«ខ្ញុំត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ។ ខ្ញុំសម្រេចចិត្តលាលែងពីតំណែងជាប្រធានបក្សប្រជាធិបតេយ្យនៅពេលនេះ»។ ទីភ្នាក់ងារព័ត៌មាន Reuters ស្រង់សម្តីលោក អាប់ភីស៊ីត បែបនេះពេលដែលលោកថ្លែងទៅកាន់អ្នកគាំទ្រនៅយប់ថ្ងៃអាទិត្យ ខណៈដែលការរាប់សន្លឹកឆ្នោតកំពុងបន្តទៅមុខ។
តាមលទ្ធផលបោះឆ្នោតបឋមដែលចេញផ្សាយដោយគណៈកម្មការរៀបចំការបោះឆ្នោតថៃ ក្រោយរាប់សន្លឹកឆ្នោតបាន ៩១ ភាគរយ គណបក្សនយោបាយនាំមុខគេពីរក្នុងការបោះឆ្នោតនេះ មានដូចជាគណបក្សគាំទ្រក្រុមយោធា កម្លាំងប្រជារាស្ត្រ ដែលទទួលបានសំឡេងលើស ៧,៣ លាន និង គណបក្សភឿថៃ ដែលបានសំឡេងគាំទ្រតិចជាងបក្សគាំទ្រក្រុមយោធាប្រហែលជិត ៥សែនសំឡេងនោះ។ ចំណែកគណបក្សប្រជាធិបតេយ្យរបស់លោក អាប់ភីស៊ីត បានត្រឹមលេខរៀងទីបីប៉ុណ្ណោះដោយទទួលបានសំឡេងគាំទ្រប្រហែលជាង ៣លានសំឡេង។
ដោយឡែក គណៈកម្មការបោះឆ្នោតថៃ បានប្រកាសថា ខ្លួននឹងផ្សាយលទ្ធផលបឋមនៅព្រឹកថ្ងៃចន្ទ រួមទាំងអាសនៈសរុបនៅរដ្ឋសភាដែលគណបក្សនីមួយៗទទួលបានក្នុងការបោះឆ្នោតនេះ។
ទោះជាយ៉ាងណាក៏ដោយ វាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលគណបក្សរបស់លោក ប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រច្រើន និងនាំមុខគេក្នុងការបោះឆ្នោតប្រជាធិបតេយ្យលើកដំបូងរាប់ចាប់ពីមានរដ្ឋប្រហារយោធាឆ្នាំ ២០១៤។ ទោះគ្មានគណបក្សនេះមិនឈ្នះឆ្នោតបានសំឡេងភាគច្រើនលើសលុបក្តី វាក៏បង្ហាញឲ្យឃើញពីលទ្ធភាពកាន់តែខ្ពស់ដែលលោក ប្រាយុទ្ធ ដែលកំពុងដឹកនាំរដ្ឋាភិបាលយោធា នឹងអាចប្រែក្លាយជានាយករដ្ឋមន្ត្រិនៃរដ្ឋាភិបាលស៊ីវិលវិញដែរ។
យោងតាមរដ្ឋធម្មនុញ្ញថ្មីឆ្នាំ ២០១៧ ដែលចងក្រងឡើងដោយក្រុមយោធា ប្រព័ន្ធបោះឆ្នោតថៃត្រូវបានផ្លាស់ប្តូរដោយមានទំនោរទៅរកក្រុមយោធាតាមរយៈការផ្តល់អំណាចច្រើនដល់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយក្រុមយោធា ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។
សមាជិកព្រឹទ្ធសភា ២៥០នាក់ផ្សេងទៀតនឹងចូលរួមជាមួយសមាជិកសភា ៥០០នាក់ដើម្បីជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី។ ទោះជាដណើ្តមបានអាសនៈភាគច្រើនក្នុងសភាក៏ដោយ វាប្រហែលជាមិនល្មមនឹងអាចឈ្នះបានតំណែងនាយករដ្ឋមន្ត្រីនិងបង្កើតរដ្ឋាភិបាលឡើយ។ តាមនីតិវិធី ដើម្បីអាចឲ្យបេក្ខជនខ្លួនក្លាយជានាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលបាន គណបក្សនោះត្រូវការការគាំទ្រពីសមាជិកសភាជាន់ទាប និងជាន់ខ្ពស់យ៉ាងហោចណាស់ ៣៧៦ ក្នុងចំណោមសមាជិកទាំងអស់ ៧៥០ នាក់ឯណោះ។
-គណបក្សភឿថៃ ចង់បានរដ្ឋាភិបាលចម្រុះ តែមិនគាំទ្រលោក ប្រាយុទ្ធ ឡើយ
ដោយសារគ្មានគណបក្សណាមួយឈ្នះបានសំឡេងភាគច្រើនលើសលុប គណបក្សដែលបានសំឡេងច្រើនប្រហែលជានឹងចាប់ដៃគ្នាដើម្បីឈានទៅបង្កើតរដ្ឋាភិបាល។ តាមរដ្ឋធម្មនុញ្ញ គណបក្សកម្លាំងប្រជារាស្ត្ររបស់លោក ប្រាយុទ្ធ មានសំឡេងគាំទ្រ ២៥០ ក្នុងព្រឹទ្ធសភារួចជាស្រេចហើយនៅពេលនេះ។ ដូច្នេះគណបក្សនេះត្រូវរកសំឡេងបន្ថែមត្រឹម ១២៦ ពីរដ្ឋសភាប៉ុណ្ណោះដើម្បីអាចបានសំឡេងគ្រប់គ្រាន់ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលមួយ។
ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា បេក្ខជននាយករដ្ឋមន្ត្រីបក្សភឿថៃ លោកស្រី Sudarat Keyuraphan បានបង្ហើបថា គណបក្សលោកស្រីគាំទ្រការបង្កើតរដ្ឋាភិបាលចម្រុះដែរ ប៉ុន្តែលោកស្រីបញ្ជាក់ច្បាស់ថា បក្សលោកស្រីនឹងមិនចូលរួមជាមួយសម្ព័ន្ធនយោបាយណាដែលគាំទ្រ លោក ប្រាយុទ្ធ ឡើយ។
ចំណែកលោក អាភីស៊ីត កន្លងមកក៏ធ្លាប់បង្ហាញជំហរដែរថា លោកមិនគាំទ្រលោក ប្រាយុទ្ធជានាយករដ្ឋមន្ត្រីឡើយ។ ប៉ុន្តែក្រោយការចាកចេញរបស់លោកនៅពេលនេះ វានឹងអាចមានការប្រែប្រួលក្នុងការតាំងជំហររបស់បក្សផងដែរ។ វាអាចមានករណីដែលគណបក្សប្រជាធិបតេយ្យនឹងចូលរួមជាមួយគណបក្សលោក ប្រាយុទ្ធ៕