ភ្នំពេញ៖ កម្មវិធីមាគ៌ាបញ្ញវន្ត ដែលរៀបចំដោយក្រុមមាគ៌ាឆ្ពោះទៅអនាគត បានអញ្ជើញបុគ្គលមានស្នាដៃក្នុងសង្គម ទាំងផ្នែកសាសនា សិល្បៈ និងវប្បធម៌ មកចែករំលែកបទពិសោធជីវិត ដើម្បីជំរុញយុវជន ឱ្យស្គាល់តម្លៃរបស់ខ្លួនកាន់តែច្បាស់។ នៅពេលដែលយុវជនយល់តម្លៃខ្លួន នោះទោះបីជាពួកគេស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ពួកគេនៅតែអាចច្នៃស្ថានការណ៍ឱ្យប្រសើរឡើងបាន។
ដើម្បីបានជ្រាបច្បាស់ពីការយល់ឃើញរបស់យុវជនពីបញ្ហាជីវិត សូមស្ដាប់បទយកការណ៍ដែលរៀបចំឡើងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ក្នុងសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន យុវជនយ៉ាងច្រើនបានចូលរួមក្នុងកម្មវិធី មាគ៌ាបញ្ញវន្ត។ វាគ្មិនជាច្រើនរូបដែលមានស្នាដៃដ៏គួរឲ្យកោតស្ញប់ស្ញែង ដូចជា អ្នកស្រី ឌី សាវ៉េត,លោកតា គង់ ណៃ,លោក អៀង ស៊ីធុល,លោកតា ហ៊ុន ហេង និងលោក សាន សម្ភស្ស ត្រូវបានអញ្ជើញឲ្យចូលរួមចែករំលែកបទពិសោធជីវិត និងផ្ដល់ដំបូន្មានដល់យុវជន។ អ្នកស្រី ម៉ៅ សំណាង និងលោក អៀង អឿន ក៏បានផ្ដល់សារអប់រំតាមរយៈវីដេអូខ្លីផងដែរ ជំនួសឱ្យការមិនបានមកចូលរួមផ្ទាល់។
យុវជន សុខ ពៅសំណាង ជាអ្នកចូលរួមម្នាក់ ដែលអង្គុយនៅកៅអីជួរខាងក្រោយជិតផ្លូវចូល។ ស្ដាប់វាគ្មិនចែករំលែកបទពិសោធយ៉ាងយកចិត្តទុកដាក់ យុវជនវ័យ២២ឆ្នាំរូបនេះ ថាកម្មវិធីនេះបានផ្ដល់ចំណេះដឹងជាច្រើន ទាំងការបណ្ដុះស្មារតី និងផ្ដល់គំនិតពង្រឹងជំនាញបន្ថែម ដល់ខ្លួន។ ក្នុងចំណោមចំណុចជាច្រើន ដែលយុវជនមានមាឌតូចរូបនេះទទួលបាន លោកលើកចំណុចមួយដែលខ្លួនចាប់អារម្មណ៍ដូច្នេះ៖« ខ្ញុំទទួលបានបទពិសោធថ្មីៗ ពីព្រឹទ្ធាចារ្យ ដែលអាចហៅបានថាជាមរតកមនុស្សរស់ ជាពិសេសសារខ្លីៗដែលគាត់ផ្ដល់ឱ្យ។ ខ្ញុំចាប់អារម្មណ៍ជាងគេ លោកតា ហ៊ុន ហេង ប្រាប់ថាបើយើងធ្វើអ្វីមួយ ត្រូវធ្វើរហូត ហើយបើយើងធ្វើការងារត្រូវនឹងឧបនិស្ស័យ គឺធ្វើឱ្យយើងមានភាពងាយស្រួល»។
ចំណែកកញ្ញា ឈឿន ស្រីរ័ត្ន នៅរហូតដល់ចប់កម្មវិធីចាប់អារម្មណ៍ពីជីវិតពិការភាពរបស់លោកតា គង់ ណៃ ដែលអាចច្នៃភាពពិការរបស់ខ្លួន ស្វែងរកជំនាញសមស្រមនឹងស្ថានភាពជីវិត។ «ខ្ញុំចាប់អារម្មណ៍លោកតា គង់ ណៃ។ ដ្បិតតែលោកពិការភ្នែក តែលោកមិនព្រមចុះចាញ់ទេ លោកបានរកអាជីពមួយដែលសមនឹងគាត់ ហើយនៅតែបន្តដល់បច្ចុប្បន្ន។ ដំបូងគាត់គិតថា គាត់លេងចាប៉ីដើម្បីទ្រទ្រង់ជីវភាព តែក្រោយមកទើបគាត់យល់ថា គាត់លេងចាប៉ីដងវែង គឺជាគុណតម្លៃសម្រាប់ប្រទេសយ៉ាងធំ»។ នេះជាការបញ្ជាក់របស់ កញ្ញា ស្រីរ័ត្ន។
មានសម្បុរស្រអែម និស្សិតបុរាណវិទ្យាវ័យ១៩ឆ្នាំ មកពីខេត្តរតនគិរីរូបនេះ បានរកឃើញផ្លូវធ្វើឱ្យខ្លួនដើរទៅជិតគោលដៅកាន់តែលឿន តាមរយៈឃ្លាដូច្នេះ៖«អ្វីដែលជំរុញ និងលើកទឹកចិត្តខ្ញុំ គឺពាក្យរបស់លោកគ្រូ អៀង ស៊ីធុល ទាំង៤ គឺយើងមកពីណា? ទៅណា? ធ្វើអ្វី? ដើម្បីអ្វី? ពេលដែលយើងស្វែងរកខ្លួនឯងឃើញ នោះយើងនឹងជោគជ័យក្នុងជីវិត»។
អ្នកចូលរួមមួយរូបទៀត គឺ កញ្ញា ណេ ដានីត យល់ឃើញថា ការរៀបចំកម្មវិធីនេះពិតជាល្អសម្រាប់យុវជនស្វែងយល់ពីជីវិត និងគតិបណ្ឌិតផ្សេងៗរបស់ព្រឹទ្ធាចារ្យ។ នារីរូបស្រស់ វ័យ២០ឆ្នាំរូបនេះ អះអាងថា នាងកាន់តែមានគំនិតតស៊ូ ក្រោយបានស្ដាប់ លោកតា ហ៊ុន ហេង រៀបរាប់ពីប្រវត្តិការសិក្សាបានតិចតួច ក្នុងស្ថានភាពគ្រួសារក្រីក្រ តែលោកខំស្វ័យសិក្សារហូតបានការងារនិងមុខតំណែងខ្ពស់។ កញ្ញាបន្ថែម៖«គាត់អប់រំឱ្យយើងចេះតស៊ូក្នុងជីវិត ទោះបីជាយើងរៀនបានតិចក្ដី តែអាស្រ័យលើការតស៊ូរបស់ខ្លួនយើង។ ដូច្នេះបើយើងខំប្រឹងប្រែងអភិវឌ្ឍន៍ជំនាញដែលមាននៅក្នុងខ្លួនយើង នោះវានឹងទៅមុខ»។
ជាសហស្ថាបនិកក្រុមមាគ៌ាឆ្ពោះទៅអនាគត កញ្ញា ចន្ទ ស្រីហ៊ុច បានប្រាប់សារព័ត៌មានថ្មីៗថាគោលបំណងនៃចំកម្មវិធីមាគ៌ាបញ្ញវន្ត គឺផ្ដល់ឱកាសដល់យុវជន បានជួបជាមួយចាស់ព្រឹទ្ធាចារ្យ ដែលសុទ្ធសឹងជាមរតកមនុស្សរស់ក្នុងប្រទេសខ្មែរ ដែលវាជាឱកាសឲ្យយុវជនមានពន្លឺក្នុងការកំណត់គោលដៅជីវិត។ កញ្ញា ចន្ទ ស្រីហ៊ុច បន្ថែមថា គោលដៅមួយផ្សេងទៀត របស់កម្មវិធីនេះ គឺដើម្បីឱ្យតម្លៃដល់ចាស់ព្រឹទ្ធាចារ្យដែលមានស្នាដៃ មុនពេលលោកចែកឋាន។
កញ្ញា ចន្ទ ស្រីហ៊ុច បញ្ជាក់៖«នៅពេលដែលលោកតា ប្រាជ្ញ ឈួន នៅមានជីវិត យុវជនជាច្រើនមិនសូវបានស្គាល់លោកតាទេ។ ប៉ុន្តែនៅពេលដែលលោកតា បាត់បង់ជីវិត ទើបគ្រប់គ្នាចូលរួមសោកស្ដាយ និងកោតសរសើរស្នាដៃលោកតា។ ប៉ុន្តែរឿងទាំងអស់នោះ វាបានហួសពេលបាត់ទៅហើយ។ បានន័យថា នៅពេលដែលយើងលើកសរសើរ គួរតែធ្វើនៅពេលដែលគាត់នៅមានជីវិត។ បើយើងលើកសរសើរនៅពេលដែលគាត់បាត់បង់ជីវិតហើយ វាមិនមានន័យ»។
សហស្ថាបនិកនេះរូបនេះអះអាងថា នឹងរៀបចំកម្មវិធីនេះឆ្នាំបន្តបន្ទាប់ទៀត ដោយរក្សាប្រធានបទដដែល តែវាគ្មិនថ្មីជានិច្ច។
នៅក្នុងកម្មវិធីមាគ៌ាបញ្ញវន្តនេះ អ្នកស្រី ឌី សាវ៉េត ដែលជាតារាសម្ដែងជើងចាស់ដ៏ល្បីឈ្មោះ បានស្នើជាសាធារណៈ ទៅកាន់អ្នកចូលរួមថា សូមធ្វើយ៉ាងណារួមគ្នាថែរក្សាតម្លៃខ្លួន ឱ្យថ្លៃថ្នូរជានិច្ចក្នុងនាមជាខ្មែរ ដើម្បីកុំឱ្យជាតិសាស្ត្រដទៃវាយតម្លៃជាតិខ្លួន។ ចំណែកព្រឹទ្ធាចារ្យចាប៉ីដងវែ លោកតា គង់ ណៃ ផ្ដាំក្មេងជំនាន់ក្រោយឱ្យថែរក្សាទម្រង់ចាប៉ីឱ្យបានគង់វង្ស ដោយលោកបានបញ្ជាក់ថា ពេលវេលារបស់លោកមិនយូរអង្វែងទៀតនោះទេ។
រីឯលោកតា ហ៊ុន ហេង ដែលជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី បានផ្ដល់ដំបូន្មានដល់ក្មេងជំនាន់ក្រោយឱ្យខំសង្វាតសិក្សារៀនសូត្រ និងតស៊ូជន្នះគ្រប់ឧបសគ្គក្នុងជីវិត បើទោះជាខ្លួនក្រក្រីយ៉ាងណាក្ដី។ លោក អៀង ស៊ីធុល ដែលជាសិល្បករពហុជំនាញល្បីល្បាញមួយរូបដែរនោះ បានប្រាប់យុវជនឱ្យសួរខ្លួនឯង៤សំណួរថា តើពួកគេមកពីណា? ហើយទៅណា? ធ្វើអ្វី? ដើម្បីអ្វី? លោកបញ្ជាក់ថា បើជនណាអាចឆ្លើយសំណួរទាំង៤នេះបាន នោះគោលដៅជីវិតរបស់គេក៏នឹងរកឃើញ ហើយគេក៏ដើរឆាប់ទៅដល់ដែរ៕