ Evra នៅ​ថ្ងៃទី​១៩ ខែមីនា​ដោយ​រៀបរាប់ថា​៖«​យើង​សូម​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការប្រមាថ​របស់លោក Patrice Evra ដែល​សំដៅលើ​យើង និង​អតីត​កីឡាករ​របស់​យើង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​»​។​
 
Evra ដែល​បាន​បង្ហាញខ្លួន​ឲ្យ Man Utd ចំនួន​៣៧៩​ប្រកួត និង​ជម្រើសជាតិ ៨១​ដង ធ្លាប់មាន​ប្រវត្តិ​បង្ករឿង​ក្នុង​ការធ្វើ​កូដកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​អំឡុង​ការប្រកួត World Cup ឆ្នាំ​២០១០​ផង​៕
 

Tag:
 បាល់ទាត់​
  PSG
  Patrice Evra
© រក្សាសិទ្ធិដោយ thmeythmey.com