អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាប់​ភី​ស៊ីត លាលែង​ពី​ប្រធាន​បក្ស​ប្រជាធិបតេយ្យ ក្រោយ​ចាញ់ឆ្នោត​
24, Mar 2019 , 10:28 pm        
រូបភាព
លោក អាប់ភីស៊ី ពេលជួបជាមួយអ្នកកាសែតព្រឹកថ្ងៃអាទិត្យពេលទៅបោះឆ្នោត (AFP)
លោក អាប់ភីស៊ី ពេលជួបជាមួយអ្នកកាសែតព្រឹកថ្ងៃអាទិត្យពេលទៅបោះឆ្នោត (AFP)
ដោយ: ថ្មីៗ
លោក អា​ប់ភី​ស៊ី វី​ចា​ជីវ៉ា ប្រកាស​លាលែង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជា​ផ្លូវការ​នៅ​យប់​ថ្ងៃអាទិត្យ​ទី ២៤ ខែមីនា ខណៈដែល​លទ្ធផល​បោះឆ្នោត​បឋម​បង្ហាញ​ឲ្យ​ឃើញថា គណបក្ស​លោក​ចាញ់ឆ្នោត​យ៉ាងដំណំ​។ អតីតនាយករដ្ឋមន្ត្រី​រូបនេះ កន្លងមកក៏ធ្លាប់​បញ្ជាក់​ថា លោក​មិន​គាំទ្រ​លោក ប្រា​យុទ្ធ ចន្ទ អូ​ចា​ នៃគណ​បក្ស​កម្លាំង​ប្រជារាស្ត្រ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ឡើយ។​ តែការចាកចេញ​របស់លោកប្រហែលជាធ្វើឲ្យមានការផ្លាស់ប្តូរជំហររបស់គណបក្សប្រជាធិបតេយ្យក្នុងការឈានទៅ​ចាប់ដៃជាមួយគណបក្សរណប​ក្រុមយោធាដែរ។



«ខ្ញុំត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ។ ខ្ញុំសម្រេចចិត្តលាលែងពីតំណែងជា​ប្រធានបក្សប្រជាធិបតេយ្យនៅពេលនេះ»។ ទីភ្នាក់ងារព័ត៌មាន Reuters ស្រង់​សម្តីលោក អាប់ភីស៊ីត បែបនេះ​ពេលដែល​លោកថ្លែងទៅកាន់អ្នកគាំទ្រនៅយប់ថ្ងៃអាទិត្យ​ ខណៈដែលការរាប់​សន្លឹកឆ្នោតកំពុង​បន្តទៅមុខ។ 

តាមលទ្ធផលបោះឆ្នោតបឋមដែលចេញផ្សាយដោយគណៈកម្មការរៀបចំការបោះឆ្នោតថៃ ក្រោយ​រាប់សន្លឹកឆ្នោតបាន ៩១ ភាគរយ​​ គណបក្សនយោបាយនាំមុខគេពីរក្នុងការបោះឆ្នោត​នេះ ​មានដូចជា​គណបក្សគាំទ្រក្រុមយោធា​ កម្លាំងប្រជា​រាស្ត្រ ដែលទទួលបានសំឡេងលើស ៧,៣ លាន និង គណបក្សភឿថៃ ដែលបានសំឡេងគាំទ្រតិចជាងបក្សគាំទ្រក្រុមយោធាប្រហែលជិត ៥សែនសំឡេងនោះ។  ចំណែកគណបក្សប្រជាធិបតេយ្យរបស់លោក អាប់ភីស៊ីត បានត្រឹមលេខរៀងទីបីប៉ុណ្ណោះដោយ​ទទួលបានសំឡេងគាំទ្រប្រហែលជាង ៣លានសំឡេង។

ដោយឡែក គណៈកម្មការបោះឆ្នោតថៃ បានប្រកាសថា ខ្លួននឹងផ្សាយលទ្ធផលបឋមនៅព្រឹកថ្ងៃចន្ទ រួមទាំងអាសនៈសរុបនៅរដ្ឋសភា​ដែលគណបក្ស​នីមួយ​ៗទទួលបាន​ក្នុងការបោះឆ្នោត​នេះ។ 

អត្ថបទទាក់ទង


ទោះជា​យ៉ាងណាក៏ដោយ​ វាជារឿងគួរឲ្យភ្ញាក់ផ្អើល​មួយ ដែលគណបក្សរបស់លោក ប្រាយុទ្ធ​ ទទួលបានសំឡេងគាំទ្រច្រើន និងនាំមុខគេក្នុងការ​បោះឆ្នោត​ប្រជាធិបតេយ្យលើកដំបូងរាប់ចាប់ពី​មានរដ្ឋ​ប្រហារ​យោធា​ឆ្នាំ ២០១៤។ ទោះគ្មានគណបក្សនេះមិន​ឈ្នះឆ្នោតបានសំឡេងភាគច្រើនលើសលុបក្តី វាក៏បង្ហាញឲ្យឃើញពីលទ្ធភាពកាន់​តែខ្ពស់​ដែលលោក ប្រាយុទ្ធ​ ដែលកំពុងដឹកនាំ​រដ្ឋាភិបាលយោធា​ នឹងអាចប្រែក្លាយជានាយករដ្ឋមន្ត្រិនៃ​រដ្ឋាភិបាលស៊ីវិលវិញដែរ។ 
 
យោងតាមរដ្ឋធម្មនុញ្ញ​ថ្មី​ឆ្នាំ ២០១៧ ដែល​ចងក្រង​ឡើង​ដោយ​ក្រុម​យោធា​ ​ប្រព័ន្ធ​បោះឆ្នោតថៃត្រូវបានផ្លាស់ប្តូរដោយមានទំនោរទៅរក​ក្រុម​យោធា​តាមរយៈ​ការផ្តល់​អំណាច​ច្រើន​ដល់​សមាជិក​ព្រឹទ្ធសភា​ដែល​តែងតាំង​ដោយ​ក្រុម​យោធា ក្នុងការ​ជ្រើសរើស​នាយ​ក​រដ្ឋមន្ត្រីថ្មី​។ 
 
សមាជិក​ព្រឹទ្ធសភា ២៥០​នាក់​ផ្សេងទៀតនឹង​ចូលរួម​ជាមួយ​សមាជិក​សភា ៥០០​នាក់​ដើម្បី​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​។ ទោះជា​ដ​ណើ្ត​ម​បាន​អាសនៈ​ភាគច្រើន​ក្នុង​សភា​ក៏ដោយ វា​ប្រហែលជា​មិន​ល្មម​នឹង​អាច​ឈ្នះ​បាន​តំណែង​នាយករដ្ឋមន្ត្រី​និង​បង្កើត​រដ្ឋាភិបាល​ឡើយ​។​  តាមនីតិវិធី ដើម្បី​អាចឲ្យបេក្ខជនខ្លួនក្លាយជានាយករដ្ឋមន្ត្រី និង​បង្កើត​រដ្ឋាភិបាលបាន គណបក្ស​នោះ​ត្រូវការ​ការគាំទ្រ​ពី​សមាជិកសភា​ជាន់​ទាប​ និង​ជាន់ខ្ពស់​យ៉ាងហោចណាស់ ៣៧៦ ក្នុងចំណោម​សមាជិក​ទាំងអស់ ៧៥០​ នាក់​ឯណោះ។   

-គណបក្ស​ភឿថៃ ចង់បានរដ្ឋាភិបាលចម្រុះ តែមិន​គាំទ្រលោក ប្រាយុទ្ធ ឡើយ 

ដោយសារគ្មានគណបក្សណាមួយឈ្នះបានសំឡេងភាគច្រើនលើសលុប គណបក្សដែល​បានសំឡេងច្រើនប្រហែលជានឹងចាប់ដៃគ្នាដើម្បីឈានទៅបង្កើតរដ្ឋាភិបាល។  តាមរដ្ឋធម្មនុញ្ញ គណបក្ស​កម្លាំង​ប្រជារាស្ត្រ​របស់លោក ប្រា​យុទ្ធ មាន​សំឡេងគាំទ្រ ២៥០ ក្នុង​ព្រឹទ្ធសភា​រួចជាស្រេច​ហើយ​នៅពេលនេះ​។ ដូច្នេះគណបក្ស​នេះ​ត្រូវ​រក​សំឡេង​បន្ថែម​ត្រឹម ១២៦ ពី​រដ្ឋសភា​ប៉ុណ្ណោះ​ដើម្បី​អាច​បាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី និង​បង្កើត​រដ្ឋាភិបាលមួយ​។ 
ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា បេក្ខជន​នាយករដ្ឋមន្ត្រី​បក្ស​ភឿ​ថៃ លោកស្រី Sudarat Keyuraphan បាន​បង្ហើប​ថា គណបក្ស​លោកស្រី​គាំទ្រ​ការបង្កើត​រដ្ឋាភិបាលចម្រុះ​ដែរ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ច្បាស់​ថា បក្ស​លោកស្រី​នឹងមិន​ចូលរួម​ជាមួយ​សម្ព័ន្ធ​នយោបាយ​ណា​ដែល​គាំទ្រ លោក ប្រា​យុទ្ធ ឡើយ​។ 
 
​ចំណែក​លោក អា​ភី​ស៊ីត កន្លងមក​ក៏​ធ្លាប់​បង្ហាញ​ជំហរ​ដែរ​ថា លោក​មិន​គាំទ្រ​លោក ប្រា​យុទ្ធ​ជា​នាយករដ្ឋមន្ត្រី​ឡើយ​។ ប៉ុន្តែ​ក្រោយ​ការចាកចេញ​របស់លោក​នៅពេលនេះ វា​នឹង​អាចមាន​ការប្រែប្រួល​ក្នុង​ការតាំង​ជំហរ​របស់​បក្ស​ផងដែរ​។  វាអាចមានករណីដែលគណបក្សប្រជាធិបតេយ្យនឹង​ចូលរួមជាមួយគណបក្សលោក ប្រាយុទ្ធ៕
 

  

© រក្សាសិទ្ធិដោយ thmeythmey.com